Wednesday, April 24, 2024
Homeព័ត៌មានជាតិបើស្រលាញ់ដូចកូនស្រីបង្កើតពិតមែន មិនគួរប្រព្រឹត្តចឹងទេ គ្នានៅក្មេងណាស់

បើស្រលាញ់ដូចកូនស្រីបង្កើតពិតមែន មិនគួរប្រព្រឹត្តចឹងទេ គ្នានៅក្មេងណាស់

ភ្នំពេញ ៖ បុរសជាឪពុកចុងម្នាក់ តែងឆ្លៀតឱកាសស្ងាត់ចាប់ឱបថើប និងលូកស្ទាបអង្អែលលេងប្រដាប់ភេទកូនស្រីអាយុ៧ឆ្នាំ ជាញឹកញាប់ រហូតដល់ធ្វើឱ្យស្ត្រីជាជីដូនក្មេងស្រីរងគ្រោះ ទ្រាំមិនបាន ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីឪពុកចុងបៀតបៀនកេរ្តិ៍ខ្មាសកូនស្រីនេះ បានកើតឡើងជាច្រើនលើកច្រើនសាមកហើយ ពោលគឺតាមពីអំឡុងខែកញ្ញា ឆ្នាំ២០១៧ មកម៉្លេះ នៅចំណុចផ្ទះជួលក្មេងស្រីរងគ្រោះតាមផ្លូវលំ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវជីដូនក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

 

ជនសង្ស័យល្មោភកាមជាឪពុកចុង ដែលស្ទាបលេងប្រដាប់ភេទកូនស្រីជាញឹកញាប់នោះ មានឈ្មោះទុម គា អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងមានស្រុកកំណើតនៅភូមិក្រសាំងគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ឃ.ច.ល អាយុ៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះកើតហេតុខាងលើ។

 

តាមសម្តីស្ត្រីឈ្មោះលី វ៉ាន់ អាយុ៦៣ឆ្នាំ មុខរបរនៅផ្ទះមើលថែចៅ មានស្រុកកំណើតនៅភូមិរកា ឃុំរកាលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា គាត់មានកូនស្រីឈ្មោះ សាន់ ស្រីនាង អាយុ២៩ឆ្នាំ មុខរបរលក់សម្លៀកបំពាក់។ កន្លងមកកូនស្រីនេះ បានរៀបការជាមួយបុរសម្នាក់ និងរួមរស់បង្កើតបានកូនចំនួន៣នាក់ (ប្រុស១ស្រី២) ក្នុងនោះចៅស្រីរងគ្រោះ គឺជាកូនទី២ តែក្រោយមកនៅអំឡុងឆ្នាំ២០១៤ ដោយសារតែការរស់នៅហាក់មិនសូវចុះសម្រុងនឹងគ្នា ទើបពួកគេទាំង២នាក់ បានសម្រេចចែកផ្លូវគ្នារៀងខ្លួនទៅ។ បន្ទាប់មក នៅអំឡុងឆ្នាំ២០១៥ កូនស្រីមេម៉ាយកូន៣នេះ បានស្គាល់ជាមួយបុរសឈ្មោះទុម គា (ជនសង្ស័យ) រួចក៏បានចាប់ដៃគ្នារួមរស់ រហូតមកដល់បច្ចុប្បន្ន ដោយមិនមានកូនចៅជាមួយគ្នានៅឡើយទេ។

 

ស្ត្រីជាជីដូនក្មេងស្រីរងគ្រោះ បន្តថា ជនសង្ស័យជាឪពុកចុងនេះ ធ្លាប់បានប្រព្រឹត្តមកលើចៅស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) ម្តងរួចមកហើយ ដោយកាលណោះ (មិនចាំថ្ងៃខែច្បាស់) គាត់បានឃើញចៅស្រីមានប្រឡាក់ទឹកកាមនៅលើខ្លួន ហើយពេលនោះចៅស្រីគាត់បានស្រែកយំថា ឈឺប្រដាប់ភេទខ្លាំងណាស់ ទើបគាត់បាននាំចៅស្រីទៅលាងសម្អាតខ្លួនប្រាណ និងបានសង្ស័យទៅលើបុរសជាឪពុកចុងនេះដែរ តែគ្មានភ័ស្តុតាងដាក់បន្ទុក។ បន្ទាប់មក នៅអំឡុងខែកញ្ញា ឆ្នាំ២០១៧ (មិនចាំថ្ងៃ) គាត់បានប្រទះឃើញជនសង្ស័យជាឪពុកចុងនោះ ចាប់ចៅស្រីដោយយកដៃស្ទាបប្រដាប់ភេទ និងឱបថើបទៀត ហើយភ្លាមនោះ គាត់ក៏បានស្ទុះទៅចាប់យកចៅស្រីចេញពីដៃឪពុកចុងវិញ។

ស្ត្រីជាជីដូនរូបនេះ បានឱ្យដឹងទៀតថា  រហូតមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ទើបគាត់ដាច់ចិត្តនាំចៅស្រីមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ខណ្ឌច្បារអំពៅ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ជនសង្ស័យជាឪពុកចុងដាក់ទោសទណ្ឌតាមផ្លូវច្បាប់ ព្រោះបើទុកឱ្យបន្តរស់នៅក្នុងគ្រួសារនេះ គង់តែចៅស្រីគាត់អាចនឹងមានគ្រោះថ្នាក់ដល់ជីវិតនៅថ្ងៃណាមួយមិនខាន។

ស្ត្រីជាជីដូន បញ្ជាក់ថា ក្រោយពេលគាត់ត្រឡប់មកពីដាក់ពាក្យបណ្តឹង និងកំពុងដឹកដៃចៅស្រីត្រលប់ទៅផ្ទះវិញ ស្រាប់តែលេចមុខជនសង្ស័យជាឪពុកចុងនោះ បានមកជេរប្រមាថ និងប្រើហិង្សាមកលើរូបគាត់ជាម្តាយក្មេកថែមទៀត ទើបគាត់បានរាយការណ៍ជូនសមត្ថកិច្ចម្តងទៀត ក្រោយមកក៏មានសមត្ថកិច្ចចុះមកនាំខ្លួនជនសង្ស័យយកទៅប៉ុស្តិ៍តែម្តង។

ជនសង្ស័យឈ្មោះទុម គា បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា រូបគេពិតជាបានស្ទាបអង្អែលលើប្រដាប់ភេទ និងឱបថើបកូនស្រីចុងនេះប្រាកដមែន តែក្នុងន័យស្រលាញ់ដូចជាកូនស្រីបង្កើតទេ មិនមានបំណងរំលោភសេពសន្ថវៈលើអនីតិជនដូចការចោទប្រកាន់របស់ម្តាយក្មេកទេ ហើយពីមុនមក រូបគេក៏មិនធ្លាប់ប្រព្រឹត្តអ្វីលើកូនស្រីចុងគាត់ដែរ ហើយការស្រលាញ់ ឱបថើបជាសេចក្តីស្រលាញ់រវាងឪពុក និងកូនប៉ុណ្ណោះ។

លោកម៉ៅ សឿត អធិការរងទទួលផែនយុត្តិធម៌ខណ្ឌច្បារអំពៅ បានបញ្ជាក់ប្រាប់ថា មុនកើតហេតុស្ត្រីជាយាយក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្តឹងប្តឹងចោទទៅលើឪពុកចុងចាប់កូនស្រីឱបថើប និងស្ទាបប្រដាប់ភេទ ហើយពេលទៅផ្ទះវិញ ស្រាប់តែឪពុកចុងបានគំរាមកំហែង និងប្រើហិង្សាទៅស្ត្រីជាជីដូន ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនបុរសជាឪពុកចុងនោះ មកសាកសួរ ហើយបុរសជាឪពុកចុងបានឆ្លើយ សារភាពខ្លួនបានប្រព្រឹត្តយកដៃស្ទាបអង្អែលប្រដាប់ភេទ និងឱបថើបលើកូនស្រីចុងប្រាកដមែន។

លោកអធិការរង បញ្ជាក់ថា ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យពីបទអំពើអាសប្រឆាំងជាមួយអនីតិជន ក្រោមអាយុ១៥ឆ្នាំ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES