Thursday, April 25, 2024
Homeព័ត៌មានជាតិប្តីចាស់វាយដំពេក ប្រពន្ធរត់ទៅយកប្តីក្មេង

ប្តីចាស់វាយដំពេក ប្រពន្ធរត់ទៅយកប្តីក្មេង

អំពើហិង្សា ដែលកើតឡើងដោយគ្រឿងស្រវឹង ជាដើមហេតុធ្វើឱ្យ បាត់បង់សុភមង្គលគ្រួសារ និងឈានដល់ប្តីប្រពន្ធបែកបាក់គ្នាថែមទៀត។ ជាក់ស្តែង នារីម្នាក់នេះ បានអះអាងថា នាងរួមរស់ជាមួយប្តីមានសេចក្តីសុខតែគ្រាដំបូង លុះបានកូនមួយស្រាប់តែប្តីដើរផឹកស៊ីស្រវឹងធ្លាក់ភ្នែក វាយតប់ប្រពន្ធជាញឹកញាប់ ធ្វើឱ្យនាងរស់នៅស្គាល់តែទឹកភ្នែករាល់ថ្ងៃ ទ្រាំលែងបាន ក៏រត់ចោលប្តីចាស់ មកសាងស្នេហ៍ជាមួយប្តីក្មេងវិញ…។

នាងអ៊ិន ផល្លី ហៅខ្លី អាយុ២៩ឆ្នាំ រស់នៅភូមិច្រេស ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ឱ្យដឹងថា នាងជាកូនកសិករ រៀនសូត្រមិនបានជ្រៅជ្រះទេ កាលពីក្រមុំ ម្តាយទុកឪពុកដាក់ផ្សំផ្គុំឱ្យ នាងរៀបការជាមួយប្តីឈ្មោះញ៉េន ខៀន អាយុបងនាង៦ឆ្នាំ។ នៅពេលរៀបការហើយ ប្តីប្រពន្ធថ្មីថ្មោង ពួកនាងស្រលាញ់ផ្អែមល្ហែមនឹងគ្នាណាស់ ព្រោះពេលនោះប្តីមិនចេះផឹកស្រា ឬប្រើកម្លាំងបាយលើរូបរាងកាយប្រពន្ធទេ ពោលគឺប្តី ស្រលាញ់ថ្នាក់ថ្នមប្រពន្ធណាស់ ដែលកាលនោះធ្វើឱ្យជីវិតនាង រស់នៅមានសេចក្តីសុខសុភមង្គលជាខ្លាំង ប៉ុន្តែក្រោយពីបង្កើត បានកូនម្នាក់ ស្រាប់តែប្តីដ៏ល្អ របស់នាងមានការប្រែប្រួលចេះមានបនភឿនដើរផឹកស៊ីស្រវឹងធ្លាក់ភ្នែករាល់ថ្ងៃ លុះចូលដល់ផ្ទះ តែង រករឿងបង្កជម្លោះក្នុងគ្រួសារ ឈានដល់ការប្រើអំពើហិង្សា វាយតប់លើរូបរាងកាយប្រពន្ធទៀត ធ្វើឱ្យនាងឈឺសាច់ជាំមុខ ខៀវភ្នែក និងមានពេលខ្លះ ត្រូវចូលដេកមន្ទីរពេទ្យក៏មានដែរ ប៉ុន្តែ ដោយសារមុជមិនជ្រៅទៅមិនឆ្ងាយ និងសង្ឃឹមថា ថ្ងៃណាមួយ ប្តីកែខ្លួនស្រលាញ់ថ្នាក់ថ្នមប្រពន្ធ ដូចកាលពីបានគ្នាដំបូង ទើបនាងចេះ តែខាំមាត់សង្កត់ចិត្តរួមរស់លេបក្រួសលេ់បថ្ម រហូតបង្កើតបានកូន ៣នាក់ (ប្រុស២ ស្រី១) ជាចំណងដៃនិស្ស័យស្នេហ៍។

លោកប៊ុន រដ្ឋ​ (ប្តីក្មេង) និងនាងអ៊ិន ផល្លី

នាងផល្លី បន្តឱ្យដឹងទៀតថា តាំងពីកូន១ ដល់កូនទី៣ នាងត្រូវប្តីវាយធ្វើបាបរាល់ថ្ងៃ ឱ្យរស់នៅជាមួយទឹកភ្នែកឥតស្បើយ រហូតធ្លាក់ខ្លួនស្គមរីងរៃ ធ្វើឱ្យនាង ទ្រាំនឹងទង្វើរបស់ប្តីកំណាចរូបនេះតទៅទៀតលែងបាន ម៉្យាងទៀត ដោយមិនរំពឹងថា ប្តីរូបនេះកែខ្លួនផង នាងក៏សម្រេចចិត្តវេចបង្វេចនាំកូនរត់មករស់នៅផ្ទះជាមួយម្តាយបង្កើត ដើម្បីរំដោះខ្លួនចេញពីកណ្តាប់ដៃប្តីកំណាច នោះ ពុំនោះទេ នាងច្បាស់ជាត្រូវប្តីវាយធ្វើបាប រហូតដល់ស្លាប់ជាមិនខាន។ ក្រោយពីចុះចេញពីផ្ទះបានមួយរយៈ មិនទាន់លែងលះប្តី ដាច់ស្រេចផង នាងបានបង្កាត់ភ្លើងស្នេហ៍ ជាមួយប្រុសក្មេងម្នាក់ឈ្មោះប៊ុន រដ្ឋ អាយុប្អូននាង៨ឆ្នាំ យ៉ាងផ្អែមល្ហែម រួចក៏នាំគ្នាទៅធ្វើការ សំណង់នៅក្នុងទីក្រុងភ្នំពេញ បានមួយរយៈ លុះពេលត្រឡប់មកស្រុកវិញ ក៏ស្មគ្រ័យកគ្នាជាប្តីប្រពន្ធដោយបើកចំហតែម្តង។ កន្លងមក ប្តីដើមធ្លាប់មកអង្វរនាងឱ្យត្រឡប់ទៅរួមរស់ជាមួយគ្នាវិញដែរ ប៉ុន្តែនាងមិនព្រម ព្រោះនាងអស់និស្ស័យស្នេហ៍ជាមួយប្តីកំណាច រូបនោះទៅហើយ។ នាងមករួមរស់ជាមួយប្តីក្មេងទី២នេះ គឺមកតែខ្លួនទទេប៉ុណ្ណោះ ផ្ទះសម្បែងនិងទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មាន ប្រគល់ឱ្យប្តីចាស់ទាំងអស់ ហើយនាងសុំយកកូនតែម្នាក់មកចិញ្ចឹមតែប៉ុណ្ណោះ។ ពេលនេះនាងរួមរស់ជាមួយប្តីក្មេងនេះ បានរយៈពេល ១ឆ្នាំមកហើយ និងកំពុងពោះធំ៣ខែ ហើយប្តីក្មេងរូបនេះស្រលាញ់ថ្នាក់ថ្នមប្រពន្ធណាស់ មិនដែលហ៊ានលើកដៃគោះនាងមួយប៉ូក ឱ្យឈឺសាច់ម្តងណាឡើយ បើប្រៀបធៀបជាមួយប្តីចាស់ទី១មុន ខុសគ្នាឆ្ងាយដូចមេឃនិងដីអ៊ីចឹង នាងសង្ឃឹមថា រួមរស់ជាមួយ ប្តីក្មេងរូបនេះ មិនស្គាល់ទឹកភ្នែកទៀតឡើយ។

លោកប៊ុន រដ្ឋ​ (ប្តីក្មេង)

លោកប៊ុន រដ្ឋ អាយុ២១ឆ្នាំ ជាប្តីក្មេងទី២ របស់នាងអ៊ិន ផល្លី បានរៀបរាប់ឱ្យដឹងថា រូបលោកជាកូនពៅ ក្នុងចំណោមបងប្អូន៣នាក់ (ប្រុស១ ស្រី២) ដែលម្តាយមានឈ្មោះច្រឹប អាយុ៦២ឆ្នាំ ឪពុកស្លាប់ លោករៀនសូត្របានតិចតួចណាស់ ត្រឹមចប់ថ្នាក់បឋមសិក្សាក៏ឈប់ទៅ។ លុះពេលធំពេញកំលោះ លោកមិនដែលស្រលាញ់ស្រី ឬមានទំនាក់ទំនងស្នេហាជាមួយនារីណាម្នាក់ឡើយ ពោលគឺ បេះដូងនិងរូបកាយនៅកំលោះបរិសុទ្ធ។ តែក្រោយពីប្រពន្ធរូបនេះ ឱបបង្វេចរត់ចោលប្តីចាស់ មករស់នៅជាមួយម្តាយនាងវិញ ធ្វើឱ្យលោកមានចិត្តអាណិតនាងធំជាងស្រលាញ់ រួមផ្សំទាំងប្រពន្ធរូបនេះ មានរូបសម្រស់ស្រស់ស្អាត ដើមទ្រូងទ្រលុកទ្រលន់គួរឱ្យ គ្រឺតក្នាញ់ទ្រាំមិនបាន ក៏ប្រថ្រុយលួងលោមប្រលោមស្នេហ៍ រហូតនាងទន់ចិត្តឆ្លើយអូខេ! ប្រគល់ខ្លួនប្រាណ ឱ្យលោកនែបនិត្យតែម្តង។

នាងអ៊ិន ផល្លី ហៅខ្លី

បុរសជាប្តីរូបនេះបន្តថា តាមពិតលោកក៏ដឹងថា ប្រពន្ធរូបនេះ មិនទាន់លែងលះជាមួយប្តី ដើមដាច់ស្រេច ហើយក៏ដឹងថា ប្តីដើមនោះប្រើអំពើហិង្សាដាក់ប្រពន្ធដែរ ប៉ុន្តែដោយសារប្រពន្ធ រូបនេះ សម្រេចចិត្តចុះចោលប្តីចាស់ នាងមិនព្រមដើរត្រឡប់ ក្រោយទៅរួមរស់ជាមួយប្តីដើមវិញ ទើបលោកប្រថុយយកខ្លួនធ្វើជាអ្នកស្អំរបួសបេះដូងប្រពន្ធរូបនេះតែម្តងទៅ។ ក្នុងពេលសាងស្នេហ៍ ជាមួយគ្នាដំបូងប្តីដើម របស់នាងក៏តាមមក រករឿងគូស្នេហ៍ពួកលោកជាញឹកញាប់ដែរ ប៉ុន្តែប្រពន្ធ របស់លោកមិនខ្លាចញញើតជាមួយប្តីចាស់រូបនេះឡើយ ដោយហ៊ានចេញមុខតតាំងវិញ ទើបធ្វើឱ្យប្តីចាស់នោះ លែងមកតាមឆាឆៅប្តីប្រពន្ធលោករហូតមកដល់សព្វថ្ងៃ ហើយលោក អះអាងថា នឹងខំប្រឹងធ្វើខ្លួនជាប្តីល្អ ប៉ះប៉ូវផ្លូវចិត្តផ្លូវកាយប្រពន្ធដែលត្រូវប្តីដើមធ្វើបាប កន្លងមក ដើម្បីឱ្យនាងលុបបំបាត់ការឈឺចាប់ទាំងនេះ ចោលពីជីវិត។

អ្នកស្រីសំ ណាល់

ដោយឡែក លោកញ៉េន ខឿន អាយុ៣៥ឆ្នាំ ជាប្តីដើមរបស់នាងអ៊ិន ផល្លី អាយុ៣៥ឆ្នាំ អ្នកយកព័ត៌មានយើងមិនអាចទាក់ទង សុំការបកស្រាយបានឡើយ ព្រោះលោកចេញទៅធ្វើការសំណង់នៅទីក្រុងភ្នំពេញ ឯណោះ តែយ៉ាងណា យើងនឹងរង់ចាំលោកមកបំភ្លឺជានិច្ច។

អ្នកស្រីសំ ណាល់ អាយុ៥៨ឆ្នាំ ជាម្តាយបានឱ្យដឹងថា គាត់អាណិតកូនស្រីម្នាក់នេះ ខ្លាំងណាស់ ខំរៀបការយកប្តីតាម ម្តាយទុកឪពុកដាក់ បែរជាជួបប្តីកំណាចចូលចិត្តវាយដំលើរូបរាងកាយប្រពន្ធទៅវិញ ធ្វើឱ្យនាងរស់នៅជាមួយទឹកភ្នែករាល់ថ្ងៃ ដូចធ្លាក់នរកអវិចីអ៊ីចឹង។ គាត់ក៏មានចំណែកកំហុសឆ្គងក្នុងរឿងនេះដែរ ដែលមានភ្នែកស្អុយ មើលមនុស្សខុសលើកកូនស្រីឱ្យរៀបការជាមួយប្រុសគ្មានចិត្តធម៌បែបនេះ។ ចំពោះការសម្រេចចិត្ត របស់កូនស្រី រត់ចោលប្តីដើម និងមកសាងស្នេហ៍ជាមួយប្តីក្មេង ក្រោយនេះ គាត់មិនហាមឃាត់ ឬរារាំងកូនស្រីឡើយ គាត់ទុកសិទ្ធិឱ្យនាងជាអ្នកជ្រើសរើសផ្លូវជីវិតដើរដោយខ្លួនឯងចុះ ព្រោះគាត់ មិនចង់នាំផ្លូវឱ្យកូនស្រីខុសម្តងទៀតឡើយ។

អ្នកស្រីមួង ឆេង

អ្នកស្រីមួង ឆេង អាយុ៥២ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងថា កាលពីរួមរស់ជាមួយប្តីចាស់ នាងអ៊ិន ផល្លី ត្រូវប្តីវាយធ្វើបាបទាំងផ្លូវចិត្តផ្លូវកាយ ថ្ងៃណាក៏ដូចជាថ្ងៃណា បើកភ្នែកឡើងកាលណា ស្គាល់តែទឹកភ្នែក រហូតនាងទ្រាំលែងបាន ក៏វេចបង្វេចរត់ចោលប្តីចាស់ មកសាងស្នេហ៍ ជាមួយប្តីក្មេងនេះម្តងវិញ។ តែយ៉ាងណា ការដែលនាងមិនទាន់លែងលះប្តីដើមដាច់ស្រឡះ ហើយ មកបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសផ្សេង មិនសមភ្នែកញាតិឡើយ ដែលអាចឱ្យគេចោទប្រកាន់ជា ស្រីផិតក្បត់ប្តីបាន។ គួរតែនាងផល្លី ផ្តាច់សម្ព័ន្ធភាពជាមួយប្តីដើម តាមផ្លូវច្បាប់ឱ្យដាច់ស្រឡះ សិន ទើបអាចយកប្តីទី២ បាន ដើម្បីការពារមិនឱ្យភ្លើងកំហឹង របស់ប្តីដើមផ្ទុះឡើង និងឱ្យស្របតាមផ្លូវច្បាប់ផង។

គួរបញ្ជាក់ថា បុរសដែលយកស្រាធ្វើជាត្រីមុខ ស្រវឹងធ្លាក់ភ្នែករាល់ថ្ងៃ បើមិនខ្ជិលរឿង ការងារស្រែភ្លឺ ក៏មិនខ្វាយខ្វល់រឿងរកប្រាក់ចិញ្ចឹមប្រពន្ធកូនដែរ និងចូលចិត្តប្រើអំពើហិង្សាក្នុង គ្រួសារ រហូតនាំឱ្យបែកបាក់ប្តីប្រពន្ធទៀតផង គួរតែបុរសគ្រប់រូបវៀរចាកឱ្យបានគ្រឿងស្រវឹង ដើម្បីចៀសផុតអពមង្គលក្នុងគ្រួសារ…”៕

RELATED ARTICLES