ដាក់ខ្លាំងពេក បើកម៉ូតូជ្រុលបុកបង្កាន់ដៃស្ពានអាកាស​ បែកក្បាល

ភ្នំពេញ ៖ យុវជនម្នាក់ចេញពីផឹកស៊ីវិញ ស្រវឹងទោរទន់បានជិះម៉ូតូជ្រុលទៅទាក់ដៃចង្កូតជាមួយនិងបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្តាលអោយអ្នកបើកម៉ូតូដួលបោកក្បាលរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីអ្នកធ្វើដំណើរតាមផ្លូវបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសខាងលើ មិនដឹងថាចេញពីផឹកកន្លែងណានោះទេ គឺបានជិះម៉ូតូម៉ាក ស៊ុយសុគីនិច ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1FU-0377 បានធ្វើដំណើរតាមផ្លូវ ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ បានបន្ថែមល្បឿនម៉ូតូឡើងលើស្ពានអាកាសស្ទឹងមានជ័យ ប៉ុន្តែដោយសារតែអ្នកបើកបរស្រវឹងផងនោះ ធ្វើអោយម៉ូតូជ្រុលទៅទាក់ដៃចង្កូតជាមួយនិងបង្កាន់ដៃស្ពានអាកាស បណ្ដាលអាយអ្នកបើកម៉ូតូ ដួលបោកក្បាលទៅនឹងផ្លូវ រងរបួសបែកចិញ្ចើមហូរឈាមពេញ សន្លប់ស្តូក មួយសន្ទុះក្រោយឡានពេទ្យទៅដល់ក៍ដឹងខ្លួនវិញ ហើយភ្លាមៗនោះដែរ សមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ រួចហើយបានអោយ ជនរងគ្រោះឡើងលើរថយន្តសង្គ្រោះ ដើម្បីអោយទៅព្យាបាលរបួស តែជនរងគ្រោះរូបនោះ រឹងទទឹងមិនព្រមឡើងរថយន្តនោះទេ រហូតទាល់តែមានមិត្តភក្តិរបស់ខ្លួនទៅដល់ជួយនិយាយលួងលោមទើបជនរងគ្រោះ បានព្រមឡើងរថយន្តសង្គ្រោះ ដឹកយកព្យាបាលរបួសនៅគ្លិនិក ហុងហាក់ ។

ដោយឡែកម៉ូតូវិញ រងការខូចខាតតិចតួច ត្រូវបានសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ
នគរបាលស្ទឹងមានជ័យ១ រងចាំប្រគល់អោយម្ចាស់វិញ ៕