ប្តីប្រពន្ធខ្ចីរថយន្តគេទៅដាក់បញ្ចាំ ហើយព្យាយាមគេច តែទីបំផុតនៅតែ…

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធ បានខ្ចីរថយន្តរបស់បុរសម្នាក់ យកទៅជិះ រួចក៏បែកគំនិត យកទៅដាក់បញ្ចាំ ហើយព្យាយាមគេចវេះ មិនទទួលខុសត្រូវ ទីបំផុតម្ចាស់រថយន្តតាមរកឃើញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ ឈ្មោះរ័ត្ន វណ្ណៈ អាយុ២៧ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះលី លក្ខិណា ស្នាក់នៅផ្ទះជួលលេខ 105Eo ផ្លូវ លេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ចំណែកដើមបណ្តឹង មានឈ្មោះឱក សុខពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ។ ដោយឡែករថយន្ត ដែលជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខ្ចីយកទៅដាក់បញ្ចាំម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-1046 ជាកម្មសិទ្ធិរបស់ Mr MENG ជាម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អូ រ៉ូ ហ្វាយនែន (អូរ៉ូ) មានលំនៅផ្ទះលេខ១៤៧ ផ្លូវមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ទាក់ទងនឹងការឃាត់ខ្លួនជនសង្ស័យនេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានបញ្ជាក់ថា ធ្វើឡើងតាមបណ្តឹងរបស់ឈ្មោះឱក សុខពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ ដែលបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្តឹងលើឈ្មោះ រ័ត្ន វណ្ណៈ អាយុ២៧ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ លី លក្ខិណា ដែលបានរំលោភលើទំនុកចិត្ត ដោយបានខ្ចីរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2AE-1046 ជាកម្មសិទ្ធិ របស់ Mr MENG ម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អូ រ៉ូ ហ្វាយនែន (អូរ៉ូ) យកទៅបញ្ចាំ ហើយគេចវេះមិនព្រមទទួលខុសត្រូវ។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ មុននឹងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕