សង្ឃ២អង្គដើរបិណ្ឌបាត្របានបច្ច័យ យកទៅជួលបន្ទប់ សម្រាប់ជក់ថ្នាំញៀន ត្រូវចាប់ផ្សឹក

ខេត្តសៀមរាប ៖ សង្ឃវ័យក្មេងចំនួន២អង្គ ត្រូវបានព្រះចៅអធិការវត្ត សម្រេចចាប់ផ្សឹកភ្លាមៗ រួចប្រគល់ខ្លួនឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីអតីតសង្ឃទាំង២អង្គនេះ បាននិមន្តដើរបិណ្ឌបាត្រដោយខុសច្បាប់ រួចយកប្រាក់ទាំងនោះទៅជួលបន្ទប់ស្នាក់នៅ និងទិញថ្នាំញៀនយកមកប្រើប្រាស់។

ប្រតិបត្តិការឃាត់ខ្លួនសង្ឃ២អង្គ បិណ្ឌបាត្រយកលុយជក់ថ្នាំញៀននេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងក្រុងសៀមរាប។

សង្ឃទាំង២អង្គ ដែលត្រូវចាប់ផ្សឹកនោះ រួមមាន ទី១-ឈ្មោះវិន សំណាង អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិអញ្ចាញ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងទី២-ឈ្មោះអឿន អ៊ត់ អាយុ១៧ឆ្នាំ ទីនៅក្នុងភូមិសឿ ឃុំល្វា ស្រុកសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីពលរដ្ឋល្អ ថាបានប្រទះឃើញមានសង្ឃ ២អង្គប្លែកមុខ បានមកជួលបន្ទប់ស្នាក់នៅ ហើយពេលថ្ងៃឃើញនាំគ្នាចេញទៅដើរបិណ្ឌបាត្រ រួចក៏ត្រឡប់មកសម្ងំក្នុងបន្ទប់ និងថែមទាំងមានតម្រុយថា បានប្រើប្រាស់គ្រឿងញៀនទៀតផង។

ប្រភពដដែលបន្តថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញបានចុះពិនិត្យដល់បន្ទប់ជួលដែលសង្ឃទាំង២អង្គ ខាងលើជួលស្នាក់នៅ។ លុះក្រោយពីសួរនាំ ទើបដឹងថា សង្ឃទាំង២អង្គនេះ បានដើរបិណ្ឌបាត្រដោយមិនមានច្បាប់ទម្លាប់អ្វីទាំងអស់ និងថែមទាំងបានយកបច្ច័យទាំងនោះ ទៅទិញថ្នាំញៀនប្រើប្រាស់ទៀតផង។

ប្រភពខាងលើ បញ្ជាក់ថា បន្ទាប់ពីធ្វើតេស្តទឹកនោមសង្ឃទាំង២អង្គខាងលើ រួចហើយ និងទទួលបានលទ្ធផលវិជ្ជមាន (មានសារធាតុញៀន) ក្នុងខ្លួនរួចហើយនោះ សមត្ថកិច្ចក៏ប្រគល់សង្ឃទាំង២អង្គទៅឱ្យព្រះអនុគុណក្រុងសៀមរាប ផ្សឹក រួចប្រគល់មកឱ្យជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី៕