Friday, March 29, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ត ឡើងថ្លៃ ក្រមុំព័ទ្ធឱបថើប

ខេមរៈ សិរីមន្ត ឡើងថ្លៃ ក្រមុំព័ទ្ធឱបថើប

លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ដែលជាតារាចម្រៀងផលិតកម្មរស្មីហង្សមាស នោះ បានលេចមុខជាលើកដំបូងនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ តាំងពីអ្នកចម្រៀងរូបនេះបានរើបង្វេចពីសាន់ដេ ចូលទៅហង្សមាស នោះ។

ជាមួយរូបរាងសង្ហាពាក់វែនតាខ្មៅ និងកាត់សក់ម៉ូដថ្មីរះសងខាងតិចៗ ទុកតែនៅខាងលើនោះ សិរីមន្ដ បានធ្វើឲ្យក្រមុំៗដែលទៅទស្សនាផ្ទាល់មានការរំជើបរំជួល នៅពេលដែលលោកប៊ុនថៃ បានលើកបទចម្រៀងថ្មីល្បីៗរបស់ខ្លួនឡើងច្រៀងឃោសនាអូសទាញការគាំទ្រ មានដូចជាបទ ”ស្ទឹងត្រែងបងអើយ”, ”អស់សិទ្ធិ ថែតែនៅបារម្ភ” តែបទដែលមានការសំណូមពរច្រើន គឺបទ ”ក្បាច់ពស់” ដែលមានអ្នករាំតាមសិរីមន្ដ ទៀតផង។

គ្រាន់តែអ្នចម្រៀងរូបនេះដើរចុះពីលើឆាកភ្លាម ស្រាប់តែមានក្រមុំៗតាមចាប់ឱបថើបខេមរៈ សិរីមន្ដ រកតែរើខ្លួនមិនចង់រួចឡើយ បើទោះជាអ្នកចម្រៀងរូបនេះមានអង្គរក្សតាមការពារជាប់៣ទៅ៤នាក់ ដែលរង់ចាំអមសិរីមន្ដ ឡើងទៅរថយន្ដទំនើប Lexus Lx 570 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ តម្លៃជិត១០ម៉ឺនដុល្លារ ដែលបានបញ្ឆេះរង់ចាំជាស្រេចក្ដី តែក្រុមយុវវ័យដែលភាគច្រើនជាក្រមុំៗស្រីស្អាតៗនោះ ចង់តែឱបសិរីមន្ដ ទុកក្បែរខ្លួន មិនចង់ព្រលែងឲ្យអ្នកចម្រៀងរូបនេះទៅណាឆ្ងាយឡើយ។

គេកត់សម្គាល់ដែរថា ទោះជាខេមរៈ សិរីមន្ដ កម្រឡើងឆាកតន្ដ្រីច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍ក្ដី ប៉ុន្ដែតាមរយៈការបង្ហាញខ្លួនកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នេះ សន្ទុះនៃការគាំទ្រអ្នកចម្រៀងរូបនេះ ហាក់មិនទាន់ខ្លាំង ដូចកាលពីឆ្នាំ២០១៣ ដែលរូបគេច្រៀងនៅឆាកតន្ដ្រីប៉ុស្ដិ៍លេខ៥ នៅព្រែកហូរ ដែលមានអ្នកទៅទស្សនាប្រជ្រៀតគ្នា រហូតដល់សន្លប់នោះឡើយ ព្រោះការគាំទ្រសិរីមន្ដ នាពេលទៅដល់ហង្សមាស នេះ គឺហាក់ដូចជាមធ្យមប៉ុណ្ណោះ បើទោះជាការចេញបទចម្រៀងនៅហង្សមាស របស់សិរីមន្ដ នាពេលនេះ គឺមានសុទ្ធតែបទពីរោះៗ ហើយពេលនេះ យុវវ័យកំពុងគាំទ្របទ ”ទ្រាំៗទៅ ធ្វើម៉េចយើងស្រលាញ់គេ” ក្ដី។

ដោយឡែក ប្រភពពីតារាចម្រៀងតាមឆាកល្បីៗក្នុងហាងជាច្រើននៅរាជធានីភ្នំពេញ និងមានតារាចម្រៀងល្អៗប្រចាំនៅទីនោះ ដែលបទណាល្បីៗ គេគាំទ្រច្រើន តែងតែមានការសំណូមពរឲ្យច្រៀងនោះ បានប្រាប់ឲ្យដឹងស្របគ្នាថា ពេលនេះបទចម្រៀងរបស់ខេមរៈ សិរីមន្ដ បែរជាមិនសូវមានការសំណូមពរដូចមុនទៅវិញ តាំងពីសិរីមន្ដ ចេញពីសាន់ដេ ចូលហង្សមាស នេះ គឺភ្ញៀវតិចបំផុតសឹងតែគ្មានដែលមានការសំណូមពរឲ្យតារាចម្រៀងច្រៀងបទខេមរៈ សិរីមន្ដ នោះ។

ក្នុងជំនួបផ្ទាល់ជាមួយខេមរៈ សិរីមន្ដ តារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានឲ្យដឹងថា “បទចម្រៀងរបស់ខ្លួននៅតែមានការគាំទ្រច្រើនអីចឹង ហើយក្រុមហ៊ុនផ្សេងៗ ក៏ទាក់ទងឲ្យច្រៀងច្រើនដែរ នារដូវក្ដៅនេះ ហើយរូបគេថែមទាំងដំឡើងថ្លៃខ្លួនច្រៀងលើសពីមុនបន្ដិចទៀតផង។

ខេមរៈ ​សិរីមន្ដ អះអាងថា ”អូបង! តាមដឹងបទចម្រៀងខ្ញុំនៅតែមានការគាំទ្រច្រើនអីចឹង ដូចជាគ្មានបញ្ហាអីគួរឲ្យព្រួយបារម្ភទេ ព្រោះខ្ញុំគ្រាន់តែចេញជា Audio មិនទាន់ថតជា MV ផង ក៏មានការគាំទ្រដែរ។ ខ្ញុំនឹងចេញបទថ្មីជាបន្ដបន្ទាប់ទៅទៀត ហើយការធ្វើបទចម្រៀងនោះ ខ្ញុំឲ្យបងខេមរៈ ភារុណ និងក្រុមការងារផលិតកម្មរស្មីហង្សមាស សហការគ្នាធ្វើបទចម្រៀងឲ្យ គឺមិនមែនមានតែបងភារុណ ធ្វើឲ្យខ្ញុំច្រៀងដាច់ទេ ទោះជាកាលខ្ញុំនៅសាន់ដេ ក៏អីចឹងដែរ។ ចំពោះការចេញច្រៀងតាម Concert នារដូវក្ដៅនេះ ខ្ញុំក៏ទទួលបានការងារច្រើនដែរ ទាំងនៅខេត្តនិងភ្នំពេញ”។

ខេមរៈ សិរីមន្ដ កាលនៅផលិតកម្មសាន់ដេ មានតម្លៃខ្លួនច្រៀង១កម្មវិធី ស៊ីថ្លៃស៊ីថ្លៃពី២៨០០ទៅ៣០០០ដុល្លារ តែពេលនេះ  សិរីមន្ដ ថា ឡើងថ្លៃ១០%ទៀត អីចឹងបានន័យថា ក្រោយពេលទៅដល់ហង្សមាស  សិរីមន្ដ ច្រៀង១កម្មវិធីថ្លៃជាង៣ពាន់ដុល្លារឯណោះ ហេតុនេះហើយពេញ១រដូវក្ដៅនេះ សិរីមន្ដ នឹងមានការរំពឹងថា អាចកើបលុយបានរាប់សែនដុល្លារជាមិនខានឡើយ។

ខេមរៈ សិរីមន្ដ ធ្លាប់លេចឮថា មានប្រពន្ធនិងកូនប្រុស២នាក់រួចទៅហើយ តែតារាចម្រៀងល្បីរូបនេះមិនហ៊ានចូលរោងការឡើយ ព្រោះខ្លាចធ្លាក់កូដ បើទោះជាតារាសិល្បៈមួយចំនួនបានសរសើរសិរីមន្ដ ថា ជាបុរសស្មោះស្នេហ៍ គឺស្រលាញ់តែសង្សារម្នាក់ តាំងពីឆ្នាំ២០០៥ ដែលរូបគេមិនទាន់ល្បីខ្លាំងកាលច្រៀងនៅផលិតកម្ម U2 ក្ដី តែពេលនេះ សិរីមន្ដ នៅតែស្នេហ៍បណ្ដូលចិត្តគ្មានថ្ងៃងាករេចិត្តឡើយ។ យ៉ាងណា ការដែលសិរីមន្ដ ល្បីខ្លាំង ហើយមិនទាន់រៀបការដូចលោកឆាយ វីរៈយុទ្ធ នោះ ធ្វើឲ្យមហាជនមួយចំនួនបានរិះគន់ទៅលើតារាចម្រៀងរូបនេះផងដែរ ពិសេសក្រមុំៗដែលព័ទ្ធឱបថើបសិរីមន្ដ នោះ ចេះតែមានអារម្មណ៍ច្របូកច្របល់ខ្លាចតែប្រពន្ធសិរីមន្ដ ប្រចណ្ឌគេទៀតផង។ ទោះជាយ៉ាងណា សិរីមន្ដ មិនដែលហ៊ានលាតត្រដាងរឿងស្នេហ៍នេះឲ្យបានច្បាស់លាស់ឡើយ ខណៈដែលកាលពីឆ្នាំមុន នៅពេលដែលអ្នកយកព័ត៌មានយើងបានសួរថា តើសិរីមន្ដ មានកូន២ ឬអត់នោះ? អតីតតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មសាន់ដេ រូបនេះបាននិយាយខ្លីថា “បើមានក្មេងចិញ្ចឹម មានអីខុស កុំឲ្យតែចិញ្ចឹមកូនខ្លា អាហ្នឹងធំឡើងវាខាំម្ចាស់”៕

RELATED ARTICLES