Friday, March 29, 2024
Homeព័ត៌មានជាតិប្រពន្ធមានប្រុសថ្មី ដេញប្តីចុះចេញពីផ្ទះ

ប្រពន្ធមានប្រុសថ្មី ដេញប្តីចុះចេញពីផ្ទះ

ប្តីប្រពន្ធមួយគូនេះ កើតឡើងដោយការចាប់បង្ខំពី ចាស់ទុំ ព្រោះប្រពន្ធមិនស្រលាញ់ លុះរួមរស់ជាមួយគ្នា បង្កើតបានកូនទៅដល់៤នាក់ ទៅហើយ ពេលប្តីធ្លាក់ខ្លួនឈឺធ្ងន់ ស្រាប់តែប្រពន្ធ មានគំនិតបែកឆ្វេង លួចមានទំនាក់ទំនង ស្នេហាជាមួយប្រុសថ្មី នាំឡើងលើផ្ទះ រួចជេរបណ្តេញប្តីដើមឱ្យចុះចេញពីផ្ទះ…។

លោកព្រីង ក្រឹម អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត បានរៀបរាប់ ជាមួយនឹងទុក្ខសោកឱ្យដឹងថា លោកជាកូនបន្ទាប់ពៅ ក្នុង ចំណោមបងប្អូន៤នាក់ (ប្រុស១ ស្រី៣) ដែលមានឪពុក ឈ្មោះចេង ស៊ីណា អាយុ៦៧ឆ្នាំ ម្តាយស្លាប់។ កាលពីក្មេង លោករៀនសូត្រមិនបានវែងឆ្ងាយនឹងគេទេ ស្គាល់តែ ការងារស្រែចម្ការ លុះពេលធំពេញកំលោះអាយុ២១ឆ្នាំ ឪពុកម្តាយបានចូលស្តីដណ្តឹងនារីម្នាក់ឈ្មោះចាន់ ឃឿន អាយុប្អូនលោក៥ឆ្នាំ រៀបការធ្វើជាប្តីប្រពន្ធ។ តាមពិត ទៅ ប្រពន្ធមិនមានចិត្តស្រលាញ់លោកតាំងពីដំបូង នាង ព្រមចូលរោងការតាមបំណងឪពុកម្តាយបង្ខំតែប៉ុណ្ណោះ។ លុះពេលរាត្រីផ្សំដំណេកចូលមកដល់ នាងមិនព្រមឱ្យប្តី ប៉ះពាល់ខ្លួនប្រាណទេ ប្រើសុទ្ធតែជើងសេះផាយធាក់ និងក្តិចខ្ញាំដាក់ប្តីអស់រយៈពេលរាប់ខែឯណោះ មិនឱ្យប្តីមាន ឱកាសនៅក្បែររួមរ័កមេត្រីជាមួយនាងឡើយ ធ្វើឱ្យលោក ទ្រាំមិនបានក៏យករឿងនេះ ប្រាប់ឪពុកម្តាយក្មេក និងគំរាម ប្តឹងទាមទារប្រាក់ថ្លៃបណ្ណាការមកវិញទៀត ទើបឪពុកម្តាយ នាងចេញមុខធ្វើការសម្របសម្រួល ស្តីបន្ទោសឱ្យនាង ទើបប្រពន្ធផ្លាស់ប្តូរចិត្តឱ្យប្តីបានផ្សំដំណេក រួមរស់ជាមួយ គ្នារហូតបង្កើតបានកូន៤នាក់ (ប្រុស៣ ស្រី១) ជាចំណងដៃ និស្ស័យស្នេហ៍។ ទោះបីជាប្រពន្ធមិនស្រលាញ់ប្រើពាក្យ គំរោះគំរើយដាក់ប្តីយ៉ាងណា ប៉ុន្តែលោកអាចទទួល យកបាន។

លោកព្រីង ក្រឹម

លោកព្រីង ក្រឹម បន្តទាំងក្តុកក្តួលថា តាំងពីរួមរស់ ជាមួយប្រពន្ធមក លោកមានសុខភាពរឹងមាំល្អណាស់។ លុះចូលដល់ឆ្នាំ២០១៥ លោកចេះតែមានអាការក្តៅខ្លួន ស្រៀវស្រាញមិនដឹងមូលហេតុ តែចៃដន្យលោកបានហូប សាច់ទាកាប៉ា ស្រាប់តែកើតមានជំងឺឃ្លង់ល្ពៅពេញខ្លួន បណ្តាលឱ្យឈឺចុកចាប់ពេញរាងកាយ។ តែយ៉ាងណា ពេលនោះ លោកអាចនៅមានលទ្ធភាពផ្តល់សេចក្តីសុខ យល់ព្រលប់ដល់ប្រពន្ធបានជាធម្មតា។ ចាប់តាំងពីពេល នោះមក លោកសង្កេតឃើញថា នាងចាប់ផ្តើមប្រែប្រួល ចិត្តស្អប់ខ្ពើមរូបលោកជាប្តី លែងឱ្យប៉ះពាល់ខ្លួនប្រាណ របស់នាង។ មិនត្រឹមតែប៉ុណ្ណោះ ប្រពន្ធជើងល្អរូបនេះ មានគំនិតបែកឆ្វេង លួចបង្កាត់ភ្លើងស្នេហ៍ផិតក្បត់ ជាមួយបុរសម្នាក់ឈ្មោះរ៉ិត ខា អាយុបងលោក៤ឆ្នាំ យ៉ាងផ្អែមល្ហែមនឹងគ្នា។ លុះចូលដល់ខែមេសា ឆ្នាំ២០១៦ កន្លងមកថ្មីនេះ ប្រពន្ធមានថ្លើមធំបានរួមដៃជាមួយ សហាយធ្វើបាបចិត្តលោកជាប្តីរៀបការពេញច្បាប់ ព្រម ទាំងជេរប្រមាថឱ្យលោកចុះចេញពីផ្ទះទៀតផង។

លោកព្រីង ក្រឹម រស់នៅក្នុងខ្ទម​ តែម្នាក់ឯង

បុរសជាប្តីរូបនេះបន្តទៀតថា ដោយមានការឈឺ ចាប់មិនអាចទ្រាំនឹងការប្រមាថមើលងាយ របស់ប្រពន្ធ ផិតក្បត់រូបនេះតទៅទៀតបាន លោកក៏ត្រូវបង្ខំចិត្តចុះចេញ ពីផ្ទះ មានតែខោអាវមួយចង្កេះឆ្អេះនឹងខ្លួនប៉ុណ្ណោះ ដោយ មកសុំដីបងប្អូនសង់កូនខ្ទម ជ្រកកោនយ៉ាងលំបាកវេទនា តែម្នាក់ឯង សូម្បីតែកូន ក៏នាងហាមឃាត់មិនឱ្យរាប់រក លោកជាឪពុកដែរ។ ជាងនេះទៀត ក្រោយពីលោកចុះចេញពីផ្ទះ ភ្លាម នាងបាននាំប្រុសសហាយឈ្មោះរ៉ិត ខា មករួមរស់ដល់លើផ្ទះ យ៉ាងមានសេចក្តីសុខ លើគំនរទុក្ខប្តីដើម។ តែយ៉ាងណារវាង លោកនិង ប្រពន្ធមិនទាន់ផ្តិតមេដៃលែងលះគ្នាតាមផ្លូវច្បាប់ដាច់ ស្រឡះនៅឡើយទេ។

នាងចាន់ ឃឿន និងលោករ៉ិត ខា (ប្តីទី២)

នាងចាន់ ឃឿន អាយុ៣៦ឆ្នាំ ជាប្រពន្ធ បានឱ្យដឹងថា នាង ជាកូនអ្នកស្រែចម្ការ រៀនសូត្រមិនបានច្រើនទេ លុះធំពេញក្រមុំ អាយុ១៧ឆ្នាំ ឪពុកម្តាយបានចាប់បង្ខំឱ្យនាងរៀបការយកប្តី ជាមួយមនុស្សដែលខ្លួនមិនស្រលាញ់ ទើបនាងធាក់ក្តិចខ្ញាំមិន ព្រមផ្សំដំណេក មិនឱ្យប្តីប៉ះពាល់ខ្លួនប្រាណ អស់រយៈពេលជាច្រើនខែ ទាល់តែឪពុកម្តាយស្តីបន្ទោសផង និយាយគំរាមផង ព្រមទាំងរកគ្រូមន្តអាគមស្នេហ៍បន្ទន់ចិត្ត ទើបនាងប្រគល់ខ្លួន ប្រាណឱ្យប្តីនែបនិត្យ រហូតបង្កើតបានកូន៤នាក់នេះឯង។ នៅ ពេលរួមរស់ជាមួយគ្នា ជីវិតនាងមិនសូវមានសុភមង្គលប៉ុន្មាន ឡើយ ព្រោះប្តីកើតរោគប្រចណ្ឌរកលេខដាក់គ្មាន សូម្បីតែនាង និយាយរកជាមួយបងប្អូនប្រុសក៏មិនលើកលែងដែរ តែងរករឿង ឈ្លោះជេរបញ្ចោរដៀលពូជអម្បូរ ព្រមទាំងប្រើអំពើហិង្សាវាយតប់ លើប្រពន្ធបែកមុខ ខៀវភ្នែកជាញឹកញាប់ទៀតផង ធ្វើឱ្យជីវិតនាង រស់នៅជាមួយទឹកភ្នែករាល់ថ្ងៃ។ លុះចូលដល់ឆ្នាំ២០១៥ ប្តីកើត ជំងឺឃ្លង់

នាងចាន់ ឃឿន និងកូនៗ

ល្ពៅពេញរាងកាយ ដោយតម្រូវប្រកាសលក់ដី គោក្របី អស់ពីខ្លួន ដើម្បីយកប្រាក់នាំប្តីទៅមន្ទីរពេទ្យព្យាបាលជំងឺ តែមិន បានប្រយោជន៍អ្វីសោះ ព្រមទាំងបណ្តាលឱ្យជីវភាពធ្លាក់ចុះជាលំដាប់។ ស្របពេលនោះដែរ ដោយឃើញក្រុមគ្រួសារនាង ជួបការលំបាកខ្លាំងពេក ធ្វើឱ្យលោករ៉ិត ខា ដែលធ្លាប់រាប់អានគ្នា ពីមុនមក មានចិត្តអាណិត បានមកជួយយកអាសាគ្រួសារនាង តែត្រូវប្តីប្រចណ្ឌខុសរឿង ចោទពួកនាងលួចមានសហាយនឹងគ្នា។ ទីបំផុត ប្តីក៏ចុះចោលផ្ទះដោយខ្លួនឯង គ្មានអ្នកណាបណ្តេញទេ ដែលកាលនោះធ្វើឱ្យជីវិតនាងជួបការលំបាកខ្លាំងណាស់ ព្រោះគ្មានអ្នកជួយរកស៊ីចិញ្ចឹមកូនផង ទើបនាងសម្រេចយកលោករ៉ិត ខា ធ្វើជាប្តីទី២តែម្តង រួមរស់ជាមួយគ្នាមកទល់សព្វថ្ងៃ នាងអះអាងថា ប្តីទី២រូបនេះ ជាមនុស្សល្អត្រឹមត្រូវជាងប្តីទី១ ឆ្ងាយណាស់ ចេះ ស្គាល់ទុក្ខធុរៈ ថ្នាក់ថ្នមមិនឱ្យនាងហូរទឹកភ្នែកម្តងណាឡើយ។

លោករ៉ិត ខា (ប្តីទី២)
នាងចាន់ ឃឿន

លោករ៉ិត ខា អាយុ៤៥ឆ្នាំ ជាប្តីទី២ របស់នាងចាន់ ឃឿន បានឱ្យដឹងថា លោកធ្លាប់រៀបការមានប្រពន្ធទី១ ឈ្មោះនាក់ ពង អាយុប្អូនលោក១ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតកូនចំនួន៧នាក់ ជាចំណងដៃ។ ក្រោយមក លោកមានទោសសម្លាប់មនុស្ស ត្រូវជាប់ពន្ធនាគារមួយរយៈធំ លុះពេលចេញពី មន្ទីរឃុំឃាំងមកវិញ ប្រពន្ធដើមមិនយកលោកធ្វើជាប្តី តទៅទៀត។ បន្ទាប់មក នៅពេលលោកឃើញប្រពន្ធ ទី២នេះ ប្តីដើមធ្លាក់ខ្លួនកើតជំងឺឃ្លង់ល្ពៅ និងជំពាក់ប្រាក់ គេវ័ណ្ឌកផង ធ្វើឱ្យលោកអាណិតក៏ជួយយកអាសា ជួយរកប្រាក់សងបំណុលនាង។ លុះពេលប្តីដើម ប្រចណ្ឌចុះចេញពីផ្ទះ បើកផ្លូវឱ្យលោកៗក៏យកនាង ចាន់ ឃឿន ធ្វើជាប្រពន្ធទី២តែម្តង រួមរស់ជាមួយគ្នាមក ដល់សព្វថ្ងៃយ៉ាងផ្អែមល្ហែម ប៉ុន្តែលោកមិនទាន់ក្លាយជា ប្តីពេញសិទ្ធិរបស់ប្រពន្ធទី២នេះនៅឡើយទេ ព្រោះនាង មិនទាន់លែងលះជាមួយប្តីដើមដាច់ស្រឡះ។ តែទោះបីជាយ៉ាងណា ក៏លោកមិនបោះបង់ចោលប្រពន្ធទី២ នេះឱ្យរស់នៅកំព្រាឯកាឡើយ។

លោកតាចេង ស៊ីណា

លោកតាចេង ស៊ីណា អាយុ៦៧ឆ្នាំ ជាឪពុក លោកព្រីង ក្រឹម បានឱ្យដឹងថា ដំណើរជីវិតប្តីប្រពន្ធកូន ប្រុសរបស់គាត់ពិតជាដូចការរៀបរាប់ខាងលើមែន ពោលគឺកូនប្រសាស្រីមិនបានស្រលាញ់ប្តីចេញពីបេះ ដូងទេ ទោះជានាងរួមរស់ជាមួយប្តីមានកូនរហូត៤ នាក់ ដោយសារការចាប់បង្ខំ និងស្តីបន្ទោសរបស់ ឪពុកម្តាយនាងតែប៉ុណ្ណោះ។ លុះពេលប្តីធ្លាក់ខ្លួនឈឺ ស្រាប់តែនាងនាំប្រុសឡើងលើផ្ទះ ធ្វើឱ្យកូនប្រុសគាត់ ឈឺចិត្តចុះចេញពីផ្ទះតែខ្លួនទទេ ប៉ុន្តែបើពួកគេលែងលះ គ្នាដាច់ស្រឡះ ទោះជានាងយកប្តីក្រោយទៀត ក៏ស្រេច តែចិត្តនាងទៅចុះ។
ចំពោះអ្នកស្រុកមួយចំនួនទៀត បានឱ្យដឹងស្របគ្នាថា ទោះជាអាពាហ៍ពិពាហ៍កើតឡើងដោយការចាប់ បង្ខំពិតមែន រហូតរួមរស់ជាមួយគ្នាបង្កើតបានកូនទៅ ដល់៤នាក់ទៅហើយ មិនគួរនាងចាន់ ឃឿន លួចមាន ប្រុសថ្មីមកបញ្ឈឺចិត្តប្តី ដែលកំពុងមានជំងឺប្រចាំកាយ ឱ្យចុះចេញពីផ្ទះបែបនេះដែរ។ តែយ៉ាងណា បើនាង ចង់យកប្តីថ្មីមួយទៀត គួរតែលែងលះជាមួយប្តីដើម ឱ្យដាច់ស្រឡះជាមុនសិន ទើបមិនមានឈ្មោះជា ស្រីផិតប្តី…”៕

RELATED ARTICLES