នារីម្នាក់ព្រោះតែជីវភាពក្រីក្រ ខំមកធ្វើការសំណង់ ជួបគ្រោះអកុសល ដែកធ្លាក់សង្កត់ស្លាប់

0
331

ខេត្តបាត់ដំបង ៖ នារីវ័យក្មេងជាកម្មករសំណង់ម្នាក់ កំពុងបំពេញការងារក្នុងការដ្ឋានសំណង់សុខៗ ស្រាប់តែត្រូវដែកធ្លាក់សង្កត់ បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចក្នុងការដ្ឋានសំណង់របស់ក្រុមហ៊ុនម៉ៅការសំណង់ភ្នំដូនមាយ ស្ថិតក្នុងភូមិដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល។

នារីរងគ្រោះដែលត្រូវដែកធ្លាក់សង្កត់ស្លាប់ មានឈ្មោះវាសនា ឆវី អាយុប្រហែល១៨ឆ្នាំ មុខរបរជាកម្មករសំណង់ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ដោយសារតែរៀនសូត្រមិនបានជ្រៅជ្រះ ណាមួយជីវភាពគ្រួសារទីទ័លក្រខ្លាំងពេក ទើបនារីរងគ្រោះមិនអាចរកការងារអ្វីធ្វើបាន ក៏ចូលមកធ្វើជាកម្មករសំណង់នៅក្នុងការដ្ឋានខាងលើ គ្រាន់បានប្រាក់កម្រៃទប់ទល់ជីវភាព។ នៅមុនពេលកើតហេតុ ខណៈដែលនារីរងគ្រោះកំពុងបំពេញការងារក្នុងការដ្ឋានសុខៗ ស្រាប់តែមិនដឹងជាយ៉ាងម៉េច ក៏មានដែកបានធ្លាក់ពីជាន់លើ មកសង្កត់នារីរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ប្រភពដដែលបន្តថា ភ្លាមៗនោះ អ្នករួមការងារបាននាំគ្នាជួយលើកដែកចេញ រួចក៏ប្រញាប់ដឹកបញ្ជូននារីរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត តែអកុសល ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ នារីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវដែកសង្កត់ស្លាប់ ពេលកំពុងបំពេញការងារប្រាកដមែន។

សាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕