ជារឿងគួរឲ្យភ្ញាក់ផ្អើល និងជាមោទនភាពមួយសម្រាប់កម្ពុជា ខណៈដែលអ្នកចម្រៀងពិការមានស្រុកកំណើតនៅខេត្តសៀមរាប ឈ្មោះ ប្រាក់ សុផាន់ណា កំពុងត្រៀមខ្លួនបង្ហាញវត្តមានដើម្បីប្រកួតប្រជែងលើកឆាកតន្ត្រីពិភពលោក បង្ហាញសមត្ថភាពច្រៀង និងកម្លាំងចិត្តតស៊ូ ក្នុងឆាកជីវិតរបស់ខ្លួន ក្នុងកម្មវិធី Our Better World នៅប្រទេសសិង្ហបុរី ។
យុវជន ប្រាក់ ផាន់ណា ជាបេក្ខជនមួយរូបមកពីប្រទេសកម្ពុជា ដែលជាប់ក្នុងជម្រើសទាំង១០ ប៉ុន្តែត្រូវការការចូលរួមបោះឆ្នោតពីអ្នកគាំទ្របន្ថែមទៀត ដើម្បីទទួលបានជ័យជម្នះពីកម្មវិធីនេះនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ។
សូមបញ្ជាក់ថា កម្មវិធី “Our Better World” មានការចូលរួមប្រកួតប្រជែងពីបេក្ខជនមកពីបណ្តាប្រទេសជាង៥០ប្រទេសក្នុងពិភពលោក ដែលបេក្ខជនទាំងអស់ត្រូវបង្ហាញពីជីវិតតស៊ូរបស់់ពួកគេ។
ជាអ្នកនិពន្ធ និងជាអ្នកចម្រៀងម្នាក់ដែលបាត់បង់គ្រប់យ៉ាងទាំងកាយសម្បទា និងក្រុមគ្រួសារគ្មានទីពឹង លោកប្រាក់ សុផាន់ណា បានយកខ្សែជីវិតពិតរបស់ខ្លួនថតជាវីដេអូ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីខាងលើ។