ខ្លាចប្រពន្ធផិត ប្តីតាមឃ្វាល

0
429

ប្តីប្រពន្ធមួយគូនេះ កាលដើមឡើយ ស្រលាញ់ជឿទុកចិត្តគ្នាណាស់។ លុះបន្ទាប់ពីបងថ្លៃក្បត់ចិត្តប្តី មានប្រុសសហាយ ស្រាប់តែធ្វើឱ្យបុរស ជាប្តីខ្លាចប្រពន្ធផិតក្បត់ប្តី ដើរតាមលំអានបងស្រី ក៏លែងជឿទុកចិត្តលើប្រពន្ធដូចមុន ក៏តាមឃ្វាលនាងគ្រប់ជំហាន សូម្បីតែប្រពន្ធ ទៅបន្ទប់ទឹក ក៏ប្តីតាមឃ្វាលដែរ…។

នាងថាន់ ពូម អាយុ៣៥ឆ្នាំ រស់នៅភូមិសួង ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ ឱ្យដឹងថា នាងបានចូលរោងការជាមួយ ប្តីសព្វថ្ងៃ អាយុបងខ្លួនទៅដល់១០ឆ្នាំ ឯណោះ រួមរស់ជាមួយគ្នាមានរយៈពេលជិត២០ឆ្នាំមកហើយ ដោយបង្កើតកូនប្រុសស្រីបានចំនួន៦នាក់ សម្រាប់តពូជពង្សវង្សត្រកូលទៅថ្ងៃមុខ និងចាប់របរធ្វើស្រែចម្ការច្បារដំណាំជាស្បៀងលៀង ជីវិត។ តាំងពីចាប់ដៃគ្នាមក ប្តីប្រពន្ធនាងស្រលាញ់ជឿទុកចិត្តគ្នាណាស់ ត្បិតតែប្តីមានអាយុច្រើន តែមិនដែលកើតរោគប្រចណ្ឌ ជាមួយប្រពន្ធម្តងណាឡើយ ធ្វើឱ្យក្រុមគ្រួសារនាងរស់នៅមានសេចក្តី សុខសុភមង្គលជាខ្លាំង មិនដែលមានជម្លោះជេរបញ្ចោរគ្នាឮដល់ត្រចៀក អ្នកភូមិផងរបងជាប់គ្នាឡើយ យ៉ាងហោចណាស់ ទាក់ពាក្យសម្តីគ្នា២-៣ម៉ាត់ ក៏ស្ងាត់មាត់ចូលដេក រៀងៗខ្លួនអស់ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ប្តីនាងប្រែប្រួលចរិតខុសប្លែកពីមុនអស់រលីង ចេះកើតរោគប្រចណ្ឌ តាមហួងហែង ប្រពន្ធមិនឱ្យដើរដូចមុនទេ សូម្បីតែនៅក្នុងភូមិមានកម្មវិធីបុណ្យទាន ក៏ប្តី ហាមមិនឱ្យប្រពន្ធទៅចូលរួមដែរ។ ជាពិសេស ឃើញនាងនិយាយស្តីជាមួយ ប្រុសៗមិនបានទេ ប្តីតែងរករឿងឈ្លោះ និងពេលខ្លះទៀតហ៊ានលើកដៃទះតប់ លើរូបរាងកាយប្រពន្ធទៀតផង។

លោកប្រាក់ សារីម

នាងថាន់ ពូម បន្តថា ប្តីចាប់ផ្តើមកើតរោគលែងជឿទុកចិត្តប្រពន្ធ គឺក្រោយ ពេលដែលបងស្រីបង្កើត របស់នាងបានក្បត់ចិត្តប្តីទៅមានប្រុសឈ្មោល ទើប ប្តីយកលេសនេះមកប្រចណ្ឌហួងហែងប្រពន្ធមិនឱ្យនិយាយទាក់ទងជាមួយប្រុសៗ បើនាងហ៊ានមានះច្បាស់ជាត្រូវឈឺខ្លួនជាមិនខាន។ សព្វថ្ងៃនេះ ប្តីមិន ត្រឹមតែកើតរោគប្រចណ្ឌប៉ុណ្ណោះទេ ថែមទាំងចូលចិត្តប្រើអំពើហិង្សាវាយ ដំប្រពន្ធទៀត។ ពិសេសពេលប្តីត្រឡប់មកពីព័ទ្ធវង់ផឹកស្រា ស្រវឹងធ្លាក់ភ្នែកកម្រើកតណ្ហា ក៏មកកេះកៀវឡើងឋានសួគ៍លោកិយ បើនាងប្រកែកមិនព្រមបំពេញបំណង ប្តីតែងរករឿងឈ្លោះដៀលត្មះពូជអម្បូរនាង និងចោទ ប្រកាន់ប្រពន្ធមិនស្មោះត្រង់លួចមានប្រុសឈ្មោល ម្តងលើក ដាក់អ្នកនេះ ម្តងលើកដាក់អ្នកនោះ និងតាមឃ្លាំមើលប្រពន្ធ គ្រប់ជំហាន សូម្បីតែនាងចូលបង្គន់ ក៏ប្តីតាមទៅចាំមាត់ទ្វារដែរ ចាត់ទុកប្រពន្ធដូចជាអ្នកទោសបម្រុងរត់ចេញពីគុកអ៊ីចឹង ធ្វើឱ្យនាងហួសចិត្តជាខ្លាំង រស់នៅក្នុងភាពអាប់អួរាល់ថ្ងៃ។

នាងថាន់ ពូម

នាងបញ្ជាក់ទាំងអួលដើមកថា បើតាមចិត្តនាងផ្ទាល់មិន ចង់ជួបប្រសព្វជាមួយប្តីឡប់ខួររូបនេះទៀតទេ ប៉ុន្តែអាណិត កូននៅតូចៗ មិនទាន់ដឹងអីឯណោះ ខ្លាចក្លាយជាក្មេងកំព្រារស់ នៅគ្មានភាពកក់ក្តៅ និងអនាគតមិនគាប់ប្រសើរ ម៉្លោះហើយ ទើប នាងទ្រាំលេបក្រួសលេបថ្ម រួមរស់ជាមួយប្តីរូបនេះរហូតមក។
លោកប្រាក់ សារីម ជាប្តីបានឱ្យដឹងតាមទូរស័ព្ទ ខណៈដែល កំពុងបើកគោយន្តទៅចម្ការថា លោកមិនមានចិត្តប្រចណ្ឌ ហួងហែងទេ តែក៏មិនបណ្តោយឱ្យនាងដើរហើរយប់ព្រលប់ តាមអំពើចិត្តដែរ ព្រោះលោកមានមេរៀនស្រាប់ហើយ ដោយ បងថ្លៃ (បងស្រីប្រពន្ធ) បានលួចមានប្រុសឈ្មោលផិតក្បត់ចិត្ត ប្តីម្នាក់ទៅហើយ ដូច្នេះលោកខ្លាចប្រពន្ធដើរតាមលំអានបងស្រី ទើបចេះតែមានការប្រុងប្រយ័ត្នបន្តិចទៅ ចៀសវាងគោចូល ចម្ការ ទើបធ្វើរបង។ បើប្រពន្ធមានចិត្តស្មោះត្រង់ជាមួយប្តី រឿងអីត្រូវខ្លាចលោកតាមដាននោះ? ហើយលោក ក៏មិនចង់ប្រើដៃជើងដាក់ប្រពន្ធដែរ តែមកពីនាងមានចិត្តមានះពេក មិនចេះស្តាប់បង្គាប់ប្តី ទោះនិយាយលួងលោមប្រើធម៌ត្រជាក់អស់ចិត្ត ក៏មិនស្តាប់ ទើបប្រើកម្លាំងបាយប្រដៅនាង ខ្លះទៅ ប៉ុន្តែមិនធ្ងន់ធ្ងរដូចនាងរៀបរាប់ខាងលើឡើយ។

នាងថាន់ ពូម និងលោកប្រាក់ សារីម (កាលថ្ងៃរៀបការ)

បុរសជាប្តីរូបនេះបញ្ជាក់ថា តាមពិតទៅ លោកស្រលាញ់ប្រពន្ធកូន ណាស់ ទើបប្រចណ្ឌតាមហួងហែងនាង ខ្លាចនាងភ្លើតភ្លើនភ្លេចខ្លួនដើរផ្លូវ មិនល្អដូចបងថ្លៃ។ ចំណែករឿងលើគ្រែវិញ បើនាងព្រមបម្រើ ប្តីឡើងឋានសួគ៍លោកីយ៍តាមសម្រួល ក៏គ្មានការចាប់បង្ខំរួមរ័កដែរ គឺមកពីរូបនាងទេ ឱ្យតែប្តីកម្រើកតណ្ហាចង់ឡើងឋានសួគ៍ បែរជានាងធ្វើប្ញកកិកកុកញ៉ុកក្បិន តើប្តីឯណាទ្រាំបាននោះ? ហើយលោកក៏គ្មានជម្រើសអ្វីក្រៅពីប្រើកម្លាំង បាយ និងតាមឃ្លាំមើលប្រពន្ធគ្រប់ជំហានដែរ បើនាងមិនបំពេញតណ្ហាប្តី ហើយចង់ធ្វើអ្វីផ្តេសផ្តាសដូចបងស្រីនោះ លោកមិនអាចទទួលយកបានទេ។

ផ្ទះនាងថាន់ ពូម

អ្នកស្រីមាស វឿង ជាលេខាភូមិ និងជាមន្ត្រីកិច្ចការនារីប្រចាំភូមិបានឱ្យដឹងថា គាត់បានទទួលបណ្តឹងផ្ទាល់មាត់ពីនាងថាន់ ពូម ជាប្រពន្ធហើយ ប៉ុន្តែមិនទាន់ទៅដោះស្រាយទេ ព្រោះករណីប្តីប្រពន្ធ មួយគូនេះ មិនទាន់ធ្ងន់ធ្ងរប៉ុន្មានឡើយ។ បើតាមគាត់ សង្កេតឃើញជាក់ស្តែង ជម្លោះពួកគេ គឺផ្តើមឡើង ដោយបុរសជាប្តីកើតភ្លើងប្រចណ្ឌ សង្ស័យប្រពន្ធមាន ចិត្តមិនស្មោះត្រង់ដូចគ្រាមុន ម៉្យាងបងស្រីរបស់ប្រពន្ធ ទើបតែមានចិត្តក្បត់ប្តីថ្មីៗផង ទើបលោកប្រាក់ សារីម ជាប្តីតាមឃ្វាល ឬការពារធ្វើរបងទុកជាមុនតែម្តង តែយ៉ាងណា ប្តីប្រពន្ធពួកគេនៅនិយាយស្តាប់គ្នាបាន។

លោកជួន ហឿន

លោកជួន ហឿន ជាមេភូមិរង បានឱ្យដឹងថា ចំពោះករណីជម្លោះប្តីប្រពន្ធនាងផាន់ ពូម លោកមិនទាន់ ទទួលបានពាក្យបណ្តឹងជាផ្លូវការពីភាគីណាមួយទេ ប៉ុន្តែ លោកបានដឹងរឿងនេះខ្លះៗដែរ និងចាត់ចែងឱ្យអ្នកស្រី មាស វឿន ទទួលបន្ទុកកិច្ចការនារីប្រចាំភូមិ ចុះទៅធ្វើ ការស៊ើបអង្កេតជម្លោះក្នុងរង្វង់ប្តីប្រពន្ធពួកគេហើយ រង់ចាំទទួលបានព័ត៌មានច្បាស់ការ ទើបកោះហៅ ពួកគេមកធ្វើការអប់រំលាយលក្ខណ៍ជាអក្សរបញ្ចប់ រឿងតែម្តង។

អ្នកស្រីមាស វឿង

គួរបញ្ជាក់ថា ភ្លើងប្រចណ្ឌកើតឡើងពីការស្រលាញ់ ឬមិនជឿទុកចិត្តលើដៃគូស្នេហ៍របស់ខ្លួន ក៏ធ្វើការតាមដាន ឬតាមឃ្វាលគ្រប់ជំហាន ដែលករណី បែបនេះ គ្មានបានចំណេញអ្វីទេ មានតែខាតវេលាធ្វើ ការរកស៊ី និងនាំមកនូវភាពរកាំរកូសក្នុងគ្រួសារ។ ចាស់ៗតែងនិយាយថា ក្រមុំ ទោះជាចាក់សោបន្ទប់ច្រើន ជាន់យ៉ាងណា បើចង់ខូចនៅតែរកល្បិចខូចបានដដែល ឬឆ្កែកន្ទុយខ្វៀន  ទោះតម្រង់យ៉ាងណា ក៏នៅតែខ្វៀន។ តែយ៉ាងណា គួរតែអប់រំដោយសន្តិវិធី កុំយកកំហឹង ទៅប្រើនាំឱ្យខឹងខុស ខឹងខូច ខឹងខាត…”៕