Thursday, April 18, 2024
Homeព័ត៌មានជាតិណាត់គ្នាដើរលេងឆ្លងឆ្នាំនៅកំពង់សោម ដល់ម៉ោងហើយមិនឃើញមក នាំគ្នាទៅមើល ឃើញស្លាប់ផ្កាប់មុខ

ណាត់គ្នាដើរលេងឆ្លងឆ្នាំនៅកំពង់សោម ដល់ម៉ោងហើយមិនឃើញមក នាំគ្នាទៅមើល ឃើញស្លាប់ផ្កាប់មុខ

ភ្នំពេញ ៖ បុរសម្នាក់បានណាត់គ្នាជាមួយនឹងមិត្តភក្តិធ្វើដំណើរកម្សាន្តទៅកាន់ខេត្តព្រះសីហនុ ដើម្បីអបអរសាទរពិធីឆ្លងឆ្នាំ ស្រាប់តែដល់ម៉ោងចេញដំណើរ មិត្តភក្តិទូរស័ព្ទហៅមិនទទួល ចូលទៅមើល បែរជាប្រទះឃើញដេកស្លាប់ផ្កាប់មុខ នៅក្នុងបន្ទប់ជួលតែម្នាក់ឯង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ១២១ ជាន់ទី១ ក្នុងដីឡូលេខ67AB ផ្លូវ6E ក្រុម២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

បុរសរងគ្រោះដែលដេកផ្កាប់មុខស្លាប់ក្នុងបន្ទប់ជួល មានឈ្មោះនង ណារ៉ុន អាយុ២៦ឆ្នាំ មុខរបរវិស្វករ ស្នាក់នៅបន្ទប់ជួលលេខ១២១ ជាន់ទី១ ក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិកោះធំ ឃុំព្រៃគ្រឺ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។

តាមប្រភពពីមិត្តភក្តិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ទាំងអារម្មណ៍តក់ស្លុតថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងារពួកគាត់ ក្នុងនោះមានជនរងគ្រោះម្នាក់ផង បានណាត់គ្នាចេញទៅដើរលេងឆ្លងឆ្នាំនៅខេត្តព្រះសីហនុ ដោយណាត់ថា ជួបគ្នាឡើងជិះរថយន្តជុំគ្នា នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅអគារពាណិជ្ជកម្មអ៊េតវូត។

ប្រភពដដែលបន្តថា លុះដល់ម៉ោងកំណត់ជួបជុំគ្នា ស្រាប់តែបាត់ជនរងគ្រោះ មិនឃើញមកតាមការណាត់សោះ ទើបគាត់បានទូរស័ព្ទទៅរក តែខលចូលជាច្រើនដង មិនមានអ្នកទទួលសោះ ទើបនាំគ្នាទៅហៅជនរងគ្រោះដល់បន្ទប់ជួលតែម្តង។ នៅពេលទៅដល់បន្ទប់ជួល ឃើញភ្លើងបើកចោល ក៏អើតមើលតាមប្រឡោះបង្អួច ឃើញជនរងគ្រោះដេកផ្កាប់មុខ ទើបនាំគ្នាទៅហៅម្ចាស់ផ្ទះទៅជួយមើល និងបានគាស់បង្អួច រួចលូកដៃឆ្កឹះគន្លឹះទ្វារចូលទៅដល់ ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ។ ភ្លាមនោះ ដោយសារមិនអស់ចិត្ត ពួកគាត់បានខលទៅហៅរថយន្តសង្គ្រោះ គោលបំណងយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត ប៉ុន្តែពេលរថយន្តសង្គ្រោះមកដល់ ឡើងទៅពិនិត្យជនរងគ្រោះ រួចប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះខាងលើស្លាប់ដោយសារខ្យល់គ ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីឃាតកម្មអ្វីទេ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចផ្តល់ដំណឹងដល់សាច់ញាតិ មកទទួលដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES