បុរសម្នាក់ត្រូវមិត្តភក្តិដឹកតាមរុឺម៉កយកទម្លាក់ចោល ក្រោយផឹកស្រាបៀអស់១៦កំប៉ុង និងត្រូវម៉ូតូបុក

0
336

ភ្នំពេញ ៖ បុរសម្នាក់ផឹកស៊ីជាមួយមិត្តភក្តិអស់ស្រាបៀរ​១៦កំប៉ុង ដើរឆ្លងផ្លូវទៅបត់ជើងតូចមិនបានប្រយ័ត្នត្រូវម៉ូតូមិនស្គាល់ម៉ាក បុក​ដួលសន្លប់ ត្រូវមិត្តភក្តិដឹកតាមរ៉ឺម៉កម៉ូតូ​យកទៅព្យាបាលនៅគ្លីនិកជិតនឹងកន្លែងកើតហេតុ ត្រូវគ្លីនិកមិនទទួលព្យាបាល មិនដឹងដឹកយកទៅ ណា បានដឹកយកទៅទម្លាក់ចោលនៅតាមចិញ្ចើមផ្លូវ ធ្វើឲ្យផ្អើលថា មនុស្សខ្យល់គស្លាប់ ​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី យប់ ថ្ងៃទី២៩  ខែវិច្ឆិកា  ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១១៨ កែងផ្លូវ១៧ នៅចំណុចមុខហាងកាហ្វេចាន់ ធូ ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់មានឈ្មោះ ស្លា ទុំ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅកោះដាច់ ខេត្តកណ្តាល បានផឹកស៊ីជាមួយមិត្តភក្តិជាអ្នករត់រ៉ឺម៉កម៉ូតូ​ដូចគ្នា តាំងពីម៉ោង៧​យប់ថ្ងៃកើតហេតុ ដោយ​ជនរងគ្រោះផឹកអស់ស្រាបៀរចំនួន១៦កំប៉ុង ក៏ដើរទៅបត់ជើងតូច ចៃដន្យ​អីត្រូវម៉ូតូមិនស្គាល់ម៉ាក​បើកក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត ចាប់ហ្វ្រាំងអត់ទាន់ ក៏ជ្រុលទៅបុកបុរសដែលដើរឆ្លងផ្លូវបណ្តាលឲ្យដួលរងរបួសសន្លប់ស្លូកស្តឹងនៅកន្លែងកើតហេតុ ភ្លាមៗនោះដែលមិត្តភក្តិរបស់ជនរងគ្រោះបានដឹក​ជនរងគ្រោះ​តាមរ៉ឺម៉កម៉ូតូ​យកទៅគ្លីនិកមួយ ដែលនៅជិតនឹងកន្លែងកើតហេតុ ប៉ុន្តែ​ខាងគ្លីនិកប្រាប់ថាមិនមានជំនាញទេ ឲ្យ​បញ្ចូនទៅកាន់មន្ទីរពេទ្យផ្សេងទៅ ។

ប្រភពដដែលបន្តទៀតថា បន្ទាប់មកមិត្តភក្កិរបស់ជនរងគ្រោះ​មិនបានដឹកជនរងគ្រោះយក ទៅមន្ទីរពេទ្យនោះទេ គឺ​ដឹកយកមកទម្លាក់ចោលនៅតាមចិញ្ចើមផ្លូវ ធ្វើឲ្យ​ប្រជាពល​រដ្ឋនាំគ្នាចោមរោមមើលស្មានតែមានមនុស្សដេកខ្យល់គស្លាប់ រហូតផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ ហើយទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកយកទៅ​ព្យាបាល។

ក្រោយពេលកើតហេតុរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត បានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាល ៕