Friday, April 26, 2024
Homeកីឡាជាតិស៊ន សៀវមុី បាន១មុឺនដុល្លារ ក្រោយវះកាត់ជង្គង់

ស៊ន សៀវមុី បាន១មុឺនដុល្លារ ក្រោយវះកាត់ជង្គង់

ភ្នំពេញ ៖ ក្រោយទទួលរងរបួសជង្គង់នៅក្នុងការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ហើយបានយកឈ្នះកីឡាការិនីហ៊្វីលីពីន ដណ្តើមបានមេដាយមាស កាលពីពេលកន្លងទៅនោះ កីឡាការិនីតេក្វាន់ដូ ម្ចាស់មេដាយមាសស៊ន សៀវម៉ី បានធ្វើដំណើរទៅវះកាត់ជង្គង់នៅប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែពេលនេះ នាងបានមកដល់ប្រទេសកម្ពុជាវិញហើយ និងទទួលបានប្រាក់ឧបត្ថម្ភ១ម៉ឺនដុល្លារ ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កីឡាតេក្វាន់ដូ ម្ចាស់មេដាយមាសស៊ន សៀវម៉ី បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីទៅវះកាត់របួសជង្គង់នៅប្រទេសកូរ៉េខាងត្បូង។

មានវត្តមាននៅក្នុងប្រទេសកម្ពុជាវិញ មិនបានប៉ុន្មានថ្ងៃ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ក៏បានទទួលការឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ពិធីប្រគល់ប្រាក់ឧបត្ថម្ភនោះ បានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសូងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នេះបើតាមការបញ្ជាក់របស់លោករស់ សាលីម អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា។

លោករស់ សាលីម បានមានប្រសាសន៍ថា “បាទ! ជារួម ចំពោះកីឡាការិនីស៊ន សៀវម៉ី ជាវីរកីឡារបស់ជាតិយើង ហើយក្រសួងបានធ្វើការផ្ទាល់ជាមួយនឹងកីឡាការិនីស៊ន សៀវម៉ី ហើយក៏ដូចជាគ្រូដែរ ហើយយើងមានអគ្គនាយកដ្ឋានកីឡា ធ្វើការងារនេះផ្ទាល់តាមដាននូវអ្ចីដែលជាការរងរបួសហ្នឹង គឺយើងដឹងទាំងអស់គ្នា ទី១។ ទី២ ក្រសួងក៏បានពិនិត្យដែរក្នុងការបញ្ជូនហ្នឹង តើអាចទៅប្រកួតឬមិនបាន គឺមានការពិចារណារវាងគ្រូ និងកីឡាការិនីផ្ទាល់ ហើយទន្ទឹមហ្នឹង ឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសូងអប់រំ យុវជន និងកីឡា ក៏បានឧបត្ថម្ភថវិការផ្ទាល់ ចំនួន១ពាន់ដុល្លារ ជូនកីឡារិនីស៊ន សៀវម៉ី ដើម្បីធ្វើដំណើរទៅប្រកួត ក៏ដូចជាព្យាបាលនៅកូរ៉េ ហើយទន្ទឹមនឹង សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភប្រាក់១ម៉ឹនដុល្លារ ជូនកីឡាការិនី ស៊ន សៀវម៉ី ដែរ ដែលទឹកប្រាក់នោះ បានប្រគល់ជូននៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយសារកីឡាការិនីស៊ន សៀវម៉ី មុននឹងវះកាត់ គាត់ទៅប្រកួតនៅកូរ៉េ ប្រកួតហើយ បានគាត់វះកាត់ អីចឹងគាត់នៅកូរ៉េ ឯណោះ។ អីចឹងរង់ចាំគាត់ចួលពេទ្យពិនិត្យហើយថា ត្រូវវះឬមិនវះ រង់ចាំការវិនិច្ឆ័យរបស់ពេទ្យ បានពេទ្យចាប់ផ្តើមវះហើយ បានស៊ន សៀវម៉ី ត្រឡប់មកវិញ ហើយថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងថវិការបស់ឯកឧត្តមរដ្ឋមន្ត្រីនោះ គឺជូនទៅកីឡាស៊ន សៀវម៉ី តែម្តង”។

ចំពោះថវិការង្វាន់ចំនួន៤០លានរៀល លើមេដាយមាស នៅស៊ីហ្គេម លោករស់ សាលីម បានបញ្ជាក់ថា កីឡាការិនីស៊ន សៀវម៉ី ក៏ដូចជាកីឡាករកម្ពុជា លើវិញ្ញាសាផ្សេងៗទៀត ដែលបានទទួលមេដាយនៅស៊ីហ្គេមនោះ នៅមិនទាន់ទទួលបានទេ គឺអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំយុវជន និងកីឡា កំពុងរៀបចំដាក់សំណើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីយកថវិកាសរុបជាង១ពាន់៩រយលានរៀលនោះ មកបើកជូនកីឡាករដែលទទួលបានមេដាយ។

លោករស់ សាលីម បានមានប្រសាសន៍បន្តថា “ជារួម ថវិកាដែលគាត់ទៅប្រកួតនេះ កាលណាគាត់អញ្ជើញត្រឡប់មកវិញ ថវិកាដែលស្នើសុំនោះ គឺយើងស្នើសុំតាមនីតិវិធី គឺក្រសួងស្នើសុំទៅតាមនីតិវិធីហូរហែ ទៅក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយបានបើកប្រាក់រង្វាន់នោះមកផ្តល់ជូន ហើយឥឡូវនេះ អគ្គនាយកដ្ឋានកីឡា កំពុងធ្វើការជាមួយមន្ត្រីពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ដើម្បីធ្វើកិច្ចការផ្សេងៗ ចាំបាច់ដើម្បីឈានទៅដល់ការបើកប្រាក់ ហើយជូនទៅកីឡាករ-កីឡាការិនីរបស់យើង ដែលទទួលបានរង្វាន់កន្លងមកនោះ។ ថវិកានោះ ជារួម នៅស៊ីហ្គេម ក្នុងកម្រិតមេដាយមាស តាមខ្ញុំចាំ២ម៉ឺនដុល្លារ (៤០លានរៀល) ហើយការស្នើសុំនេះ មានកីឡាករទាំងអស់ មានកីឡាករ មេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធ ទាំងគ្រូទាំងអស់ហ្នឹង គឺយើងស្នើថវិកាទាំងអស់ហ្នឹងទៅជាមួយគ្នា។ ហើយក្រុមការងារក្រសួង កំពុងតែធ្វើការ ដើម្បីបើកឆាប់ៗនេះ ដោយទឹកប្រាក់សរុបជាងមួយពាន់ប្រាំបួនរយលានរៀល”។

គួរបញ្ជាក់ដែរថា ក្នុងពេលវះកាត់នៅប្រទេសកូរ៉េខាងត្បូងនោះ កីឡាការិនីស៊ន សៀវម៉ី ក៏ត្រូវបានលោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង និងសហការីអញ្ជើញទៅសួរសុខទុក្ខនាងដល់មន្ទីរពេទ្យផងដែរ ដែលធ្វើឱ្យនាងអរគុណ ហើយអរគុណដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភថវិកា ដល់នាងចំនួន១ម៉ឺនដុល្លារ។

កីឡាការិនី ស៊ន សៀវម៉ី ក៏បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់ថា “ការវះកាត់បានជោគជ័យ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភលើការចំណាយក្នុងការវះកាត់នេះ តាមរយៈឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហពន្ឋ័កីឡា តេក្វាន់ដូកម្ពុជា៕

RELATED ARTICLES