Friday, March 29, 2024
Homeតារាខ្មែរកូនភ្លោះរបស់នាយក្រឹម ម្នាក់មុខកាត់ទៅរកឪពុក ម្នាក់ទៀតមុខកាត់ទៅម្តាយ

កូនភ្លោះរបស់នាយក្រឹម ម្នាក់មុខកាត់ទៅរកឪពុក ម្នាក់ទៀតមុខកាត់ទៅម្តាយ

ភ្នំពេញ ៖ តារាកំប្លែងស្រីល្បីឈ្មោះ នាងគង់ ច័ន្ទស៊ីណា ហៅនាងព្រលិត ភរិយាទី២របស់លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម ថ្មីៗនេះ បានបង្ហាញមុខលើកដំបូងជាមួយនឹងកូនភ្លោះនាយក្រឹម ដែលមើលទៅសុខភាពទាំងម្តាយ និងកូនភ្លោះរឹងប៉ឹងល្អខ្លាំងណាស់ ចំណែកមុខមាត់របស់កូនភ្លោះស្រីរបស់នាយក្រឹម នោះ  ត្រូវបានគេមើលឃើញថា ម្នាក់មានមុខមាត់កាត់ទៅរកឪពុក (នាយក្រឹម) ចំណែកម្នាក់ទៀត មានមុខមាត់កាត់ទៅរកម្តាយ (នាងព្រលិត)។

យោងតាមគណនីហ្វេសប៊ុករបស់តារាសម្តែងអ៊ឹម ជីវ៉ា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៧ កន្លងទៅ បានបង្ហោះរូបភាពចំនួន៣សន្លឹក រួមនឹងវីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាពចុះសួរសុខទុក្ខតារាកំប្លែងនាងព្រលិត ដែលទើបតែនឹងសម្រាលកូនភ្លោះស្រីឱ្យនាយក្រឹម កាលពីពេលថ្មីៗកន្លងទៅ។

ជាមួយនេះ លោកអ៊ឹម ជីវ៉ា បង្ហោះសារមួយថា “អីយ៉ា តារាកំប្លែងនាយក្រឹម និងស្រីលាភ កើតបានកូនភ្លោះ ពិតជាគួរឱ្យស្រលាញ់ខ្លាំងណាស់ ហើយក៏មានការចុះមកសួសុខទុក្ខផ្ទាល់របស់លោកហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងបានចងដៃដល់ក្មួយទាំងពីរនូវថវិកាមួយចំនួនផងដែរ។ នេះគឺជាយកចិត្តទុកដាក់ខ្ពស់របស់លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ហែម ដារិទ្ធ ជានិច្ចជាកាលលោកតែងតែបានជួយផ្តល់ការអាណិតស្រលាញ់ ចំពោះសិល្បករ-សិល្បការនី ជាពិសេស ចំពោះ បងប្អូនប្រជាពលរដ្ឋ…”។

ដោយឡែកនៅក្នុងវីដេអូឃ្លីបរយៈពេល៣នាទីនិង១៨វិនាទី គេឃើញវត្តមានលោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានហូតប្រាក់មួយចំនួនពីហោប៉ៅ ដើម្បីកួចដៃកូនភ្លោះរបស់នាងព្រលិត និងនាយក្រឹម ផងដែរ។ ជាមួយនេះ គេឃើញនាងព្រលិត បានញញឹមទទួលស្វាគមន៍ ព្រមទាំងបានរៀបរាប់យ៉ាងខ្លីថា នៅអំឡុងពេលពពោះកូនភ្លោះនេះ នាងជួបប្រទះនូវបញ្ហាមួយចំនួន ពិសេសគឺការលំបាកក្នុងការគេង ដោយសារតែពោះរបស់នាងហាក់វៀចទៅម្ខាង ប៉ុន្តែយ៉ាងណា កូនភ្លោះនៅក្នុងផ្ទៃនេះមិនសូវធាក់ខ្លាំងនោះទេ ដោយសារតែចង្អៀតមិនដូចកូនតែមួយនោះទេ។

ជាមួយនេះ លោកអ៊ឹម ជីវ៉ា បានរៀបរាប់ក្នុងវីដេអូឃ្លីបខាងលើថា “បងប្អូនទាំងអស់គ្នា នេះជាការចុះសួរសុខទុក្ខពីសំណាក់លោកហែម ដារិទ្ធ អភិបាលនៃគណអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលបានមកសួរសុខទុក្ខតារាកំប្លែង គឺស្រីលាភ ប្រពន្ធនាយក្រឹម ដែលសម្រាលកូនស្រីទាំង២ មួយមុខដូចឪ មួយទៀតមុខដូចម៉ែ ចំណែកស្រីលាភ មុខនៅតែស្រស់ស្អាតដដែល។ បងប្អូនទាំងអស់គ្នាគាត់ទន្ទឹងរង់ចាំ ព្រោះឃើញតែបង្ហោះក្នុងហ្វេសប៊ុកថ្ងៃមុនមួយប្រាវ ឥឡូវឃើញដោយផ្ទាល់ហើយ…”។

គួរបញ្ជាក់ថា នាងព្រលិត ទើបនឹងសម្រាលកូនភ្លោះឱ្យនាយក្រឹម កាលពីអំឡុងចុងខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ប្រកបដោយសុវត្ថិភាព និងស្ថិតក្នុងភាពកក់ក្តៅបំផុត ព្រោះតែមានការផ្តល់កម្លាំងចិត្ត និងភាពកក់ក្តៅពីស្វាមី គឺនាយក្រឹម ដែលបានចូលទៅដល់ក្នុងបន្ទប់សម្រាល ជាមួយគ្នាតែម្តង។ យ៉ាងណា ក្រោយពីទទួលបានចំណងដៃកូនស្រីភ្លោះជាចំណងនិស្ស័យស្នេហ៍រួចមក គេឃើញនាយក្រឹម បានសម្តែងនូវទឹកមុខរីករាយស្រស់ស្រាយយ៉ាងខ្លាំង ដោយញញឹមបិទមាត់មិនជិតឡើយ៕

RELATED ARTICLES