ឃាតករដៃឆៅ ចាក់បុរសចំណាស់២កាំបិតធ្លាយដោះ សមត្ថកិច្ចចាប់បាននៅចម្ការដំឡូង

0
450

ខេត្តប៉ៃលិន ៖ ជនដៃដល់ជាឃាតករដៃឆៅ ដែលបានធ្វើសកម្មភាពចាក់ប្រហារបុរសវ័យចំណាស់ម្នាក់ ដែលកំពុងអង្គុយហូបបាយនៅមុខផ្ទះ ចំនួន២កាំបិត បណ្តាលឱ្យធ្លាយដោះស្លាប់ កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចចម្ការដំឡូងមួយកន្លែង ស្ថិតក្នុងភូមិកើតហេតុខាងលើ។

ជនជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះថុង សុខុម អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកបុរសរងគ្រោះដែលត្រូវឃាតករចិត្តឃោរឃៅចាក់សម្លាប់ដោយគ្មានអាណិតអាសូរ មានឈ្មោះរដ្ឋ បញ្ញា អាយុ៥៤ឆ្នាំ មុខរបរជាងសំណង់ មានលំនៅក្នុងភូមិបឹងត្រគួន ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង តែសព្វថ្ងៃបានមកធ្វើការសំណង់ និងស្នាក់នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបចាប់ខ្លួនជនដៃដល់ជាឃាតករដែលចាក់សម្លាប់មនុស្សនេះធ្វើឡើងក្រោមកិច្ចសហការ រវាងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងត្រង់ ដោយបានចុះបង្ក្រាប និងចាប់ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចចំការដំឡូង ស្ថិតក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករបានសារភាពថា នៅមុនពេលកើតហេតុ រូបគេនិងជនរងគ្រោះ ធ្លាប់បានឈ្លោះទាស់ទែងពាក្យសម្តីគ្នា បន្ទាប់ពីផឹកស្រាស្រវឹងធ្លាក់ភ្នែករៀងខ្លួន ហេតុនេះហើយ ទើបរូបគេបានចងគំនុំជាប់នៅក្នុងចិត្តជានិច្ច លុះមកដល់យប់កើតហេតុខាងលើ មានឱកាសល្អ ខណៈដែលឃើញជនរងគ្រោះកំពុងអង្គុយហូបបាយម្នាក់ឯង ទើបរូបគេបានទាញយកកូនកាំបិតចិតបន្លែចុងស្រួច ចូលទៅចាក់ប្រហារជនរងគ្រាះពេញទំហឹង ចំនួន២កាំបិត ត្រង់កន្លែងក្រោមដោះខាងឆ្វេង បណ្តាលឱ្យជនរងគ្រោះប្រកាច់ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។ ក្រោយពីធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះរួច រូបគេក៏បានព្យាយាមរត់គេចខ្លួន តែចុងក្រោយក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានតែម្តង។

គួររំលឹកថា កាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ មានករណីឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងនៅត្រង់ចំណុចវត្តព្រៃសន្ទះ ស្ថិតក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដោយបុរសវ័យចំណាស់ម្នាក់ កំពុងអង្គុយហូបបាយនៅមុខផ្ទះសុខៗ ស្រាប់តែត្រូវជនជាឃាតករដៃឆៅម្នាក់  កាន់កាំបិតចុងស្រួចចូលមកធ្វើសកម្មភាពចាក់ប្រហារចំនួន២កាំបិត បណ្តាលឱ្យធ្លាយដោះស្លាប់យ៉ាងអាណោចអាធម័។ ក្រោយពីធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះរួចហើយ ជនដៃដល់ជាឃាតករបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ប៉ុន្តែដោយឈាមស្រែកស្បែកហៅ ទើបមកដល់ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចក៏ស្រាវជ្រាវចាប់ខ្លួនជនជាឃាតករបាន។

ជនដៃដល់ជាឃាតករ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕