Saturday, April 20, 2024
Homeតារាខ្មែររ៉ាប៊ី បានត្រឹមដេកស្តាយលុយ ដោយសារបដិសេធ២ប្រទេស

រ៉ាប៊ី បានត្រឹមដេកស្តាយលុយ ដោយសារបដិសេធ២ប្រទេស

តារាលេងសម្រស់ ផាន វីរ៉ាទី ហៅរ៉ាប៊ី មានសង្ឃឹមថា ទីផ្សារចម្រៀងរបស់នាងនឹងឡើងមួយក្រឺតទៀត នៅពេលរឿង “អាឡេវចូលក្រុង” ត្រូវបានសម្ពោធដាក់បញ្ចាំង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមាននាងជាតួឯកនេះ ខណៈដែលមានដល់ទៅ២ប្រទេស ចង់ឱ្យស្រីស្រស់រូបនេះទៅរកលុយធំ នៅមុនបុណ្យចូលឆ្នាំខ្មែរ នោះ គឺប្រទេសអូស្ត្រាលី និងញូវហ្សែឡែនដ៍ ដែលប្រុសៗនៅទីនោះ អន្ទះសារង់ចាំគយគន់សម្រស់រ៉ាប៊ី ផ្ទាល់ តែរ៉ាប៊ី ហាក់រារែកចិត្ត មិនចង់ចេញទៅក្រៅប្រទេស ស្របពេលដែលមានការលើកឡើងថា អ្នកចម្រៀងរូបនេះខ្លាចជាប់អន្ទាក់ប្រុសអាណិកជនខ្មែរ នៅបរទេស ទើបបានត្រឹមដេកស្តាយលុយ…។

តារាចម្រៀងផលិតកម្មថោន ផាន វីរ៉ាទី ហៅរ៉ាប៊ី មិនដែលភ្លក្សរសជាតិការចេញទៅច្រៀងសម្តែងនៅក្រៅប្រទេសឡើយ តាំងពីបោះបង់អាជីពពិធីការិនីហង្សមាស មកធ្វើជាអ្នកចម្រៀងនៅផលិតកម្មថោន នេះ គឺកាលពីខែមុនមាន Sponsor នៅប្រទេសចិន បានហៅទៅច្រៀង តែដោយសារអ្នករៀបចំកម្មវិធីបានកំណត់ឱ្យចេញទៅតែម្នាក់ឯង ទើបនាងលុបគម្រោងហោះទៅចិន។ ដោយឡែកកាលពីពេលថ្មីៗនេះ មានព័ត៌មានថា រ៉ាប៊ី ត្រូវបានអ្នកហៅតារាឱ្យទៅច្រៀងនៅបរទេសដល់ទៅ២ប្រទេស គឺប្រទេសអូស្ត្រាលី និងប្រទេសញូវហ្សែឡែនដ៍ ចង់ឱ្យតារាស្រីលេងសម្រស់ និងក្បាច់រាំរូបនេះ ហោះទៅរកលុយនៅទីនោះ រយៈពេល២ខែ ដើម្បីឱ្យបានស្គាល់ស្រុកគេផង និងយកលុយមកវិញផង។

ប្រភពបានឱ្យដឹងថា ខាង Sponsor នៃប្រទេសទាំង២ ហ៊ានឱ្យតម្លៃខ្លួនរ៉ាប៊ី ខ្ពស់ជាងតារាដទៃទៀតផង ព្រោះមានប្រុសៗជាច្រើននៅទីនោះ សំណូមពរឱ្យតារាចម្រៀងថោន រូបនេះ ទៅច្រៀងសម្តែងនៅបរទេស ដើម្បីឱ្យពួកគេបានទស្សនារូបឆោមនាងដោយផ្ទាល់តែម្តង។

ក្នុងជំនួបផ្ទាល់ រ៉ាប៊ី និយាយបែបស្ទាក់ស្ទើរចិត្តថា រឿងរកលុយនៅក្រៅប្រទេសនោះ គឺចេះតែមានចំណូលចិត្តហើយ តែនាងមិនទាន់សម្រេចចិត្តទៅ ព្រោះថា ខែដែលគេហៅទៅច្រៀងនោះ គឺចំពេលដែលនាងរវល់រកលុយបាននៅក្នុងស្រុកខ្មែរដែរ អីចឹងគឺអាចមិនចេញទៅច្រើនជាង។

ផាន វីរ៉ាទី ថ្លែងថា “ខ្ញុំមិនដែលចេញទៅច្រៀងនៅប្រទេសក្រៅទេ តែខ្ញុំគិតថា ខ្ញុំអាចច្រៀងបទពីដើមៗបានដែរ បើសិនជាទៅ គឺមិនជាបញ្ហាទេ ទោះជាយើងជាអ្នកចម្រៀងសម័យក៏ដោយ។ ចំពោះប្រទេសអូស្ត្រាលី និងញូវហ្សែឡែនដ៍ គឺពួកគាត់ទាក់ទងមកក្នុងពេលតែ១តែម្តង អីចឹងហើយបានជាពិបាក ហើយនៅខែកុម្ភៈ ដែលគាត់ចង់ឱ្យយើងចេញទៅនោះ គឺចំពេលដែលនៅក្នុងស្រុកខ្មែរយើង ជាប់រវល់ខ្លាំងដែរ អីចឹងខ្ញុំប្រហែលជាមិនអាចចេញទៅច្រើនជាង។ តាមដឹង ខាង Sponsor នោះ គឺគាត់ឱ្យប្រាក់ខែខ្ញុំខ្ពស់ជាងតារាចម្រៀងផ្សេងមែន បើសិនជាខ្ញុំព្រមទៅ ហើយធម្មតា យើងចេះតែមានការសោកស្តាយហើយបើមិនបានទៅ ព្រោះឱកាសយើងរកលុយ តែបើសិនជាអត់បានទៅ ខ្ញុំក៏អាចរកលុយបានច្រើនគួរសមដែរ នៅមុនចូលឆ្នាំខ្មែរនោះ”។

តាមប្រភពថា ការដែលរ៉ាប៊ី ហាក់រារែកចិត្តក្នុងការស្ទូចយកលុយ២ដុំ នៅក្រៅប្រទេសនោះ មកពីស្រីស្អាតរូបនេះ ខ្លាចជាប់អន្ទាក់ស្នេហ៍ប្រុសអូស្ត្រាលី និងញូវហ្សែឡែនដ៍ នោះ ដោយត្រូវគេឃាត់មិនឱ្យវិលត្រឡប់មកស្រុកខ្មែរវិញ ហេតុនេះហើយ បានជារ៉ាប៊ី រារែកមិនចង់ទៅ បើទោះជាមិត្តភក្តិរបស់នាង បានឱ្យយោបល់ថា នៅក្រៅស្រុករកលុយស្រួលណាស់ គឺគ្រាន់តែរាំលេងក៏គេឱ្យលុយធីបមកវិញ អាចប្តូរឡានថ្មី និងទិញផ្ទះបានដោយងាយក៏ដោយ។

តារាចម្រៀងថោន រូបនេះបន្ថែមថា “ខ្ញុំដូចជាមិនគិតខ្វល់អីច្រើនទេ ព្រោះខាងអ្នកហៅយើងទៅនោះ គាត់មានក្រុមហ៊ុនត្រឹមត្រូវដែរ មិនអីទេ តែរឿងដែលខ្ញុំមិនទាន់ច្បាស់ទៅឬអត់នោះ គឺត្រង់ថា បើទៅខែហ្នុង យើងក៏ត្រូវចោលកម្មវិធីមួយចំនួននៅក្នុងស្រុកខ្មែរដែរ។ ចំពោះតារាណាមកពីច្រៀងនៅក្រៅប្រទេសវិញ គេដូរឡាន ទិញផ្ទះអី ខ្ញុំមិនហ៊ានថាទេ ព្រោះអត់ទាន់បានទៅដូចគេផង”។

រ៉ាប៊ី ដែលបោះបង់ចោលអាជីពជាពិធីការិនីរបស់ប៉ុស្តិ៍ហង្សមាស មកឆក់ឱកាសបានក្លាយទៅជាអ្នកចម្រៀងរបស់ផលិតកម្មថោន នោះ ពេលនេះ ច្រៀង១កម្មវិធី ស៊ីថ្លៃ១០០០ដុល្លារ ឡើងទៅ ហេតុនេះហើយក្នុង១រដូវក្តៅ តារាចម្រៀងរូបនេះក៏អាចរកប្រាក់ចំណូលបានរាប់ម៉ឺនដុល្លារ។

រ៉ាប៊ី ត្រូវបានមើលឃើញថា នាងមានការលើកស្ទួយពីផលិតកម្មថោន ខ្លាំង នៅពេលចុងក្រោយនេះ ព្រោះបទចម្រៀងមានចេញជាបន្តបន្ទាប់ ហើយថែមទាំងឆក់បានតំណែងជាតួឯកក្នុងរឿង “អ្នកបម្រើ០០៧” ដែលប៉ះជាមួយនាយពែកមី ទៀតផង ហើយតារាចម្រៀងរូបនេះ បានចេញឃោសនាខ្សែភាពយន្តរបស់ខ្លួន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងថ្ងៃសម្ពោធរឿងនៅផ្សារទំនើបសុវណ្ណា ទៀតផង។

RELATED ARTICLES