សុំត្រីក្លែមស្រាមិនបាន ធ្វើអំពើសម្លាប់

0
364

ទោះបីជាមានការអប់រំផ្សព្វផ្សាយ ទប់ស្កាត់ជំនឿមិនសមហេតុសមផល យ៉ាងណា ក៏រឿងអាបធ្មប់ អំពើអំព័ន្ធ នៅតែមានឥទ្ធិពល ក្នុងសង្គមខ្មែរជានិច្ច។ ជាក់ស្តែង បុរសម្នាក់នេះ អះអាងថា ខ្លួន ត្រូវអំពើគេវិះនឹងស្លាប់ ក្រោយពេល បុរសម្នាក់សុំត្រីទៅអាំងក្លែមស្រា តែដោយចាប់ត្រីបានតិចពេក ទើបខ្លួន មិនឱ្យ បណ្តាលឱ្យអ្នកសុំខឹងសម្បា ធ្វើអំពើសម្លាប់…។

លោកឡេង សុខៃ អាយុ៣១ឆ្នាំ រស់នៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ បានរៀបរាប់ថា លោកមានប្រពន្ធឈ្មោះស៊ីម ស្រៀង អាយុ២៨ឆ្នាំ បង្កើតបានកូន២នាក់ មានមុខរបរជាកម្មករសំណង់ និងនេសាទត្រី។ លោកនិងភរិយាមិនដែលមានទំនាស់ជាមួយអ្នកភូមិ ណាឡើយ តែងប្រាស្រ័យរាប់អានគ្នាជាធម្មតា មិន នឹកស្មានថា គ្រាន់តែរឿងសុំត្រីមួយមិនបាន ស្រាប់តែ គេហ៊ានធ្វើអំពើសម្លាប់លោក បើកុំតែប្រពន្ធ និងបងប្អូន មិត្តភក្តិដឹកយកមកព្យាបាលទាន់ ម៉្លេះសមលោកស្លាប់ជាខ្មោចបាត់ទៅហើយ។ លោករំព្ញកថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ លោកនិងមិត្តភក្តិមួយចំនួន បាននាំគ្នាទៅនេសាទ ត្រីឯបឹង តាមទម្លាប់ដូចរាល់ដង ហើយឱ្យតែវិលពីនេសាទវិញ តែងតែមានអ្នកភូមិខ្លះស្ទាក់សុំត្រីមិនសូវខាន។ ថ្ងៃនោះ លោកស្ពាយទ្រូដាក់ត្រីមកដល់ភូមិ ដោយបានត្រីបន្តិចបន្តួច ខុសពីថ្ងៃមុនៗ លុះមានបុរសម្នាក់ សុំត្រីធំមួយទៅអាំងក្លែមស្រា លោកក៏ប្រាប់ថា មានតែត្រីតូចៗ អត់ត្រីធំទេ តែបើចង់បានអាធំ ចាំថ្ងៃ ក្រោយទៅ ព្រោះថ្ងៃនេះចាប់បានតិចណាស់ មិនរួចថ្លៃបាយផង។ ភ្លាមនោះ ស្រាប់តែអ្នកសុំត្រីខឹងសម្បា លាន់មាត់ថា “មិនអីទេអ្ហែង ចាំមើល ទៅ!” លោកមិនចាប់អារម្មណ៍នឹងពាក្យនេះទេ ក៏ចេះតែដើររហូតដល់ផ្ទះ។

នាងស៊ីម ស្រៀង និងលោកឡេង សុខៃ

លោកឡេង សុខៃ បន្តទៀតថា គ្រាន់តែចូលដល់ផ្ទះភ្លាម លោក ចាប់ផ្តើមចុកពោះស្ទើរប្រកាច់ ដោយក្អួតធ្លាក់សុទ្ធតែឈាមជិតកន្លះ កន្ថោរ បណ្តាលឱ្យប្រពន្ធ និងបងប្អូនភ័យស្លន់ស្លោ ប្រញាប់ដឹកលោកទៅមន្ទីរពេទ្យ ហើយគ្រូពេទ្យប្រាប់ថា លោកធ្លាយក្រពះ និងមានជំងឺធ្ងន់ធ្ងរ បានជាក្អកធ្លាក់ឈាមយ៉ាងនេះ។ ទោះជាគ្រូពេទ្យដាក់ថ្នាំយ៉ាងណាក៏មិនជាដែរ ទើបមិត្តភក្តិជួយដឹកទៅរកគ្រូខ្មែរ នៅភូមិចុងព្រៃ ឱ្យជួយព្យាបាលម្តង ទើបលោកអាចរស់រានមានជីវិត មកទល់សព្វថ្ងៃ។ គ្រូមន្តអាគម បានប្រាប់ថា រូបលោកមានគេធ្វើអំពើឱ្យស្លាប់ ដោយខឹងសុំត្រីមិនបាន ហើយ គេប្រើសិល្ប៍កាំបិតទម្លុះពោះ ទើបបានជាធ្លាក់ឈាមយ៉ាងនេះ។ សំណាង ហើយដែលមានគេជួយដឹកមកទាន់ពេលវេលា ឥឡូវលោកបានជា សះស្បើយវិញហើយ តែក៏មិនចងអាឃាតព្យាបាទនឹងអ្នកធ្វើអំពើ នោះដែរ សុំតែសុខប៉ុណ្ណោះ។

លោកគ្រូឡឹម លាន់

លោកសន សិទ្ធ អាយុ២៧ឆ្នាំ ជាមិត្តជិតស្និទ្ធ បានឱ្យដឹងថា លោកបានឃើញហេតុការណ៍ជាក់ស្តែងនឹងភ្នែក ខណៈដែលទើបមកពីចាប់ ត្រីឯបឹង ហើយមានបុរសម្នាក់ស្ទាក់សុំត្រីរ៉ស់១ ពីលោកសុខៃ ទៅអាំងក្លែមស្រា។ លុះលោកសុខៃ ថា មានតែត្រីតូចៗ ឯអាធំបានតិចពេកឱ្យមិន កើត បណ្តាលឱ្យអ្នកសុំនោះខឹងសម្បា លាន់មាត់ថា “មិនអីទេអ្ហែង ចាំមើលទៅ!”។ លុះលោកសុខៃ ដើរមកដល់ផ្ទះក៏ក្អួតឈាមវ៉កៗ ទើបរូបលោក និងប្រពន្ធមិត្តនេះ បានដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យ លុះពេទ្យព្យាបាលមិនជា ក៏យកមកឱ្យគ្រូខ្មែរ ព្យាបាល ទើបបានជាសះស្បើយទៅ។ កន្លងមក លោកធ្លាប់ឮអ្នកភូមិនិយាយតៗគ្នាថា បុរសម្នាក់នេះ ចេះធ្មប់ ប៉ុន្តែ ពួកលោកមិនជឿទេ លុះដល់

លោកឡេង សុខៃ

ឃើញមិត្តភក្តិធ្លាក់ឈាម ជាក់ស្តែងនឹងភ្នែក និងបានគ្រូមន្តអាគមប្រាប់ថា គេធ្វើអំពើសម្លាប់ ដោយប្រើកាំបិតសិល្ប៍ ទើបជឿ។ ពួកម៉ាកលោកដែលមានជំងឺនេះ ពីមុនមកមានសុខភាពល្អណាស់ ក្រៅពីមុខរបរ ជាកម្មករសំណង់ តែងឆ្លៀតលេងបាល់ទះមិនដែលខាន ហើយក៏មិនដែលប្រមឹកស្រា រហូតដល់ធ្លុះក្រពះនោះដែរ។ ដឹងអី! សុខៗ ស្រាប់តែធ្លាក់ឈាមបែបនេះ ទើបលោកជឿថា សិល្ប៍មន្តអាបធ្មប់ពិតជាមានមែន ប៉ុន្តែលោកសុំតែសុខទេ ខ្លាចគេធ្វើអំពើ ដាក់ដែរ នៅតែស្ងៀមល្អជាង។

លោកសន សិទ្ធ

នាងស៊ីម ស្រៀង អាយុ៣០ឆ្នាំ ជាប្រពន្ធជន រងគ្រោះបានឱ្យដឹងថា នាងកំពុងពពោះកូនទី៣ ត្រៀម សម្រាលនៅប៉ុន្មានខែខាងមុខនេះហើយ។ លុះឃើញ ប្តីឈឺធ្លាក់ឈាមយ៉ាងគំហុកបែបនេះ នាងភ័យរន្ធត់ ខ្លាំងណាស់ និងព្យាបាលអស់ពីលទ្ធភាព រហូតដល់ ប្តីជាសះស្បើយវិញ។ វាមិនសមសោះ សព្វបើរឿង ត្រីផ្ទក់១សុំមិនបាន ស្រាប់តែអ្នកសុំធ្វើអំពើសម្លាប់ គេទាំងស្រស់បែបនេះ មិនសមជាមនុស្សទេ តែនាង ក៏មិនហ៊ានប្តឹងផ្តល់អ្វីដែរ ខ្លាចគេធ្វើទៀត។
លោកគ្រូឡឹម លាន់ ជាគ្រូខ្មែរ ល្បីពូកែខាង ដោះអំពើអំព័ន្ធ បានឱ្យដឹងថា សំណាងហើយ ដែលលោកសុខៃ បានមករកលោកគ្រូឱ្យជួយទាន់ពេល វេលា កុំអីពិបាកព្យាបាលណាស់ ព្រោះសិល្ប៍មន្តគេ ប្រើកាំបិតឱ្យចូលពោះនោះ ទុកយូរ នឹងហូរឈាម រហូតដល់ស្លាប់។

នាងស៊ីម ស៊្រុន​និងលោកសុខ ដែន

នាងស៊ីម ស៊្រុន អាយុ២២ឆ្នាំ និងប្តីឈ្មោះសុខ ដែន អាយុ២៣ឆ្នាំ ជាប្អូនបង្កើត និងប្អូនថ្លៃជនរងគ្រោះ បានឱ្យដឹងស្របគ្នាថា ពួកនាងមិនជឿអំពើអំព័ន្ធអ្វីទេ លុះ មកឃើញបងប្រុសមានសុខភាពល្អសោះ ស្រាប់តែ ធ្លាក់ឈាមស្រស់ៗបែបនេះក៏ជឿថា មន្តធ្មប់ពិតជាកាច សាហាវមែន បើរកគ្រូជួយមិនទាន់ច្បាស់ជាស្លាប់។
គួរបញ្ជាក់ថា តាមជំនឿបុរាណ ការប្រើកាំបិត សិល្ប៍ ឱ្យចូលពោះនោះ គឺគ្រូធ្មប់បានសូត្រសែកមន្ត អាគមឱ្យកាំបិតនោះក្លាយជាសត្វរុយហើរតាមមាត់ ចូលពោះជនរងគ្រោះ។ លុះរុយសិល្ប៍ចូលដល់ពោះ ក៏ក្លាយជាកាំបិតវិញ ចាក់ទម្លុះក្រពះពោះវៀនជនរងគ្រោះឱ្យស្លាប់ តែបើមានគ្រូជួយដោះ នឹងឱ្យកាំបិត នោះធ្លាក់មកវិញបាន។ ជំនឿនេះ នៅតែមានឥទ្ធិពល ក្នុងសង្គមខ្មែរ ជានិច្ច រហូតដល់មានការចងអាឃាត ព្យាបាទលួចកាប់សម្លាប់គ្នា ដោយឃាតករនោះ ចោទជនរងគ្រោះថា ជាគ្រូធ្មប់។ ជាក់ស្តែង បុរសប៉ុន្មាននាក់ទៅហើយ នៅខេត្តកំពត កំពង់ធំ រតនគិរី ត្រូវគេលួចសម្លាប់កាត់ក្បាល ដោយចោទថា ជនរងគ្រោះជាគ្រូធ្មប់ ឯឃាតករនោះត្រូវសមត្ថកិច្ចចាប់ បានប្រឈមនឹងពន្ធនាគារ…”៕