Saturday, April 20, 2024
Homeតារាខ្មែរខៀវ សុខារ៉ាវី ដកថយពីសិល្បៈវិញ ព្រោះលោកឧកញ៉ាហួងហែង?

ខៀវ សុខារ៉ាវី ដកថយពីសិល្បៈវិញ ព្រោះលោកឧកញ៉ាហួងហែង?

អ្នកនាងខៀវ សុខារ៉ាវី ដែលជាអតីតគូដណ្តឹងរបស់លោកស៊ុក សុភា ធ្លាប់ដកថយពីពិភពសិល្បៈ រយៈពេលជិត១០ឆ្នាំ ក្រោយពេលផ្តាច់ស្នេហ៍ពីលោកស៊ុក សុភា មុនថ្ងៃមង្គលការមួយថ្ងៃ នៅអំឡុងឆ្នាំ២០០៨ ហើយក្រោយមក ត្រូវបានគេដឹងថា អ្នកនាងបានភ្ជាប់ស្នេហ៍យ៉ាងអាថ៌កំបាំង ជាមួយមន្ត្រីធំផ្កាយ២ ទ្រព្យស្តុកម្នាក់ រហូតទទួលបានចំណងដៃកូនប្រុសម្នាក់។

សុខារ៉ាវី បានវិលមកប្រឡូកនៅក្នុងពិភពសិល្បៈជាថ្មី នៅអំឡុងចុងឆ្នាំ២០១៦ បន្ទាប់ពីបែកធ្លាយដំណឹងបែកស្នេហ៍ពីលោកផ្កាយ២។ ប៉ុន្តែការតាំងចិត្តប្រឡូកជាថ្មីមិនទាន់បានមួយខ្យល់ផង ខៀវ សុខារ៉ាវី ក៏បានដកថយពីសង្វៀនសិល្បៈសន្សំជាថ្មី ក្រោមការលេចឮថា មានឧកញ៉ាសម្បូរទ្រព្យម្នាក់ហួងហែង លែងចង់ឱ្យអ្នកនាងត្រាំត្រែងនៅក្នុងអាជីពសិល្បៈប្រាក់ល្អិតបន្តទៀត។

តាមប្រភពពីតារាសិល្បៈម្នាក់ បានទម្លាយឱ្យដឹងដោយសុំមិនបង្ហាញឈ្មោះថា សុខារ៉ាវី កំពុងត្រូវបានលោកឧកញ៉ាម្នាក់ស្អំបេះដូង ខណៈដែលគេដឹងថា លោកឧកញ៉ារូបនោះ កំពុងល្បីឈ្មោះនៅក្នុងសង្គម មានទ្រព្យវាល់លានដុល្លារ និងមានមុខជំនួញជាច្រើន។

ប្រភពខាងលើបន្ថែមថា លោកឧកញ៉ារូបនោះស្រលាញ់ហួងហែងសុខារ៉ាវី ខ្លាំងណាស់ ដោយធានាជ្រោមជ្រែងលើជីវិតនាងគ្រប់បែបយ៉ាង គ្រាន់តែអ្នកនាងពុំមានសិទ្ធិចេញមុខធ្វើជំទាវស្របច្បាប់តែប៉ុណ្ណោះ។

ប្រភពខាងលើបន្ថែមថា ពេលនេះ សុខារ៉ាវី មានជីវិតហ៊ឺហាមិនចាញ់ជំទាវមួយចំនួនទេ ដែលក្រៅពីមានប្រាក់ចាយវាយពេញៗដៃ ពាក់គ្រឿងពេជ្រទាំងឈុតៗ អ្នកនាងក៏មានទាំងមុខជំនួញ បើកហាង និងរកស៊ីខាងផ្នែកអចលនៈទ្រព្យទៀតផង។ ពោលគឺអាចចាត់ទុកថា អ្នកនាងជាតារាសិល្បៈម្នាក់ ក្នុងចំណោមតារាដែលមានទ្រព្យច្រើន ដូចជា លោកព្រាប សុវត្ថិ, អ្នកនាងយុគ ចិន្តា, អ្នកនាងគង់ សុជាតិ និងអ្នកនាងខាត់ សុឃីម ជាដើម។

តាមដំណឹងថា ទន្ទឹមនឹងជីវិតកាន់តែហ៊ឺហា អ្នកនាងខៀវ សុខារ៉ារី ត្រូវបានអ្នកដឹងពីជីវិតឯកជនរបស់អ្នកនាង គោរពអ្នកនាងដូចលោកជំទាវទៅហើយ ខណៈដែលលោកឧកញ៉ាក៏មិនអនុញ្ញាតឱ្យនាងលេងសិល្បៈ នាំឱ្យខ្មៅស្បែក ខូចសម្រស់ទៀតដែរ។ ជាពិសេស ខ្លាចតួប្រុសឱបថើបអ្នកនាង ទើបសុខារ៉ាវី សម្រេចចិត្តដកថយពីពិភពសិល្បៈ ជាលើកទី២។

ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺពីអ្នកនាងខៀវ សុខារ៉ាវី បានទេ កាលពីថ្មីៗនេះ ដោយទូរស័ព្ទចូលជាច្រើនលើក តែគ្មានអ្នកទទួល។

កន្លងមក បើទោះបីអ្នកនៅក្នុងចង្កោមសិល្បៈជាច្រើនដឹងថា អ្នកនាងខៀវ សុខារ៉ាវី ភ្ជាប់ស្នេហ៍លាក់លៀមជាមួយមន្ត្រីធំផ្កាយ២ រហូតទទួលបានចំណងដៃកូនប្រុសម្នាក់ក្តី ក៏អ្នកនាងមិនធ្លាប់សារភាព ឬទម្លាយរឿងស្នេហារបស់ខ្លួនជាសាធារណៈទេ គឺតែងតែគេចវេះ មិនឆ្លើយពាក់ព័ន្ធក្នុងរឿងស្នេហាឡើយ៕

RELATED ARTICLES