ប្តីវក់ល្បែង វ៉ៃបង្ខំប្រពន្ធដើរខ្ចីបុលគេ

0
302

បុរសម្នាក់នេះ វក់វីនឹងល្បែងស៊ីសង រលាយអស់ទ្រព្យសម្បត្តិ លុះរក លុយលេងមិនបានក៏វ៉ៃបង្ខំប្រពន្ធ ឱ្យដើរខ្ចីបុលគេយកលុយឱ្យខ្លួនស្រង់ដើម។ លុះប្រពន្ធផ្ទុះប្រតិកម្ម ប្តីនេះកាន់តែក្រពុលមុខបង្កហិង្សាកាន់តែខ្លាំង រហូតដល់ប្រពន្ធភ័យខ្លាចរត់គេចទៅដេកផ្ទះ បងប្អូន បែរជាប្តីចោទប្រកាន់ថា នាងមានប្រុសសហាយ…។

នាងវេង ស៊ីម អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាន រៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងទាំងតូចចិត្តអាណិតខ្លួនថា នាងមានប្តីឈ្មោះឃឹម អាន អាយុស្របាលគ្នា ដោយបង្កើតបានកូនប្រុស៣នាក់ ជាចំណងដៃ នៃជីវិតស្នេហ៍ខាន់ស្លានេះ។ មុនដំបូង ប្តីនាងពូកែរកស៊ីគួរសមដែរ ល្មមចូលចំណោមគេបាន ដោយសេសសល់ ទ្រព្យសម្បត្តិល្មមរស់ថ្លៃថ្នូរនឹងគេដែរ។ លុះចូលមកដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែប្តីញៀនល្បែង ស៊ីសង ងើបមុខមិនរួច ថ្ងៃណាក៏ឃើញនៅនឹងវង់បៀ អាប៉ោង បណ្តាលឱ្យជីវភាពគ្រួសារធ្លាក់ដុនដាប រលាយទ្រព្យសម្បត្តិបន្តិចម្តងៗ ដោយសារតែប្តីលក់យកលុយទៅចាក់ចោលក្នុងវង់បៀអាេប៉ាង។ ពេលចាញ់ម្តងៗចូលមកដល់ផ្ទះ គេរករឿងវាយធ្វើបាបនាង រហូតដល់សមត្ថកិច្ចចាប់ទៅអប់រំម្តងរួចមកហើយ តែគេនៅតែមិនរាងចាល។ ថ្ងៃខ្លះពេលអស់លុយរលីងពីខ្លួន ប្តីបានវាយបង្ខំនាងឱ្យទៅខ្ចី បុលគេ ដោយកុហកម្ចាស់បំណុលថា កូនឈឺ ដើម្បីគេ យកមកស្រង់ដើម។ មុនដំបូង ដោយសារកូនឈឺផ្សំ ផង ទើបនាងសុខចិត្តទៅខ្ចីបុលគេ លុះមកដល់ផ្ទះ ក៏ត្រូវប្តីដណ្តើមយកលុយកម្ចីនោះ ទៅលេងល្បែង ចាញ់ខ្ទេច។

លោកឃឹម អាន

នាងវេង ស៊ីម បន្តទៀតថា ថ្ងៃមួយ ប្តីចាញ់បោសគូទ ក៏មកដេញនាងឱ្យទៅខ្ចីបុលគេដូចមុន តែម្តងនេះ កូនមិនឈឺ ទើបនាងមិនធ្វើតាមស្រាប់តែ ប្តីខឹងច្រឡោតធាក់វាយដំនាងគ្មានប្រណី។ ដោយ ខ្លាចប្តីជ្រុលដៃវាយសម្លាប់ នាងក៏រត់ទៅដេកផ្ទះ បងប្អូន ស្រាប់តែប្តីចោទប្រកាន់ថា នាងដើរចោល ផ្ទះសម្បែង ទៅដេកជាមួយប្រុសសហាយទៅវិញ។ លុះដឹងថា ប្តីបាត់ខឹង ទើបនាងហ៊ានចូលផ្ទះវិញ ឥឡូវ ប្តីកាន់តែធ្វើបាបនាងទ្វេឡើង ក្រោយពេលប៉ូលិស ចាប់ខ្លួនប្តីនេះទៅអប់រំ និងឃុំខ្លួន១ថ្ងៃ១យប់រួចមក ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ។ គេចោទថា នាង ជាអ្នកប្តឹងប៉ូលិស ក៏ចង់សងសឹក ដោយដើរផឹកស៊ី ដល់យប់អធ្រាត្រ លុះមកដល់ផ្ទះប្រើនាងឱ្យគក់ច្របាច់ និងបង្ខំរួមភេទទាំងកំរោល អន់ជាងស្រីខូចទៅទៀត។

នាងវេង ស៊ីម

ដោយឡែក លោកឃឹម អាន អាយុ៣៨ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកពិតជា បានបង្ខំប្រពន្ធឱ្យដើរខ្ចីលុយគេមែន ដើម្បីបានយកទៅស្រង់ដើម ប៉ុន្តែមិនដែល វាយបង្ខំនាងទេ បើនាងទៅឬមិនទៅ ក៏ស្រេចតែនាង ហើយរឿងរកសងគេ លោកធានាទាំងស្រុង។ កន្លងមក ប្រពន្ធនេះព្រហើនណាស់ លោកស្តីប្រដៅណែនាំ មិនស្តាប់ទេ អាងរត់ទៅដេកស៊ីផ្ទះគេ ភ្លេចផ្ទះខ្លួន និងតែងស្តីប្រដៅលោកដដែលៗ ចង់ត្រួតក្បាលប្តី។ តាំងពីដើមមក ប្រពន្ធនេះមិនដែលរកលុយបាន១រៀលជួយ សងបំណុលគេទេ ក្រៅពីលោកខ្លួនឯងប្រឹងរកសងគេ ដូច្នេះចាំបាច់អីបូរបាច់ ច្រើននោះ? រឿងដែលលោកជ្រុលដៃវាយខ្លះៗនោះ មកពីប្រពន្ធមាត់រឹងពេក មិនមែនវាយបង្ខំទៅខ្ចីលុយគេទេ ហើយប្រពន្ធនេះ អាងប្តឹងប៉ូលិសឱ្យចាប់ប្តី ទៅដុសក្អែល តើប្តីណាទ្រាំមិនខឹង បើម៉្លឹងៗនោះ?

ផ្ទះនាងវេង ស៊ីម

លោកឃឹម អាន បន្តថា លោកជាមេគ្រួសារ អាចដឹងថា ធ្វើអ្វីត្រូវ ធ្វើអ្វីខុស មិនចាំបាច់ប្រពន្ធត្រួតក្បាល ក្រើនរំព្ញកព្រឹកល្ងាចនោះទេ។ លោកលេងល្បែងមែន វាមានឈ្នះមានចាញ់ ហើយពេលឈ្នះបានលុយឱ្យប្រពន្ធ ឃើញថា ប្រពន្ធនេះញញឹម ខ្ជឹប ទោះជាលោកអូសដៃឡើងគ្រែទាំងថ្ងៃ ក៏មិនប្រកែកដែរ តែបើថ្ងៃណាចាញ់នោះ ប្រពន្ធ ធ្វើមុខក្រញូវ ច្រានទ្រូងចេញមិនឱ្យលូកលាន់ គឺជាស្រី មើលឃើញតែប្រាក់។ លោកមិនចេះប្រចណ្ឌហួងហែងអ្វីទេ តែសួរថា ផ្ទះខ្លួនឯងមានផ្ទះដេកដែរ ហេតុអ្វី បានជាប្រពន្ធនេះរត់ទៅដេកផ្ទះគេ? បើមិនមានប្រុស ឈ្មោល តើមានអីទៅវិញ? រឿងប្តីប្រពន្ធជារឿងធម្មតា ទេ ដែលត្រូវជួយដោះទុក្ខធុរៈគ្នាក្នុងគ្រាមានអាសន្ន តែដល់ប្រពន្ធហ៊ានបើកកកាយរឿងប្តីប្រាប់គេឯងយ៉ាង នេះ លោកឈប់និយាយហើយ អ្វីៗស្រេចតែនាងចុះ។

លោកសាន់ វិសាល

លោកសាន់ វិសាល អាយុ៥១ឆ្នាំ មេភូមិរង ភូមិត្រពាំងថ្ម បានឱ្យដឹងថា ជម្លោះគ្រួសារមួយនេះ វាផ្តើមចេញពីភាគីប្តីញៀនល្បែងស៊ីសង លុះរក លុយលេងមិនបាន ក៏វាយប្រពន្ធឱ្យដើរខ្ចីលុយគេ មកស្រង់ដើម។ កន្លងមក អាជ្ញាធរភូមិធ្លាប់បានចុះ ទៅអប់រំច្រើនដងមកហើយ តែបុរសឃឹម អាន មិន ព្រមកែប្រែ សូម្បីប៉ូលិសចាប់ទៅឃុំឱ្យមូសស៊ី ក៏ នៅតែមិនរាង។ មានពេលខ្លះ លោកអាន ហ៊ាន ជេរប្រមាថដល់រូបលោកជាអាជ្ញាធរថែមទៀតថា កុំឱ្យ ចេះដឹងរឿងគ្រួសារគេ លុះទាល់តម្រិះ ទើបលោក រុញបញ្ហានេះឱ្យប៉ូលិសប៉ុស្តិ៍ចាត់ចែងទៅ។

លោកយាយ អ៊ី យាវ

លោកលូន កន អាយុ៦១ឆ្នាំ និងលោកយាយ អ៊ី យាវ អាយុ៦២ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា ពួកគាត់អាណិតនាងវេង ស៊ីម និងកូនៗណាស់ មិនគួរមកជួបប្តី និងឪពុកវក់បៀអាប៉ោងងើបក្បាល មិនរួចយ៉ាងនេះទេ។ បុរសប្តីនេះ បើនៅតែយកល្បែង ដាក់មុខ គង់តែរលាយទ្រព្យសម្បត្តិ អស់មិនខានឡើយ។

លោកលូន កន

គួរបញ្ជាក់ថា ប្តីញៀនល្បែង បើឈ្នះម្តងៗ តែង ហុចលុយឱ្យប្រពន្ធ ឯប្រពន្ធនោះក៏ត្រេកអរនឹងការ បានលុយ។ លុះប្តីចាញ់ក៏បង្កបញ្ហាស្តីបន្ទោសប្តី ផ្ទុះ ជាជម្លោះ អាចថា មកពីនាងសមគំនិតក្នុងការលេង ល្បែងដែរ។ ដូច្នេះបើសិនជាប្តីឈ្នះហុចលុយឱ្យ គួរនាងកុំទទួល ទើបមានឈ្មោះថា ជាប្រពន្ធស្អាត ស្អំ តែបើនាងទទួល ក៏ដូចជាការសមគំនិតគ្នា បើមាន បញ្ហាឈ្លោះគ្នា ត្រូវតែខុសទាំងអស់គ្នា…”៕