Saturday, April 27, 2024
Homeព័ត៌មានជាតិសមត្ថកិច្ចចាប់វាយខ្នោះគូសង្សារ ព្រោះរកសុីចំណេញផង ប្រើប្រាស់ផង

សមត្ថកិច្ចចាប់វាយខ្នោះគូសង្សារ ព្រោះរកសុីចំណេញផង ប្រើប្រាស់ផង

ភ្នំពេញ ៖ បុរសនិងស្រ្តីជាគូសង្សារនឹងគ្នា ត្រូវកម្លាំងនគរបាលល្បាតប្រទះឃើញពេលឈរលក់ថ្នាំញៀនតាមផ្លូវ និងឃាត់ឆែកឆេរ រកឃើញក្រាមសថ្លា ចំនួន៣កញ្ចប់ ថង់តូច ការឃាត់ខ្លួននេះធ្វើឡើងកាលវេលាម៉ោង០០និង៣០នាទីកណ្ដាលអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ជនសង្ស័យឈ្មោះសុខ រតនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់ខ្លួនពីបទ (ជួញដូរ) ហើយនារីសង្សារមានឈ្មោះង្វៀង ធីង៉ុក ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនពីបទ (ប្រើប្រាស់) ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេទាំង២បានទិញថ្នាំញៀនចំនួន៣កញ្ចប់ថង់តូច ក្នុងតម្លៃ៤៥០០០រៀល យកមកលក់ក្នុងតម្លៃ២មឺុនរៀលបានចំនេញផង និងបានប្រើប្រាស់ជាមួយសង្សារផង តែពេលកំពុងឈរលក់គ្រឿងញៀន ក៏ត្រូវឃាត់ខ្លួនតែម្ដង ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកប្រា ខណ្ឌច្បារអំពៅបានប្រាប់ថា ដោយកម្លាំងបានល្បាតក្នុងមូលដ្ឋាននៅតំបន់ស្មុកស្មាញ និងងាយស្រួលកើតបទល្មើស ហើយលុះមកដល់ចំណុចខាងលើក៏ប្រទះឃើញបុរសនិងស្រ្តីម្នាក់ឈរនៅក្រោមដើមឈើ ហើយក៏មានការសង្ស័យ ក៏ឃាត់សាកសួរនាំ និងឆែកឆេរត្រួតពិនិត្យរកឃើញថ្នាំម្សៅក្រាមសថ្លាចំនួន៣កញ្ចប់ថង់តូច ដែលជនសង្ស័យបោះចោលក្បែរជើង រួចក៏ឃាត់បុរសជនសង្ស័យនិងស្រី្តរូបនោះ យកមកប៉ុស្តិ៍ រួចក៏សមត្ថកិច្ចយើងសាកសួរ បានឆ្លើយសារភាពថា បានទិញថ្នាំញៀនយកមកលក់បន្ត តែពេលមិនទាន់បានលក់ផង ក៏ត្រូវសមត្ថកិច្ចចាប់បាន និងធ្វើការដកហូតវត្ថុតាងក្រាមសថ្លាចំនួន៣កញ្ចប់ថង់តូច សង្ស័យមានសារធាតុញៀន និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

RELATED ARTICLES