Saturday, April 20, 2024
Homeព័ត៌មានជាតិខ្លាំងណាស់!!! បាញ់តដៃជាមួយប៉ូលិស៤គ្រាប់ ប៉ូលិសបាញ់បាក់ដៃ ទើបចាប់បាន

ខ្លាំងណាស់!!! បាញ់តដៃជាមួយប៉ូលិស៤គ្រាប់ ប៉ូលិសបាញ់បាក់ដៃ ទើបចាប់បាន

ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ រួចព្យាយាមជិះរត់គេចខ្លួន តែត្រូវម្ចាស់ម៉ូតូឃើញទាន់ ក៏ប្តឹងសមត្ថកិច្ចប្រដេញតាមចាប់ខ្លួន ស្រាប់តែជនសង្ស័យបានព្យាយាមដកកាំភ្លើងបាញ់តដៃជាមួយសមត្ថកិច្ច ទើបសមត្ថកិច្ចសម្រេចផ្ទុះអាវុធបង្ក្រាប រហូតដល់ជនសង្ស័យបាក់ដៃរត់ចូលព្រៃ ទើបអាចចាប់ឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីចោរលួចម៉ូតូបាញ់តដៃប៉ូលិស និងត្រូវប៉ូលិសបាញ់បាក់ដៃនេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិកូនសត្វ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។

ជនរងគ្រោះជាម្ចាស់ម៉ូតូនោះ មានឈ្មោះ ចាប ចិន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិកូនសត្វ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ។ ដោយឡែក ជនសង្ស័យដែលត្រូវសមត្ថកិច្ចបាញ់បាក់ដៃ មុននឹងឈានដល់ការចាប់ឃាត់ខ្លួន មានឈ្មោះណុប វីរៈ ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិ អណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូរបស់ជនរងគ្រោះ ឈ្មោះចាប ចិន និងបានព្យាយាមបើកម៉ូតូគេចខ្លួនចេញពីភូមិសាស្ត្រខាងលើ តែត្រូវម្ចាស់ម៉ូតូប្រទះឃើញក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តាមទាន់ជនសង្ស័យ នៅចំណុចខាងជើងសាលាស្រុកប្រាសាទបាគង ស្រាប់តែភ្លាមនោះ ជនសង្ស័យដែលមានកាំភ្លើងខ្លីជាប់ខ្លួនផងនោះ បានធ្វើការបាញ់ប្រហារសំដៅមកលើសមត្ថកិច្ចចំនួន៤គ្រាប់ តែមិនបណ្តាលឱ្យរងរបួសនោះទេ។

ប្រភពដដែលបន្តថា នៅពេលឃើញជនសង្ស័យមានអាវុធជាប់ខ្លួន និងថែមទាំងបានបើកការបាញ់ប្រហារមកលើសមត្ថកិច្ចបែបនេះ ទើបសមត្ថកិច្ចបានសម្រេចផ្ទុះអាវុធ ដើម្បីបង្ក្រាបជនសង្ស័យ ដោយបានបាញ់១គ្រាប់ ចំដៃខាងស្តាំរបស់ជនសង្ស័យ បណ្តាលឱ្យរងរបួស ទើបជនសង្ស័យបានទុកម៉ូតូចោល ព្យាយាមរត់ចូលព្រៃគេចខ្លួន តែទីបំផុត សមត្ថកិច្ចបានឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យរហូតទាល់តែបានតែម្តង និងបានរឹបអូសវត្ថុតាងម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យបានធ្វើសកម្មភាពលួចយក និងកាំភ្លើងខ្លីម៉ាក K59 ចំនួន១ដើម។

ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តទៅតាមនីតិវិធី៕

RELATED ARTICLES