Friday, April 26, 2024
Homeព័ត៌មានជាតិក្រមុំសៅកែ បោកប្រុសស្នេហ៍យកកូនប្រើ

ក្រមុំសៅកែ បោកប្រុសស្នេហ៍យកកូនប្រើ

នារីមួយ ចំនួនតែង មានការភ័យភិត នៅពេលថ្លោះ ធ្លោយមានកូនជាមួយប្រុសស្នេហ៍ ខ្លាចប្រុសស្នេហ៍ រត់ចោលមានកូនអត់ប្តី។ ប៉ុន្តែ ក្រមុំសៅកែរូបនេះ ដោយសាខ្លាច គ្មានកូនប្រើ ក៏ប្រថុយប្រគល់ខ្លួនឱ្យ ប្រុសស្នេហ៍ជនជាតិវៀតណាម បំណងបោកយកកូនប្រើ ទោះជាប្រុសស្នេហ៍បោលចោល ក៏នាងមិនស្រក់ទឹកភ្នែកមួយតំណក់ស្តាយ ក្រោយឡើយ…។

នាងនន ស្រីម៉ៅ អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ បានរៀបរាប់ឱ្យដឹងថា នាងជាកូនបន្ទាប់ពៅក្នុងចំណោមបងប្អូន៦នាក់ (ប្រុស៣ ស្រី៣) ដែលម្តាយឈ្មោះង៉ែត ពៅ អាយុ៥៥ឆ្នាំ ឪពុកឈ្មោះនៅ សេរីសួ អាយុស្មើគ្នា ជាកសិករ។ កាលពីក្មេង នាងមានវាសនាចូលសាលារៀនសូត្របានតិចតួចណាស់ មិនចប់ថ្នាក់បឋមសិក្សាផង ក៏ឈប់ទៅ ស្គាល់តែការងារស្រែចម្ការ និងដើររសាត់អណ្តែតស៊ីឈ្នួលជួលព័ទ្ធគេគ្មានទំនេរដៃ គ្រប់ទីកន្លែងទាំងក្នុងប្រទេស និងក្រៅប្រទេស។ នាងបានចេញទៅ ធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុននាំពលករចេញ ទៅក្រៅប្រទេស ស្របច្បាប់មួយ រហូតដល់ទៅ៣អាណត្តិ ឯណោះ មិនតិចឆ្នាំឡើយ ព្រោះតែជួបថៅកែជាម្ចាស់ផ្ទះ មានចិត្តធម៌ មិនវាយធ្វើបាប ព្រមទាំងអាណិតស្រលាញ់នាង ដូចជា ក្រុមគ្រួសារតែមួយអ៊ីចឹង ទើបនាងតែងមកបំពេញបែបបទ ទៅធ្វើការនៅស្រុកគេជាបន្តបន្ទាប់។

នាងនន ស្រីម៉ៅ និងកូន

នារីរូបនេះ បន្តឱ្យដឹងទៀតថា ក្នុងរយៈពេលដែលនាង ចេញទៅធ្វើជាពលករនៅស្រុកគេ គឺស្របពេលដែលនាងកំពុង ពេញវ័យក្រមុំ ប៉ុន្តែគ្មានឱកាសបានសាងចំណងស្នេហ៍ជាមួយ ប្រុសណាម្នាក់ឡើយ ព្រោះរស់នៅស្រុកគេរហូត។ លុះនាង ត្រឡប់មកស្រុក ឈប់ចេញទៅធ្វើជាពលករ នៅប្រទេសម៉ាឡេស៊ី នោះ គឺនាងមានវ័យជ្រេ ក្លាយជាក្រមុំសៅកែ ប្រចាំភូមិ គ្មានប្រុសណា ម្នាក់ហ៊ានមកក្បែរ ចូលស្តីដណ្តឹង យកធ្វើជាគូជីវិតឡើយ។ លុះពេលដែលនាងចេញទៅធ្វើការឱ្យក្រុមហ៊ុន ឯកជនមួយនៅម្តុំតំបន់សេដ្ឋកិច្ចពិសេស ក្រុងភ្នំពេញ ក៏បានស្គាល់ ជាមួយបុរសម្នាក់ឈ្មោះជ្រឺន អាយុ៤០ឆ្នាំ ជាជនជាតិវៀតណាម មកធ្វើការនៅទីនោះដែរ។ មុនដំបូងរវាងនាង និងបុរសជនជាតិ វៀតណាមម្នាក់នោះ ស្គាល់គ្នាជាធម្មតាប៉ុណ្ណោះ តែក្នុងចិត្តនាង មិនចង់និយាយរកជាមួយគេនោះទេ ប៉ុន្តែលោកជ្រីន ចេះតែ ព្យាយាមមកក្បែរ និយាយលែបខាយបង្កប់ន័យស្នេហា ដាក់នាងជារឿយៗ តែនាងមិនសូវជាចាប់អារម្មណ៍យក ចិត្តទុកដាក់ទេ ដោយយល់ថា មនុស្សប្រុសមានអាយុ៤០ឆ្នាំទៅហើយ មិននៅកំលោះទេ ប្រាកដជាមានប្រពន្ធ កូនរួចទៅហើយ នៅឯប្រទេសកំណើតរបស់គេ។ គេមក រស់នៅក្នុងស្រុកខ្មែរ ដើម្បីរកប្រាក់យកទៅចិញ្ចឹមប្រពន្ធ កូនរបស់គេតែប៉ុណ្ណោះ។

លោកជ្រីន

នាងស្រីម៉ៅ បន្តទៀតថា ក្រោយមក ដោយសារ រូបនាងមានអាយុកាន់តែច្រើន ជិតអស់រដូវលែងមាន កូនទៅហើយ ម៉្យាងទៀតប្រុសៗជនជាតិខ្មែរដូចគ្នាមិនមាន នរណាម្នាក់ស្រលាញ់នាងផង ទើបនាងព្រមបើកប្រអប់ បេះដូងទទួលយកសេចក្តីស្រលាញ់ពីប្រុសវៀតណាម ម្នាក់នេះ។ តែក្នុងចិត្តរបស់នាងបានគិតរួចជាស្រេចទៅហើយ នាងមិនចង់ឱ្យប្រុសវៀតណាម រូបនេះស្រលាញ់នាងអស់មួយ ជីវិតទេ សំខាន់ឱ្យតែនាងរួមរស់ជាមួយគេបង្កើតបានកូនម្នាក់ សម្រាប់តពូជ និងមើលថែខ្លួនពេលចាស់ជរា ធ្វើការលែងកើត ទោះជាប្រុសស្នេហ៍បោះបង់នាងចោល ត្រឡប់ទៅស្រុកកំណើត របស់គេវិញ ក៏នាងមិនឈឺចិត្តស្អិតទ្រូង ឬស្រក់ទឹកភ្នែកមួយតំណក់ ឡើយ ព្រោះនាងដាក់ចិត្តស្រលាញ់គេ បំណងតែបោកគេយកកូនប្រើ តែប៉ុណ្ណាះ។ បន្ទាប់ពីនាងប្រគល់ខ្លួនប្រាណឱ្យប្រុសស្នេហ៍កន្លង ពោះធំ បាន៤ខែ នាងក៏ត្រឡប់មកស្រុកកំណើតវិញ បំណងរត់គេចពីប្រុស វៀតណាម តែមានឯណា! លោកជ្រីន ស្រលាញ់នាងស្មគ្រ័ស្មោះ តាមនាងដូចជាស្រមោលអន្ទោលតាមប្រាណ ដោយបានធ្វើដំណើរមក ដល់ស្រុកកំណើតនាង និងទាមទាររៀបចំពិធីសែនព្រេន មួយព្រឹក យកនាងធ្វើជាប្រពន្ធពេញច្បាប់ រួមរស់ជាមួយគ្នាដោយបើកចំហ មកដល់សព្វថ្ងៃ។ តែយ៉ាងណា នាងនៅតែត្រៀមចិត្តត្រៀមកាយ រួចជាស្រេចហើយ ទោះជាប្តីរូបនេះរត់ចោលនាង ក៏នាងមិនឈឺចាប់ ស្រក់ទឹកភ្នែកមួយតំណក់ឡើយ អ្វីដែលសំខាន់នោះ ឱ្យតែនាងបោកប្តី រូបនេះយកកូនប្រើឱ្យសមដូចបំណងសិន។

នាងនន ស្រីម៉ៅ

ដោយឡែក លោកជ្រីន អាយុ៤០ឆ្នាំ ជាជនជាតិវៀតណាម ត្រូវជាប្តីនាងនន ស្រីម៉ៅ អ្នកយកព័ត៌មានយើងមិនអាចទាក់ទង សុំការបកស្រាយបន្ថែមបានទេ ព្រោះលោកចេញទៅធ្វើការនៅទីកន្លែងឆ្ងាយ។ តែយើងនឹងរង់ចាំការបំភ្លឺពីលោក គ្រប់ពេលជានិច្ច។
អ្នកស្រីង៉ែត ពៅ ជាម្តាយបានឱ្យដឹងថា គ្រាន់តែ ធំពេញក្រមុំភ្លាម កូនស្រីម្នាក់នេះ មិនសូវរស់នៅជួបជុំ គ្រួសារឡើយ នាងបានពលីកម្មខ្លួនចេញទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី អស់រយៈពេលជាច្រើនឆ្នាំ រហូតដល់ក្រមុំសៅកែមានអាយុ៣០ឆ្នាំ មិនទាន់មាន ប្តីទៀត ព្រោះតែប្រុសៗនៅក្នុងភូមិ គ្មានអ្នកណាម្នាក់ ចាប់ចិត្តស្រលាញ់ ឬចូលស្តីដណ្តឹងកូនស្រីគាត់រៀបការយកធ្វើជាប្រពន្ធ។ លុះក្រោយពីនាងឈប់ទៅ ធ្វើការជាពលករនៅប្រទេសម៉ាឡេស៊ី និងទៅធ្វើការ នៅទីក្រុងភ្នំពេញ ក៏បានជួបស្នេហ៍ជាមួយប្តីវៀតណាម រូបនេះតែម្តង ក្នុងបំណងបោកយកកូនប្រើ។

អ្នកស្រីង៉ែត ពៅ

ស្ត្រីជាម្តាយរូបនេះ បន្តទៀតថា នៅពេលកូនស្រី បង្កាត់ភ្លើងស្នេហ៍ទុំមុនស្រគាលជាមួយប្តីរូបនេះ គាត់ ក៏ដូចជាក្រុមគ្រួសារមិនដឹងឡើយ រហូតដល់នាង ថ្លោះធ្លោយដើរហួសគន្លងប្រពៃណី ពោះធំ៤ខែ ទើប នាំប្រុសស្នេហ៍មកស្រុកឱ្យក្រុមគ្រួសារស្គាល់មុខ។ ចំណែកពួកគាត់វិញ ដោយយល់ថា អង្ករក្លាយជា បាយទៅហើយ ទោះបីជាប្រុសស្នេហ៍របស់កូនស្រី ជាជនជាតិវៀតណាម ក្តីក៏គាត់មិនប្រកាន់វណ្ណៈ រើសអើងពូជអម្បូរដែរ ដោយបានរៀបចំសែនព្រេនឱ្យ ពួកគេមួយព្រឹក បំពេញភ្នែកញាតិឱ្យពួកគេក្លាយ ជាប្តីប្រពន្ធមកដល់សព្វថ្ងៃ។ ពេលនេះ កូនស្រីរបស់ គាត់ពោះធំ៧ ខែហើយ កំពុងតែត្រៀមខ្លួនសម្រាល កូននៅក្នុងរយៈពេលដ៏ខ្លីខាងមុខ។ នាងប្រាប់ថា ទោះជាថ្ងៃក្រោយប្តីរត់ចោល ក៏មិនស្តាយក្រោយដែរ ឱ្យតែបានកូនប្រើ។


រីឯអ្នកស្រុកមួយចំនួនទៀត បានឱ្យដឹងស្របគ្នាថា ពួកគាត់មិនដឹងពីប្រវត្តិស្នេហ៍របស់ប្តីប្រពន្ធនាង ស្រីម៉ៅ ទេ ព្រោះក្រោយពីនាងឈប់ចេញទៅបម្រើ ការងារនៅប្រទេសម៉ាឡេស៊ី ហើយចេញទៅធ្វើការ នៅក្នុងទីក្រុងភ្នំពេញ បានមួយរយៈ ក៏បណ្តើរប្តីវៀតណាម រូបនេះចូលផ្ទះ ទាំងពោះធំប៉ុនកញ្ជើ ធ្វើឱ្យអ្នកស្រុកភូមិមានការភ្ញាក់ផ្អើលគ្រប់គ្នា។ តែទោះជាយ៉ាងណា សាមីខ្លួននាងស្រីម៉ៅ តែងតែនិយាយជារឿយៗថា នាងយកប្តីរូបនេះគ្រាន់តែបោកយកកូនប្រើប៉ុណ្ណោះ។ ដូច្នេះទោះបីប្តីរូបនោះអស់ចិត្តអស់ ស្នេហ៍បោលចោលនាង ក៏នាងមិនឈឺចិត្តសូម្បីតែ ប៉ុនសរសៃសក់ច្រៀកជា៤ចំណែក…”៕

RELATED ARTICLES