ប្តីស្រលាញ់ដបស្រា ប្រពន្ធគំរាមលែងក្បាលចោល

សម័យនេះ មនុស្សមួយចំនួន ឱ្យតែស្រវឹងធ្លាក់ភ្នែកបាត់អស់និស្ស័យស្លូតត្រង់រលីង កាចដូចសត្វខ្លាមិនខ្លាចញញើតអ្នកណាឡើយ។ តួយ៉ាង នារីម្នាក់ នេះ បានអះអាងថា កាលពីកំលោះ ប្តីនាងជាប្រុសល្អគ្រប់១០ ទើបនាង ព្រមចូលរោងការជាមួយ តែដឹងអី ! ពេលរួមរស់ជាមួយគ្នា ប្តីប្រែប្រួល ស្ទើរតែមិនគួរឱ្យជឿ ក្លាយជាក្មេងស្ទាវប្រមឹកស្រា.ស ប្រចាំភូមិ លុះចូលដល់ផ្ទះរករឿងឈ្លោះប្រើដៃជើងលើប្រពន្ធ សូម្បីតែម៉ែក្មេក ក៏ហ៊ានជេរបញ្ចោរកប់ៗមាត់ដែរ ធ្វើឱ្យនាងទ្រាំលែង បានគំរាមលែងក្បាលចោល…។

នាងភាន រចនា អាយុ២៣ឆ្នាំ រស់នៅភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងមានឪពុកឈ្មោះតី ភាន អាយុ៧៥ឆ្នាំ ជាអតីតគ្រូបង្រៀន និងម្តាយ ឈ្មោះសាយ ទី អាយុ៦៥ឆ្នាំ ជាមេផ្ទះ។ រូបនាងជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ និងបានរៀបការជាមួយប្តីឈ្មោះជឹង ទៀង អាយុ២៧ឆ្នាំ កាលពីឆ្នាំ២០១០ ដែលពេលនេះ នាងកំពុងតែ ពោះធំកំណើតកូនទី២ជិតគ្រប់ខែសម្រាល។ តាមពិតទៅ ចំណងស្នេហ៍ប្តីប្រពន្ធនាងបានសាងឡើង តាំងពីនៅសិក្សាជាមួយគ្នាម៉្លេះ តែក្នុងលក្ខណៈចិត្តនិងចិត្តប៉ុណ្ណោះ មិនបានប៉ះពាល់ខ្លួនប្រាណគ្នាឡើយ។ ហើយកាលពីនៅជាសង្សារនឹងគ្នា ប្តីនាងជាប្រុសមានអត្តចរិតសុភាពរាបសា និយាយ ស្តីដឹងខុសត្រូវស្គាល់ចាស់ទុំ អ្នកភូមិអាណិតស្រលាញ់គ្រប់គ្នា ព្រមទាំងមានត្រកូលពូជពង្សជា អ្នកមានមុខមានមាត់ក្នុងសង្គមម្នាក់ដែរ ទើបនាងព្រមចូលរោងការយកធ្វើប្តី តាមចាស់ទុំទាំង សងខាងផ្សំផ្គុំ តែដឹងអី ! ពេលរួមរស់ជាមួយគ្នា ប្តីនាងប្រែប្រួលចិត្តខុសប្លែកពីមុន១៨០ដឺក្រេ ស្ទើរតែមិនគួឱ្យជឿ សូម្បីចាស់ទុំក្នុងភូមិក៏ឆ្ងល់ណាស់ដែរ។

នាងភាន រចនា និងលោកជឹង ទៀង (កាលថ្ងៃរៀបការ)

នាងបន្តថា ប្តីនាងដែលធ្លាប់មានគំនិតចាស់ទុំ ទទួលបានការអាណិតស្រលាញ់ពីអ្នកស្រុក ស្រាប់តែប្រែប្រួលក្លាយជាក្មេងទំនើង តែមួយប៉ប្រិចភ្នែក ដើរសេពគប់ជាមួយក្រុមបងតូចបងធំ ផឹកស្រាស្រែកឡូឡាក្នុងភូមិ ប្រៀបដូចជាមនុស្សបាតផ្សារ ដែលមិនបានចូលសាលា គ្មានពូជអម្បូរ កុំតែនាងមានចិត្តកាចឆ្នាស់ឆ្នើមបន្តិច ម៉្លេះអី ! ប្តីមើលងាយពូជអម្បូរគ្រួសារនាង ជាន់រាបដូច កន្ទេលជាមិនខាន។ តែកន្លងមក ពេលប្តីស្រវឹងស្រា ចូលដល់ផ្ទះពេលណាតែងរករឿងឈ្លោះ បោកបំផ្លាញ ចានឆ្នាំងចោល និងទះកំផ្លៀងនាងទៀត លុះពេលម្តាយ នាងស្តីអប់រំ ប្តីមិនគោរពកោតខ្លាចទេ ដោយបានជេរ បញ្ចោរគាត់ឡើងកប់ៗមាត់ មិនខ្លាចបាបបុណ្យធ្លាក់ នរកឡើយ។ ចំណែកឪពុករបស់នាងឆ្អែតចិត្តនឹងប្តី របស់នាងណាស់ មិនចង់ទាំងមើលមុខផង។ ហើយ កន្លងមក នាងធ្លាប់សុំចែកផ្លូវជាមួយប្តីប្រមឹករូបនេះ ជាច្រើនដងដែរ ប៉ុន្តែអាណិតឪពុកម្តាយក្មេក ដែលជាមនុស្សល្អ អង្វរនាងទុកឱកាសឱ្យប្តី ដើម្បីកែខ្លួន សិន ទើបនាងចេះតែទ្រាំរួមរស់ជាមួយប្តីរូបនេះដល់ សព្វថ្ងៃ ប៉ុន្តែប្តីមិនចេះភ្ញាក់រលឹកទេ មិនខុសពីឆ្កែកន្ទុយ ខ្វៀនឡើយ។

លោកជឹង ទៀង (ប្តី)

នាងភាន រចនា បន្តទៀតថា នៅមួយរយៈចុង ក្រោយនេះ ប្តីកែប្រែចរិតបានខ្លះមិនរករឿងឈ្លោះ ប្រើកម្លាំងបាយ ឬជេរបញ្ចោរម៉ែក្មេកទេ ប៉ុន្តែអារឿង ចរិតស្ទាវដើរព័ទ្ធវង់ជល់កែវជាមួយបនភឿននៅមិន ព្រមបោះបង់ចោលទេ។ ហើយនាងទុកពេលឱ្យប្តី កែខ្លួនត្រឹមតែសម្រាលកូនទី២ រឹងដៃរឹងជើងប៉ុណ្ណោះ នាងនឹងធ្វើការសម្រេចចិត្តដ៏ម៉ឺងម៉ាត់ មួយត្រូវបែក ឬរួមរស់ជាមួយគ្នាតទៅទៀត។

នាងភាន រចនា និងកូន

លោកជឹង ទៀង ជាប្តីដែលទើបតាមទៅហៅពីវង់ផឹកធុំក្លិនស្រាហួង បានឱ្យដឹងថា ពេលនេះ លោកខំកែប្រែចិត្តបានច្រើនណាស់ មិនរករឿងឈ្លោះវាយតប់លើប្រពន្ធ ជេរប្រមាថម៉ែក្មេកទេ ទោះជាលោកត្រឡប់មកពីផឹកស្រា ចូលដល់ផ្ទះត្រូវប្រពន្ធស្តីបន្ទោសក្តី តែការអត់ធ្មត់របស់ លោកមានព្រំដែន បើលោកខំកែប្រែធ្វើជាប្តី និងឪពុកល្អ តែប្រពន្ធនៅតែជេរប្រមាថមើលងាយប្តីទៀត គង់មានថ្ងៃណាមួយភ្លើងកំហឹងនឹងផ្ទុះឡើងសាជាថ្មី។ ចំណែករឿងឈប់ផឹកស្រា និងផ្តាច់ទំនាក់ទំនងជាមួយមិត្តភក្តិនោះ លោកធ្វើមិនបានទេ ព្រោះមិត្តភក្តិរបស់លោក ពួកគេ មិនដែលមកជ្រៀតជ្រែកនិយាយអុជអាលឱ្យប្តីប្រពន្ធលោកឈ្លោះគ្នាផង។ ម៉្យាងមិត្តភាពពួក លោកកើតមានច្រើនឆ្នាំមកហើយ មិនងាយផ្តាច់បានឡើយ ហើយខាងប្រពន្ធ និងក្រុមគ្រួសារ នាងគិតយ៉ាងណាចំពោះលោកក៏គិតទៅ ចង់បែកឬជួប លោកមិនខ្វល់ឡើយ លោកនៅតែ ធ្វើជាដំរីជើងក្រោយ ចាំបំពេញបំណងគ្រប់ពេលជានិច្ច។

ឳពុកម្តាយខាងប្រុស ក្នុងថ្ងៃការកូន

លោកយាយសាយ ទី ជាម្តាយបានឱ្យដឹងថា គាត់មិនចង់ស្តីប្រដៅកូនប្រសាប្រុស នេះទៀតឡើយ គេធ្វើឱ្យគាត់ឆ្អែតចិត្តណាស់ ហ៊ានជេរប្រមាថលើរូបគាត់ជាម៉ែក្មេកឡើងកប់ៗ មាត់ ខណៈពេលដែលរូបគេកំពុងជ្រកកោននៅក្រោមដំបូលផ្ទះគាត់សោះ។ បើសិនប្តីប្រពន្ធ គាត់រស់នៅក្រោមដំបូលផ្ទះគេ ឬគេចិញ្ចឹមវិញមិនដឹងជាមើលងាយពួកគាត់ដល់កម្រិតណា ទេ។ តាមពិតទៅ ប្តីប្រពន្ធគាត់បានចែកដីលំនៅដ្ឋានឱ្យពួកគេហើយ តែកូនប្រសារូបនេះគិតតែ ឱបដបស្រាធ្លាក់ភ្នែករាល់ថ្ងៃ មិនខំប្រឹងធ្វើការរកប្រាក់ចង់មានចង់បានដូចគេឡើយ មិនគួរណាកូនស្រីរបស់គាត់មានកម្មក្រាស់ប៉ះប្តីរបៀបនេះសោះ។

ផ្ទះលោកយាយសាយ ទី

អ្នកស្រីធួន ប៉ោត ជាមេភូមិរងបានឱ្យដឹងថា លោកជឹង ទៀង ជាក្មេងមានចិត្តព្រហើនកោងកាចណាស់ មិនចេះគោរពកោតខ្លាចចាស់ទុំ ឬស្តាប់ការអប់រំរបស់អាជ្ញាធរឡើយ។ អ្នកស្រីគ្មានលទ្ធភាពអប់រំគេទេ តែបានរាយការណ៍នៅនគរបាលមូលដ្ឋានរួចរាល់ហើយ ឱ្យតែមានពាក្យបណ្តឹងពីភាគីណាមួយ ឬប្រព្រឹត្តបទល្មើស ជាក់ស្តែង សមត្ថកិច្ចចុះមកចាប់វ៉ៃខ្នោះបញ្ជូនឱ្យដេកក្នុងទ្រុងដែក ជាមិនខាន។

លោកយាយសាយ ទី

គួរបញ្ជាក់ថា ប្រជាជនក្នុងមូលដ្ឋាននេះតែងយកស្រា.ស ធ្វើជាត្រីមុខ ជាពិសេសបុរសជាប្តី ពេលផឹក ស្រវឹងធ្លាក់ភ្នែកតែងរករឿងឈ្លោះជាមួយប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារ ជួនប្តីប្រពន្ធខ្លះប្រមឹក ទាំងពីរនាក់ គ្មានអ្នកណាយោងអ្នកណាឡើយ ដែលធ្វើឱ្យកើតមានជម្លោះប្តីប្រពន្ធឥតឈប់ឈរ ព្រោះតែញៀនផឹកស្រា.ស នេះឯង…”៕