Friday, April 19, 2024
Homeព័ត៌មានជាតិគួរឲ្យសង្វេគណាស់!!! ឃើញបងស្រីលង់ទឹក ប្អូនស្រីលោតទៅជួយ លង់ស្លាប់ទាំង២នាក់

គួរឲ្យសង្វេគណាស់!!! ឃើញបងស្រីលង់ទឹក ប្អូនស្រីលោតទៅជួយ លង់ស្លាប់ទាំង២នាក់

ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីពីរនាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា បាននាំគ្នាចុះទៅមុជទឹកប្រឡាយលេង លុះមួយសន្ទុះក្រោយមកក្មេងស្រីជាបងបានលង់ទឹក ទើបប្អូនស្រីឃើញ ក៏ស្ទុះលោតចូលទឹកបំណងទៅជួយបងស្រី ប៉ុន្តែអកុសល មិនត្រឹមតែសង្គ្រោះជីវិតបងស្រីមិនបានប៉ុណ្ណោះទេ សូម្បីតែជីវិតខ្លួនឯងក៏ជួយមិនបានដូចគ្នា បណ្តាលឱ្យលង់ទឹកស្លាប់ទាំង២នាក់បងប្អូនគួរឱ្យសង្វេគ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងភូមិអូរសំរែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ។

ក្មេងស្រីរងគ្រោះទាំង២នាក់ ដែលលង់ទឹកប្រឡាយស្លាប់ រួមមាន ទី១-ឈ្មោះយ៉េង ដាលីន អាយុ១៤ឆ្នាំ មុខរបរសិស្ស និងទី២-ឈ្មោះ យ៉េង ស្រីល័ក្ខ អាយុ១២ឆ្នាំ មុខរបរសិស្ស។ ក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ គឺជាបងប្អូនបង្កើតនឹងគ្នា និងមានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូន បានបបួលគ្នាទៅមុជទឹកលេង នៅក្នុងប្រឡាយទឹកខាងលិចភូមិ ដែលមានជម្រៅប្រហែល៧ម៉ែត្រ។ លុះពេលទៅដល់ ក្មេងស្រីរងគ្រោះជាបងបានចុះទៅងូតទឹកលេងមុនតែម្នាក់ឯង លុះប្អូនស្រីប្រទះឃើញបងស្រីលង់ទឹក ក៏ស្ទុះលោតចូលទៅក្នុងទឹកបំណងជួយស្រង់បងស្រី ដឹងអី ពេលចូលដល់ក្នុងទឹក ដោយសារតែការភ័យស្លន់ស្លោខ្លាំងពេក ទើបធ្វើឱ្យក្មេងស្រីទាំង២នាក់បងប្អូនបង្កើត មិនអាចហែលទឹករួច បណ្តាលឱ្យលង់ស្លាប់ទាំង២នាក់យ៉ាងអាណោចអធ័មតែម្តង។

ក្រោយកើតហេតុ មានក្មេងៗក្នុងភូមិប្រទះឃើញ ក៏ប្រញាប់រត់ទៅស្រែកហៅចាស់ៗក្នុងភូមិឱ្យមកជួយ លុះអ្នកភូមិមកដល់ជួយគ្នាចុះទៅស្រង់ក្មេងស្រីទាំង២នាក់ឡើងមកលើគោក ឃើញថាយឺតពេលទៅហើយ ដោយសារតែក្មេងស្រីទាំង២ បានលង់ទឹកស្លាប់បាត់អស់ទៅហើយ។

បន្ទាប់ពីចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសាកសពរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូនបង្កើត ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ក្រោមក្តីសោកសង្រេង និងក្តុកក្តួលជាទីបំផុត ខណៈដែលមួយប៉ព្រិចភ្នែកត្រូវបាត់បង់កូនស្រីវ័យជំទង់ដល់ទៅ២នាក់៕

RELATED ARTICLES