ក្មេងៗសោះ មិនគួរណាប្រព្រឹត្តបែបនេះ! ប៉ូលិសចាប់ខ្លួនយុវជនប្រុសស្រី១០នាក់ អប់រំ

ភ្នំពេញ ៖ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទី កម្លាំងសមត្ថកិច្ចដឹកនាំដោយលោកអនុសេនីយ៍ឯក តូច គឹមសុង នាយប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍ មន្ត្រីសាលាសង្កាត់ ប្រជាការពារ ប្រធានភូមិ ប្រធានក្រុមបានចុះធ្វើរដ្ឋបាលនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម០១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ ដោយយុវជនយុវតី ស្នាក់នៅពុំមានឯកសារជួលត្រឹមត្រូវ ១បន្ទប់ ១០នាក់ នាំទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

យុវជនដែលត្រូវប៉ូលិសចាប់យកទៅប៉ុស្តិ៍ ធ្វើការអប់រំនេះ ទី១-ឈ្មោះហេង ពេជ្រ ហៅ ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ទី២-ឈ្មោះ ខុម ដេវីត ភេទស្រី អាយុ១៦ឆ្នាំ ទី៣-ឈ្មោះ ខុម សុខជា ភេទស្រី អាយុ១៩ឆ្នាំ ទី៤-ឈ្មោះ ពើន ធារិត ភេទស្រី អាយុ១៧ឆ្នាំ ទី៥-ឈ្មោះ ភូន សារម្យ ភេទស្រី អាយុ១៧ឆ្នាំ ទី៦-ឈ្មោះ ដាត ស៊ីនួន ភេទស្រី អាយុ១៦ឆ្នាំ មកពីខេត្ត កំពង់ធំ ទី៧-ឈ្មោះចិត្ត ស្រីដា ហៅស្រីកា ភេទស្រី អាយុ១៦ឆ្នាំ ទី៨-ឈ្មោះលី សិរីនីតា ភេទស្រី អាយុ១៩ឆ្នាំ មកពីរាជធានីភ្នំពេញ ទី៩-ឈ្មោះសាន លី ហៅសាក ភេទប្រុស អាយុ ១៩ឆ្នាំ ទី១០-ឈ្មោះចិន ស្រីពៅ ហៅនី ភេទស្រី អាយុ១៧ឆ្នាំ មកពីខេត្តកំពង់ចាម ពួកគេទាំង ១០នាក់ ស្នាក់នៅក្នុងបន្ទប់ជួលរួមគ្នា តែពុំ រកឃើញអ្វីដែលល្មើសច្បាប់នោះទេ។

លុះពេលអាជ្ញាធរចុះធ្វើរដ្ឋបាលនៅចំណុចកើតហេតុខាងលើ ទើបចាប់នាំខ្លួនពួកគេទៅប៉ុស្តិ៍ ដើម្បីសាកសួរ និងធ្វើការពិនិត្យរកសារធាតុញៀនពីយុវជន និងយុវតីទាំង១០នាក់ ពុំមានសារធាតុញៀននៅក្នុងខ្លួន ទើបសមត្ថកិច្ចក្រាន់តែធ្វើការអប់រំ ហើយអនុញ្ញាតឱ្យពួកគេត្រឡប់ទៅកន្លែងស្នាក់នៅវិញ៕