Friday, April 19, 2024
Homeតារាខ្មែរប្រធានសមាគមភាពយន្តកម្ពុជា អាណត្តិថ្មីមានជំហរជួយភាពយន្តខ្មែរ ឲ្យមានដង្ហើមរស់

ប្រធានសមាគមភាពយន្តកម្ពុជា អាណត្តិថ្មីមានជំហរជួយភាពយន្តខ្មែរ ឲ្យមានដង្ហើមរស់

នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោកឆាយ បូរ៉ា ម្ចាស់ផលិតកម្មដើមត្នោត ត្រូវបានម្ចាស់ផលិតកម្មធំៗចំនួន១១ បានបោះឆ្នោតឲ្យរូបលោកជាប់ជាប្រធានសមាគមភាពយន្តកម្ពុជា បន្តទៀត ខណៈដែលលោកអះអាងថា លោកមានគម្រោងធ្វើញ្ញត្តិ និងតវ៉ាឲ្យមានការពន្យារពេលកំណត់ពន្ធភាពយន្ត​​រហូតដល់១០ឆ្នាំ បន្តទៀត តាមការស្នើសុំរបស់ផលិតករ ដើម្បីទុកផ្លូវឲ្យភាពយន្ត​​ខ្មែរ មានដង្ហើមរស់បានល្អ។

លោកឆាយ បូរ៉ា

លោក ឆាយ បូរ៉ា បានកាន់តំណែងជាប្រធានសមាគមភាពយន្តកម្ពុជា ២អាណត្តិមកហើយ ដោយទទួលបានលទ្ធផល និងស្នាដៃជាច្រើនក្នុងការជួយលើកស្ទួយវិស័យភាពយន្តខ្មែរ ប៉ុន្តែតំណែងប្រធានសមាគមបានផុត កំណត់តាំងពីឆ្នាំមុនមកម្ល៉េះ យ៉ាងណា អ្វីដែលស្ទើរមិនគួរឲ្យជឿនោះ​ ការបោះឆ្នោតជ្រើសប្រធានសមាគមអាណត្តិថ្មី ស្រាប់តែត្រូវបានក្រុមប្រឹក្សាសមាគមដែលម្ចាស់ផលិតកម្មធំៗ​ ចំនួន១១ផ្សេងគ្នា បានបោះឆ្នោតឲ្យលោកក្លាយជាប្រធានសមាគមក្នុងអាណត្តិថ្មីដដែល។

ក្រោយពេលជា​ប់ជាប្រធានថ្មីនៅអាណត្តិបន្តនេះភ្លាម លោកឆាយ បូរ៉ា បានប្រកាសពីគោលជំហរថា អ្វីដែលលោកត្រូវធ្វើមុនគេ គឺការស្នើសុំពន្យាពេលលើការបង់ពន្ធលើវិស័យភាពយន្តខ្មែរ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តម្រូវឲ្យផលិករទាំងអស់បំពេញកាតព្វកិច្ចពន្ធ មានលក្ខណៈច្រើនហួសពីសមត្ថភាព ខណៈដែលវិស័យភាពយន្តខ្មែរ នាពេលបច្ចុប្បន្ននេះ កំពុងតែងើបឡើងទាំងត្រដាបត្រដួសបន្តិចម្ដងៗ និងមិនទាន់មានសន្ទុះរីកចម្រើនធំធាត់ ដូចបណ្ដាប្រទេសដទៃនៅឡើយ។

លោក ឆាយ បូរ៉ា និយាយថា “បើទោះជាលទ្ធផលដាក់ញ្ញត្តិកាលពីលើកទី១ ទៅកាន់ក្រសួងវប្បធម៌ និងចិត្រសិល្បៈ នៅមិនទាន់ទទួលបានផ្លែផ្កាក្ដី ប៉ុន្តែនោះមិនមែនជាបញ្ហា​ទេ ដោយសារតែនៅពេលនេះ ក្រុមផលិតករ នៅក្នុងអាណត្តិនេះ កាន់តែមានកម្លាំងសាមគ្គីភាពគ្នារឹងមាំ ដែលពិបាកនឹងឲ្យថ្នាក់លើ ឬស្ថាប័នក្រសួង ពិសេសគឺប្រមុខដឹកនាំកម្ពុជា ឈរឱបដៃមើលនឹងភ្នែកណាស់ ពោលគឺលោកនឹងជួយដោះស្រាយបញ្ហា​មួយនេះ ឲ្យដល់​ផលិតករ ប្រកបដោយភាពឈ្លាសវៃ និងទទួលយកបានទាំងសងខាង។ ពោលគឺលោកចង់ឲ្យភាពយន្តខ្មែរ មានដង្ហើមរស់ល្អប្រសើរ មានឱកាសប្រកួតប្រជែងជាមួយភាពយន្តបរទេស។

​ចំពោះលោកអ៊ិន សុភិន ក្រុមប្រឹក្សាជាន់ខ្ពស់មួយរូប នៅក្នុងសមាគមភាពយន្តកម្ពុជា បានថ្លែងនៅក្រោយការបញ្ចប់ពិធីបោះឆ្នោត និងតែងតាំងប្រធានថ្មីនោះថា ដោយសារតែសមាគមភាពយន្តកម្ពុជា មានការផុតអាណត្តិប្រធានចាស់មួយរយៈ ទើបបណ្ដាផលិតករទាំងអស់ជួបជុំគ្នាភ្លាមៗ​ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ដើម្បីសម្រេចធ្វើការបោះឆ្នោតឲ្យមានប្រធានថ្មីផ្លូវការ ប្រចាំសមាគម​ក្នុងអាណត្តិថ្មី។ ​

លោកបន្តថា សមាសភាពចូលរួមនៅក្នុងពិធីបោះឆ្នោតនោះ រួមមានម្ចាស់ផលិតកម្មធំៗ សរុបចំនួន១១ផលិតកម្ម ដោយក្នុងនោះរួមមាន លោកឆាយ បូរ៉ា ម្ចាស់ផលិតកម្មដើមត្នោត, រូបលោកផ្ទាល់ (អុិន សុភិន)ដែលជាម្ចាស់ផលិតកម្មមហាហង្ស, លោកសែម វិសាល ម្ចាស់ផលិតកម្ម Wonderfilm Cambodia, អ្នកស្រី ថុង ស៊ីវទៀង ម្ចាស់ផលិតកម្មចក្រវាទ្បពេជ្រ, លោកលី ម៉េង តំណាងជាន់ខ្ពស់ផលិតកម្មរ៉ក់, លោកលៀក លីដា ម្ចាស់ផលិតកម្ម LD ​និងលោក ហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្មមាតុចក្រ ជាដើម។ ក្រោយការបោះឆ្នោត ​លោក ឆាយ បូរ៉ា ត្រូវបានបោះឆ្នោត​ឲ្យជាប់ជាថ្មីម្ដងទៀត ដើម្បីឲ្យការងារនៅក្នុងអាណត្តិនេះ កាន់តែមានប្រសិទ្ធិភាព ជួយដល់ផលិតករ និងវិស័យភាពយន្តខ្មែរបន្ត។

លោកអុិន សុភិន

ម្ចាស់ផលិតកម្មមហាហង្ស លោកអ៊ិន សុភិន បានបន្តថា “​​លោកឆាយ បូរ៉ា ជាប្រធានចាស់ លោកបានរួមចំណែកដាក់ញ្ញត្តិ និងតវ៉ាឲ្យមានការដាក់បញ្ចាំងភាពយន្ត ក្នុងម៉ោងមាស បានយ៉ាងជោគជ័យ ទើបធ្វើឲ្យផលិតកម្ម ដែលបានចុះបញ្ជីទាំងជាង៤០ផលិតកម្ម មានដំណើរការឡើងវិញ ដែលក្នុងនោះ ផលិតកម្មចំនួន១១ ដែលជាក្រុមប្រឹក្សាសមាគម បានក្លាយជាផលិតកម្ម ដែលមានសកម្មភាពផលិតរឿងខ្លាំងជាងគេនាពេលបច្ចុប្បន្ននេះ៕

RELATED ARTICLES