Wednesday, April 17, 2024
Homeព័ត៌មានជាតិគ្រូបង្រៀនឆ្លងផ្លូវ ត្រូវកូនសិស្សស្រី៤នាក់ ជិះម៉ូតូ១គ្រឿង បុកស្លាប់

គ្រូបង្រៀនឆ្លងផ្លូវ ត្រូវកូនសិស្សស្រី៤នាក់ ជិះម៉ូតូ១គ្រឿង បុកស្លាប់

ខេត្តកំពង់ឆ្នាំង ៖ អ្នកគ្រូបង្រៀនចូលនិវត្តន៍ម្នាក់ បានដើរឆ្លងផ្លូវបំណងទៅប្តូរកំប៉ុងហ្គាស ក៏ស្រាប់តែជួបគ្រោះអកុសល ត្រូវសិស្សស្រីចំនួន៤នាក់ ជិះម៉ូតូដឹកគ្នាក្នុងល្បឿនយ៉ាងលឿន ជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់ ចំណែកសិស្សស្រីទាំង៤នាក់ ទទួលរងរបួសធ្ងន់ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៩១-៩២ ចំណុចផ្លូវលេខ២ ភូមិទី២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ស្ត្រីរងគ្រាះដែលត្រូវម៉ូតូបុកដួលបោកក្បាលស្លាប់ មានឈ្មោះលឹម សុវណ្ណា អាយុ៦២ឆ្នាំ ជាគ្រូបង្រៀនចូលនិវត្តន៍ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ អ្នកគ្រូរងគ្រោះបានដើរឆ្លងផ្លូវថ្នល់ជាតិ ក្នុងទិសដៅពីត្បូងទៅជើង បម្រុងទៅដូរកំប៉ុងហ្គាស លុះដើរដល់ទ្រូងផ្លូវ ស្រាប់តែឃើញរថយន្ត១គ្រឿង បើកពីកើតទៅលិចក្នុងល្បឿនលឿនពេក ទើបអ្នកគ្រូរងគ្រោះមិនហ៊ានឆ្លង ក៏ដើរបកក្រោយវិញ ស្រាប់តែភ្លាមនោះ មានម៉ូតូ១គ្រឿង ពាក់ស្លាកលេខ បន្ទាយមានជ័យ 1H-5479 បើកដោយសិស្សស្រីម្នាក់ឈ្មោះ ខុន កុសល អាយុ១៧ឆ្នាំ មានលំនៅក្នុងភូមិកំពង់ខ្លាញ់ ឃុំជលសារ ស្រុកជលគីរី ជិះគ្នា៤នាក់ ក្នុងល្បឿនយ៉ាងលឿន បោះពួយពីលិចទៅកើត បានជ្រុលមកបុកអ្នកគ្រូរងគ្រោះយ៉ាងពេញទំហឹង បណ្តាលអ្នកគ្រូរងគ្រោះដួលបោកក្បាលទៅនឹងថ្នល់ជាតិ ស្លាប់នៅហ្នឹងកន្លែងក្នុងថ្លុកឈាម គួរឱ្យសង្វេគ ចំណែកសិស្សស្រីទាំង៤នាក់ បានរងរបួសធ្ងន់ និងស្រាល និងត្រូវបានរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង និងបានអូសយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។

ចំណែកសាកសពអ្នកគ្រូរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES