ឌុច លីដា កំពុងពិសោធន៍ស្នេហ៍កូនអ្នកមាន?

0
507

តារាភាពយន្តសិចស៊ីល្បីឈ្មោះ កញ្ញាឌុច លីដា ដែលល្បីមានទាំងប្រុស និងស្រីតាមថ្ពក់ស្នេហ៍ឱ្យរដឹកនោះ តាមដំណឹងចុងក្រោយថា មានថៅកែស្រីហាងពេជ្រ នៅម្តុំផ្សារធំថ្មី ម្នាក់ កំពុងតាមស្នេហ៍នាងយ៉ាងស្អិតដូចគ្នា តែមិនទាន់ដឹងថា នាងជ្រើសស្នេហ៍ថៅកែស្រី ឬបុរសជាកូនអ្នកមាននោះទេ ខណៈប្រភពខ្លះថា លីដា កំពុងពិសោធស្នេហ៍កូនអ្នកមាន…។

ចាប់តាំងពីល្បីឈ្មោះ តាមការសម្តែងឈុតសិចស៊ី ស្នេហាស្រើបស្រាល ព្រមទាំងហ៊ានថតឈុតស្រាតផងនោះ កញ្ញាឌុច លីដា បានបោកផ្ទប់នឹងដំណឹងស្នេហាជាបន្តបន្ទាប់ ដែលត្រូវគេផ្គូផ្គងទាំងជាមួយមន្ត្រីធំ អ្នកជំនួញ និងឧកញ៉ាជាដើម។ ប៉ុន្តែនាពេលចុងក្រោយនេះ បានល្បីសុសសាយថា មានថៅកែស្រីហាងពេជ្រ នៅម្តុំផ្សារធំថ្មីម្នាក់ បានតាមស្នេហ៍នាងយ៉ាងស្អិត។ មិនត្រឹមតែប៉ុណ្ណោះ សាយភាយដំណឹងថា ថៅកែស្រីហាងពេជ្រ រូបនោះបានជួយជ្រោមជ្រែងនាង ខ្ទង់ម៉ឺនដុល្លារ ឱ្យនាងបើកហាង “គុយទាវឡាំឌួយ” ដែលទើបដំណើរការកាលពីថ្មីៗនេះទៀតផង។

ទន្ទឹមនឹងនោះ តាមដំណឹងថា ក៏មានបុរសជាកូនអ្នកមានម្នាក់ដែលចូលចិត្តជិះរថយន្តទំនើបៗជាច្រើនគ្រឿង ក៏ព្យាយាមតាមស្ទូចស្នេហ៍នាងយ៉ាងស្អិតផងដែរ ថែមទាំងត្រូវបានគេដឹងថា ឧស្សាហ៍ទៅលំហែកាយពិសោធស្នេហ៍នៅតាមរមណីយដ្ឋាននានាទៀតផង។

ប្រភពពីតារាសម្តែងម្នាក់ដែលកៀកកិតជាមួយឌុច លីដា បានបង្ហើបឱ្យដឹងថា ថៅកែស្រីហាងពេជ្រ ពិតជាតាមលីដា ស្អិតមែន តែទំនងជាលីដា មិនលេងល្បែងស្នេហ៍ដូចគ្នាទេ ខណៈដែលពេលនេះ នាងកំពុងពិសោធជាមួយបុរសជាកូនអ្នកមានម្នាក់យ៉ាងផ្អែមល្ហែម ដែលអាចឈានដល់ចំណងអាពាហ៍ពិពាហ៍ទៀតផង ត្បិតអីកូនអ្នកមានរូបនោះ ចង់បាននាងជាភរិយាស្របច្បាប់ ខណៈដែលចាស់ទុំទាំងសងខាងបានដឹងឮខ្លះៗទៅហើយ។

ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបំភ្លឺពីថៅកែហាង “គុយទាវឡាំឌួយ” កញ្ញាឌុច លីដា បានទេ កាលពីថ្មីៗនេះ។ ដូច្នេះមិនទាន់ដឹងថា លីដា នឹងជ្រើសស្នេហ៍ថៅកែស្រី ឬបុរសជាកូនអ្នកមាននោះទេ គឺមានតែរង់ចាំការបកស្រាយពីនាងតែប៉ុណ្ណោះ។

ឌុច លីដា បានធ្វើឱ្យបុរសៗអ្នកមានជាច្រើន ខកចិត្តស្តាយស្នេហ៍នាង រហូតបុរសខ្លះហ៊ានបោះនុយធំស្ទូចស្នេហ៍នាងក៏មិនបានសម្រេចដែរ ដែលតាមដំណឹងថា លីដា ចង់បានស្នេហាពិត ដោយមិនគិតរឿងទ្រព្យជាធំ ហើយបើពាក់ព័ន្ធនឹងចំណងស្នេហ៍ប្តីគេ ក៏នាងមិនយកខ្លួនទៅប្រឡូកប្រឡាក់ឡើយ បើទោះបីបុរសនោះសម្បូរទ្រព្យអាចជួយឱ្យនាងរស់នៅក្នុងស្ថានភាពហ៊ឺហា មិនខ្វះប្រាក់ចាយក្តី។

តាមប្រភពថា បើលីដា ចង់ធ្វើជំទាវ រស់នៅលើគំនរទ្រព្យ ម៉្លេះមិនចាំបាច់លេងសិល្បៈ សន្សំប្រាក់ល្អិតទៀតទេ ប៉ុន្តែនាងខ្លាចប៉ះស្នេហ៍ប្តីគេ។

កន្លងមក កញ្ញាឌុច លីដា ធ្លាប់អះអាងថា នាងមិនប្រថុយលេងល្បែងស្នេហ៍ភេទដូចគ្នាទេ គឺនាងក៏ចង់បានគ្រួសារមួយដែលអាចបង្កើតកូនចៅ ដូចស្ត្រីទូទៅដែរ ហើយនៅពេលនាងជួបស្នេហាពិតប្រាកដ នាងនឹងលាតត្រដាងជាចំហ និងរៀបការជាសាធារណៈតែម្តង។ ដូច្នេះគេអាចសន្និដ្ឋានថា លីដា ទំនងជាអាចធីបស្នេហ៍ថៅកែស្រីហាងពេជ្រ ជ្រើសស្នេហ៍បុរសកូនអ្នកមាន ដែលកំពុងពិសោធស្នេហ៍យ៉ាងផ្អែមល្ហែម៕