Wednesday, April 24, 2024
Homeតារាខ្មែរពេជ្រ ចរណៃ ថា ជំពាក់ជីវិតលោកខៃ ប្រសិទ្ធ

ពេជ្រ ចរណៃ ថា ជំពាក់ជីវិតលោកខៃ ប្រសិទ្ធ

ភ្នំពេញ ៖ អតីតតារាសម្តែងជើងចាស់ លោកខៃ ប្រសិទ្ធ ដែលត្រូវបានមហាជនមើលឃើញថា បានចំណាយទាំងទឹកចិត្ត និងធនធានផ្ទាល់ខ្លួនក្នុងការងារមនុស្សធម៌ក្នុងសង្គមខ្មែរ ពេលនេះលោកបានសម្រេចជួយឧបត្ថម្ភជាទឹកប្រាក់ជិត២ម៉ឺនដុល្លារ ដល់តារាសម្តែងពេជ្រ ចរណៃ ដែលធ្លាក់ខ្លួនឈឺជាទម្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ ទាំងខ្វះមុខខ្វះក្រោយ។

កញ្ញាពេជ្រ ចរណៃ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ថា នាងពិតជារំភើបរកអ្វីមកនិយាយមិនចេញឡើយ បន្ទាប់ពីទទួលបាននូវទឹកចិត្តសណ្តោសប្រណីយ៉ាងធំធេងរបស់អតីតតារាសម្តែងជើងចាស់ គឺលោកខៃ ប្រសិទ្ធ ដែលលោកមិនត្រឹមតែមានចិត្តធម៌ជួយចេញថ្លៃព្យាបាលឱ្យនាងចំនួន១៨០០០ដុល្លារប៉ុណ្ណោះទេ តែលោកថែមទាំងបានឡើងមកសួរសុខទុក្ខនាងដល់មន្ទីរពេទ្យប្រទេសថៃ ទៀតផង ដែលនេះគឺជាទឹកចិត្តដ៏កម្ររកបានពិតមែន។

កញ្ញាពេជ្រ ចរណៃ បានឱ្យដឹងថា “លោកខៃ ប្រសិទ្ធ បានមកដល់មន្ទីពេទ្រនៅប្រទេសថៃ ដែលខ្ញុំវះកាត់ ហើយតម្លៃវះកាត់ចំនួន១៨០០០ដុល្លារអាមេរិក ក្រោយមន្ទីពេទ្របញ្ចុះតម្លៃឱ្យ តែនៅមិនទាន់មានលទ្ធភាពធ្វើការបង់ឱ្យថ្លៃពេទ្យនៅឡើយ ភ្លាមនោះលោកខៃ ប្រសិទ្ធ ក៏ផ្តល់ទឹកប្រាក់ចំនួន១៨០០០ដុល្លារ ឱ្យនាងខ្ញុំចេញថ្លៃពេទ្យតែម្តង”។

ឆ្លងតាមទង្វើដ៏សប្បុរសរបស់លោកខៃ ប្រសិទ្ធ នាពេលនេះ បានធ្វើឱ្យកញ្ញាពេជ្រ ចរណៃ អះអាងថា នាងបានជំពាក់ជីវិតលោកខៃ ប្រសិទ្ធ មួយ ប៉ុន្តែលោកខៃ ប្រសិទ្ធ បែរជានិយាយថា លោកមិនចង់ឱ្យនាងតបស្នងក្នុងលក្ខខណ្ឌណាមួយនោះទេ គឺសុំតែឱ្យនាងមានជីវិតរស់ ហើយបានបន្តអាជីពជាអ្នកសិល្បៈដែលនាងស្រលាញ់នោះទៅ គឺលោកពេញចិត្តណាស់ហើយ។

ចំណែកលោកខៃ ប្រសិទ្ធ បានថ្លៃងបញ្ជាក់ថា លោកមិនមែនជាអ្នកមានប្រាក់ច្រើនអីណាស់ណាទេ ប៉ុន្តែលោកមិនអាចបិទភ្នែកមិនជួយនាងមិនបានទេ ជាពិសេសនៅពេលដែលលោកដឹងថា នាងមានបញ្ហាត្រូវសង្គ្រោះ ហើយលុយទាំងនេះសុទ្ធសឹងតែជាលុយដែលលោកស្វះស្វែងរកដោយលំបាក។

គួរបញ្ជាក់ថា ក្រោយពេលធ្វើដំណើរមកសួរសុខទុក្ខ និងឧបត្ថម្ភទឹកប្រាក់ចំនួន១៨០០០ដុល្លារថ្លៃវះកាត់ ឱ្យកញ្ញាពេជ្រ ចរណៃ នៅឯមន្ទីរពេទ្យប្រទេសថៃ រួចហើយ លោកខៃ ប្រសិទ្ធ បានបន្តដំណើរចូលមកប្រទេសកម្ពុជា ទឹកដីកំណើតរបស់ខ្លួន ដើម្បីមើលម្តាយចាស់ជារា នៅឯស្រុកកំណើតផងដែរ៕

RELATED ARTICLES