Saturday, April 20, 2024
Homeតារាខ្មែរថោន ស្ពឹកមុខថែមទៀត ក្រោយពីក្រសួងព័ត៌មានហាមចាក់ផ្សាយ បទ ”គ្រូបង្រៀនស្រវឹងស្រា” របស់ចេន សាយចៃ

ថោន ស្ពឹកមុខថែមទៀត ក្រោយពីក្រសួងព័ត៌មានហាមចាក់ផ្សាយ បទ ”គ្រូបង្រៀនស្រវឹងស្រា” របស់ចេន សាយចៃ

បទ ”គ្រូបង្រៀនស្រវឹងស្រា” ដែលជាការនិពន្ធរបស់លោកយឹម តាស្រង់ គឺអត្ថន័យចង់ឆ្លុះបញ្ចាំងពីរឿងផ្ទាល់ខ្លួនរបស់អ្នកនិពន្ធរូបនេះ ដែលកាលនៅរៀនបឋមសិក្សា ត្រូវគ្រូបង្រៀនម្នាក់ស្រវឹងស្រា ធ្លាប់វាយខ្លួន ពេលចូលបង្រៀន ហើយសរសេរឡើងឲ្យតារាចម្រៀងសំនៀងរដឺន ចេន សាយចៃ របស់ផលិតកម្មថោន ច្រៀងនោះ ពេលនេះត្រូវបានក្រសួងព័ត៌មានបញ្ជាមិនឲ្យស្ថានីយវិទ្យុ និងទូរទស្សន៍ណាយកបទនេះទៅចាក់ឡើយ បន្ទាប់ពីមានការរិះគន់ថា ខ្លឹមសារនៃបទនេះទាំងមូល គឺឆ្លុះបញ្ចាំងពីការបណ្ដុះបង្អាប់ដល់គ្រូបង្រៀនទូទៅដែលត្រូវបានគេចាត់ទុកថា ជាឪពុកម្ដាយទី២នោះ។

ក្នុងលិខិតលេខ១៧៨០ ព.ម ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ”បទចម្រៀងផលិតកម្មថោនមានចំណងជើងថា ”គ្រូបង្រៀនស្រវឹងស្រា” ច្រៀងដោយលោកស្រីចេន សាយចៃ​ មានខ្លឹមសារបណ្ដុះបង្អាប់ប្រមាថគ្រូបង្រៀនផឹកស្រាស្ទើររាល់ថ្ងៃ ស្រវឹងទាំងថ្ងៃ វាចាធំក្លិនស្រា ឲ្យតែស្រវឹងបង្រៀនកាចចម្លែក បង្រៀនប្លែកៗខឹងស្រែក ខឹងវាយខុសក្រមច្បាប់គ្រូ  ដែលខ្លឹមសារនៃចម្រៀងនេះបានប្រាសចាកអំពីអាកប្បកិរិយា និងក្រមសីលធម៌ថ្លៃថ្នូររបស់គ្រូបង្រៀនទូទៅ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គ្រូបង្រៀនដែលធ្វើឲ្យប្រតិកម្មពីសំណាក់មហាជនទូទៅ និងជះឥទ្ធិពលមិនល្អដល់សង្គមទាំងមូល ហើយខ្លឹមសារបទចម្រៀងនេះបានដក់ជាប់អារម្មណ៍កុមារតូចៗ ដែលពុំទាន់មានមូលដ្ឋាននៃការពិចារណាច្បាស់លាស់នៅឡើយ។ ដូច្នេះដើម្បីចៀសវាងផលអវិជ្ជមាន និងប៉ះពាល់អារម្មណ៍ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គ្រូបង្រៀនទូទៅ ពីការផ្សព្វផ្សាយបទចម្រៀងនេះ ក្រសួងព័ត៌មាន អំពាវនាវសូមឯកឧត្តមលោកជំទាវ លោកស្រីម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ ហាមចាក់ផ្សាយចម្រៀងមានចំណងជើងថា ”គ្រូបង្រៀនស្រវឹងស្រា” របស់ផលិតកម្មថោន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

លោកករុណា ពេជ្រ អ្នកចាត់ការទូទៅរបស់ផលិតកម្មថោន មិនលើកទូរស័ព្ទឡើយ កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ទើបមិនអាចសុំការប្រតិកម្មបានទេ។ ប៉ុន្ដែមុនបទចម្រៀង ”គ្រូបង្រៀនស្រវឹងស្រា” នេះចេញនៅផលិតកម្មថោន និងផ្ទុះប្រតិកម្ម រហូតដល់ត្រូវក្រសួងព័ត៌មានបញ្ជាមិនឲ្យចាក់ផ្សាយនោះ អ្នកនិពន្ធបទនេះ លោកយឹម តាស្រង់ ធ្លាប់សរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ការនិពន្ធបទនេះឡើងដោយសារតែរូបលោកធ្លាប់ជួបរឿងរ៉ាវនេះផ្ទាល់ខ្លួនកាលនៅរៀន ហើយលោកមានការឈឺចាប់ចំពោះគ្រូបង្រៀនម្នាក់ដែលធ្លាប់វាយលើខ្លួនពេលដែលស្រវឹងស្រានោះ…។

យ៉ាងណា នេះមិនមែនជាលើកទី១ឡើយ ដែលបទចម្រៀងផលិតកម្មថោន ធ្លាប់បានទទួលប្រតិកម្មពីមហាជននោះ។ បទ ”ស៊ីបានចេះតែស៊ីទៅ” ដែលនិពន្ធដោយលោកងួន សុបិន្ទ ច្រៀងដោយកែវ វាសនា ក៏ធ្លាប់ក្រសួងព័ត៌មានហាមមិនឲ្យចាក់ផ្សាយដែរ។ ចំណែកបទ ”ដួលគងចំប៉ាន់” ដែលច្រៀងដោយសុគន្ធ និសា និងបទ ”បបរក្ដៅ” ដែលច្រៀងដោយអេនីហ្សាម នោះក៏ធ្លាប់មហាជនជាច្រើនធ្លាប់បានរិះគន់លើផលិតកម្មថោន និងអ្នកនិពន្ធដែរ ខណៈដែលអតីតអ្នកចាត់ការទូទៅថោន លោកមាស សុខរតនៈ​ស្នើសុំកុំឲ្យទស្សនិកជនស្ដាប់បទទាំងនោះ ហើយមានការគ្រលាស់អី ​គឺស្ដាប់កម្សាន្ដធម្មតា បទទាំងនោះគ្មានបញ្ហាចោទឡើយ។ តែពេលនេះ ថោន កាន់តែពិបាកស្ដារមុខថែមទៀត នៅពេលដែលបទ ”គ្រូបង្រៀនស្រវឹងស្រា” ត្រូវបានបញ្ជាពីក្រសួងព័ត៌មានមិនឲ្យចាក់ផ្សាយដែលធ្វើឲ្យមហាជនជាច្រើនសារទរចំពោះចំណាត់ការរបស់ក្រសួងព័ត៌មាននៅពេលនេះ ថាជាចំណាត់ការដ៏ត្រឹមត្រូវមួយសម្រាប់ឲ្យផលិតកម្មទូទៅ មានការប្រុងប្រយ័ត្នលើការផលិតបទច្រៀងក្រោយៗទៀត៕

លោកករុណា ពេជ្រ និងចេន សាយចៃ
លោកយឹម តាស្រង់
RELATED ARTICLES