Saturday, April 27, 2024
Homeព័ត៌មានជាតិយកប្តីប្រុសព្រាន បានត្រឹមទឹកភ្នែក

យកប្តីប្រុសព្រាន បានត្រឹមទឹកភ្នែក

នារីមួយចំនួនរើសប្តីពេក បែរជាជួបប្តីខិលខូចប្រភេទព្រាននារី ធ្វើឱ្យនាងរងទុក្ខវេទនា តូចចិត្ត អាណិតខ្លួនស្តាយវ័យក្រមុំ។ យ៉ាងណាមិញ នារីម្នាក់នេះរើស ប្តីណាស់ ព្រោះតែចង់មានអនាគត ប្រកបដោយសុភមង្គល តែជាអកុសល ក៏ជួបប្តីព្រាន បង្កើតកូនរួចដើរចោល លុះនាងពកូនទៅតាមពេល គេកំពុងឱបស្រីថ្មី ត្រូវគេស្តីបណ្តេញ ឱ្យរស់ជាមួយទឹកភ្នែក…។

នាងប៊ុន ញ៉ អាយុ៣១ឆ្នាំ រស់នៅភូមិកណ្តាល ឃុំជម្ពូវ័ន ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ថា នាងជាកូនទី២ ក្នុងចំណោមបងប្អូន៦នាក់ ឪពុកឈ្មោះខឹម ធីម អាយុ៦៧ឆ្នាំ ម្តាយឈ្មោះឆោម ម៉ាលី អាយុ៦២ឆ្នាំ។ នាងឈប់រៀនត្រឹមថ្នាក់ទី២ ព្រោះរៀនមិនចូល ហើយគ្រាន់តែចូលវ័យក្រមុំភ្លាម ក៏មានកំលោះៗ ជ្រួលជ្រើមចង់បាននាងជាគូគាប់ទ្រនាប់ទ្រូង ប៉ុន្តែ នាងរើសប្តីណាស់ មិនដែលឆ្លើយចាស ជាមួយប្រុសណាទេ។ លុះមានវ័យ១៩ឆ្នាំ នាងបានចេញទៅធ្វើការរោងចក្រកាត់ដេរនៅភ្នំពេញ នៅតែក្នុងម្លប់ ងូតទឹកម៉ាស៊ីនរាល់ថ្ងៃ ដែលរូបនាងជាប់សែស្រឡាយចិន ផងនោះ ក៏បែកសាច់សទ្រលុកទ្រឡន់ ស្រស់ស្អាត មិនចាញ់ ក្រមុំៗរោងចក្រឯទៀតដែលធ្វើការជាមួយគ្នា។ ស្របពេលនោះដែរ ក៏នៅតែមានប្រុសៗ តាមលួងលោមសុំស្នេហ៍ជាបន្តបន្ទាប់ ប៉ុន្តែ នាងមិនពេញចិត្តទេ ព្រោះខ្លាចប៉ះប្រុសព្រាននារី។

លោកគង់ នៅ និងនាងប៊ុន ញ៉ (កាលថ្ងៃរៀបការ)

នាងបញ្ជាក់ថា ពុំមែននាងមិនចង់បានប្តីនោះទេ ប៉ុន្តែ ចង់ជ្រើសរើសគូស្រករឱ្យបានល្អិតល្អន់ ហើយប្រុសដែលនាងប្រាថ្នា លុះត្រាតែមានរូបរាងស្រស់សង្ហាគួរសម បើបណ្តើរគ្នាទៅវាសមភ្នែកញាតិ និងមានប្រវត្តិត្រឹមត្រូវផង ជាពិសេស ត្រូវមាន ការងារធ្វើច្បាស់លាស់ មិនជាប្រភេទមនុស្សដើរទាត់ខ្យល់។
នាងប៊ុន ញ៉ បន្តទៀតថា លុះធ្វើការរោងចក្រ បាន៣ឆ្នាំ ក៏មានកំលោះម្នាក់ឈ្មោះគង់ នៅ អាយុប្អូន នាង២ឆ្នាំ ជាកម្មករសំណង់ តែងមកទិញបាយសម្លក្បែរ រោងចក្រ បានជួបនាង ក៏ព្យាយាមតាមលួងលោម សុំស្នេហ៍។ គេសារភាពថា រូបគេជាកំលោះបរិសុទ្ធ មិនធ្លាប់មានសង្សារឯណាទេ ហើយគ្រាន់តែបាន យល់ភក្ត្រ័ដ៏បវររបស់នាងភ្លាម គេដេកមិនលក់ បក់ មិនល្ហើយ បើមិនបាននាងជាគូទេ គេសុខចិត្តទៅបួស មួយជីវិត។ កំលោះនេះមកពីខេត្តព្រៃវែង មានពាក្យ សម្តីពីរោះផ្អែមល្ហែមណាស់ លុះគេញ៉ែយូរៗទៅ នាងក៏ទន់ចិត្តដូចក្រមួនត្រូវថ្ងៃ បើកផ្លូវឱ្យគេចូលស្តី ដណ្តឹងតាមប្រពៃណី មិនហ៊ានលេងផ្លូវកាត់នោះទេ ព្រោះខ្លាចប្រុសព្រានបោកប្រាស់។

នាងប៊ុន ញ៉ បង្ហាញរូបថតអនុស្សាវរីយ៍

នាងប៊ុន ញ៉ បន្តទៀតថា ក្រោយពីរៀបការ រួចមក ទោះបីជាក្រីក្រ កំពុងកវែកកឆ្នាំងយ៉ាងណា ក៏សេចក្តីស្នេហាមានភាពផ្អែមល្ហែមណាស់ រហូតបង្កើតបានកូនប្រុស២នាក់ ជាចំណងដៃនិស្ស័យ ស្នេហ៍។ នៅពេលនាងសម្រាលកូនប្រុសទី២ បាន៣ខែ ប្តីក៏សុំចេញទៅធ្វើកម្មករសំណង់នៅភ្នំពេញ វិញដដែល ហើយខែដំបូង គេផ្ញើលុយមកឱ្យនាងជាហូរហែ។ លុះខែក្រោយៗមកទៀត ក៏បាត់សូន្យឈឹង សូម្បីទូរស័ព្ទក៏ទាក់ទងមិនបានដែរ លុះនាងតាមដានទៅក៏ដឹងថា ប្តីនេះកំពុងតែសប្បាយនឹងស្រីក្មេង តែនាងមិនហ៊ានបង្ករឿងជាមួយគេទេ បានត្រឹមអង្វរប្តីឱ្យចូលផ្ទះតែប៉ុណ្ណោះ។

នាងប៊ុន ញ៉ និងកូនៗ

នារីអភ័ព្វស្នេហ៍បន្តទៀតថា កន្លងមក នាងកត់សម្គាល់បានថា ប្តីនេះ តណ្ហាក្រាស់ណាស់ ទោះជានាងបំពេញចំណង់ឱ្យគេរាល់យប់ក្តី ក៏គេមិន ចេះស្កប់ស្កល់ ដេករវើរវាយ និយាយជាមួយស្រីផ្សេងឯណោះ ទោះកំពុងដេកឱបនាង។ លុះចូលមកដល់ឆ្នាំ២០១៧ នេះ ប្តីលែងចូលផ្ទះរហូត ក៏មានអ្នកជិតខាងប្រាប់ថា ប្តីនេះកំពុងរួមរស់ជាមួយ ប្រពន្ធចុង ភ្លេចរូបនាងហើយ។ នាងមិនអស់ចិត្ត ក៏ពកូនប្អូន ដឹកដៃកូនច្បង តាមទៅមើលប្តីដល់ផ្ទះជួល ក៏ឃើញប្តីកំហូចកំពុង ដេកឱបស្រីថ្មី ប្រាកដដូចពាក្យគេថាមែន។ ពេលនោះ ប្តីបាន បញ្ចោញក្រយៅព្រានឱ្យនាងឃើញ ហើយដោយគេឱបស្រីស្នេហ៍ ថើបបញ្ឈឺនាង រួចស្តីបណ្តេញនាង និងកូន ដោយប្រកាសមិន ទទួលស្គាល់ទៀតផង។ ឯប្រពន្ធចុងនោះ ក៏ព្រួតគ្នាស្តីបណ្តេញនាងដែរ ដោយគំរាមផង ធ្វើឱ្យនាងចុះចាញ់ សុខចិត្តនាំកូនវិលមក ស្រុកវិញទាំងទឹកភ្នែក នឹកស្តាយកំហុសថា កាលកំលោះរូបអាក្រក់ចូលសួរ នាងមិនព្រមទេ ចង់បានតែប្តីសង្ហា ទីបំផុតប៉ះប្រុសព្រាន បានត្រឹមទឹកភ្នែក មានតែប្រឹងដើរស៊ីឈ្នួលជួលព័ទ្ធគេ រកលុយចិញ្ចឹមកូនតែម្នាក់ឯងទៅ។

អ្នកស្រីឆោម ម៉ាលី

ដោយឡែក លោកគង់ នៅ អាយុ២៩ឆ្នាំ ជាប្តី អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺ បនាឡើយ ព្រោះគេផ្តាច់លេខទូរស័ព្ទទាំងអស់ លែង ទាក់ទងជាមួយប្រពន្ធដើម មានតែរូបថតពេលរៀបការប៉ុណ្ណោះ។
អ្នកស្រីឆោម ម៉ាលី អាយុ៦២ឆ្នាំ និងអ្នកស្រីលួន ភាព អាយុ៥០ឆ្នាំ ជាម្តាយនិងជាមីងខាងស្រី បានឱ្យដឹងថា នាងញ៉ កាលនៅក្រមុំស្អាតណាស់ មិនខ្វះទេប្រុសចោមស្រលាញ់ តែនាងរើសតែប្តីឡូយ សង្ហា មិនចង់បានប្តីអន់ ទីបំផុតប៉ះប្តីប្រុសព្រាន។ គ្រាន់តែនាងបង្កើតបានកូន២នាក់ ប្តីព្រាននេះចាប់ផ្តើមមានស្រីថ្មី ពីម្នាក់ទៅម្នាក់ រហូតដល់ប្រពន្ធតាមទាន់ ហើយប្តីនោះសាហាវណាស់ ប្រកាសមិនទទួលស្គាល់ប្រពន្ធកូន ពិតជាចិត្តខ្មៅអប្រិយខ្លាំងណាស់។ ពួកគាត់មិនចង់ប្តឹងផ្តល់ នាំពិបាកឡើងតុលាការ អស់សោហ៊ុយនោះទេ មានតែទុកឱ្យកូនស្រី និងក្មួយ នេះរងទុក្ខវេទនាតាមយថាកម្មទៅចុះ ធ្វើម៉េចជាកំហុស នាងចង់បានប្តីឡូយ ប៉ះប្រុសព្រាន។

អ្នកស្រីលួន ភាព

គួរបញ្ជាក់ថា ប្រុសព្រាននារីមិនចាំបាច់មាន ឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់នោះទេ ត្រឹមតែកម្មករសំណង់ ឬកម្មកររោងចក្រ ឱ្យតែមានរូបរាងស្រស់សង្ហា និងតណ្ហាក្រាស់ ក៏អាចក្លាយជាព្រាននារីបានដែរ។ គេ យករូបសម្បត្តិ និងវោហារសាស្ត្រទាក់ក្រមុំក្រីក្រឱ្យ លង់ខ្លួនបានយ៉ាងងាយ ហើយឱ្យនារីអភ័ព្វទាំងនោះ រកស៊ីចិញ្ចឹមគេទៀត ដែលករណីបែបនេះ “អង្គរធំ” ធ្លាប់ចុះផ្សាយជាហូរហែ។ ហេតុនេះ យុវតីទាំងឡាយ ដែលចង់បានគូរួមវាសនា គួរកុំមើលឃើញតែរូប ស្រស់សង្ហាពេក បើមានកំលោះណារូបរាងមិនសូវបាន ទាក់ទង គួរប្រថុយយកទៅ ព្រោះបុរសរូបអាក្រក់ ឬខ្មៅ ចិត្តមិនខ្មៅដូចស្បែកទេ ផ្ទុយទៅវិញ បុរសសាច់ សជ្រះសង្ហា វោហារហូរដូចទឹកមួយចំនួនចិត្តអាក្រក់ ណាស់ គួរប្រយ័ត្នឱ្យមែនទែន…”៕

RELATED ARTICLES