Saturday, April 20, 2024
Homeព័ត៌មានជាតិកូនស្រីយកប្តីអត់ខាន់ស្លា ម៉ែឪអុជធូបអង្វរខ្មោច

កូនស្រីយកប្តីអត់ខាន់ស្លា ម៉ែឪអុជធូបអង្វរខ្មោច

យុវវ័យសម័យនេះ ឆ្លងវប្បធម៌តាមអឺរ៉ុបអស់ហើយ គឺឱ្យតែស្រលាញ់គ្នា ក៏នាំគ្នាលេងល្បែងស្នេហ៍ ឬយកគ្នាអត់ខាន់ស្លា ប៉ុន្តែចាស់ៗនៅតែមានជំនឿខ្លាច ខុសចាស់ទុំដដែល។ យ៉ាងណាមិញ នាងក្រមុំម្នាក់នេះ បានប្តីអត់ ខាន់ស្លា បណ្តាលឱ្យម៉ែឪ ដែលគ្មានលុយរៀបការកូន ភិតភ័យ ខ្លាចខុសចាស់ទុំ ក៏នាំគ្នាអុជធូប សំពះអង្វរខ្មោចដូនតា កុងម៉ា កុំប្រកាន់ខឹង…។

នាងចៀម សុជាតិ អាយុ២៥ឆ្នាំ សព្វថ្ងៃមករួម រស់ជាមួយប្តីអត់ខាន់ស្លា នាភូមិដំណាក់ត្រាច ឃុំទួលអម្ពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា តាមពិត នាងមានស្រុកកំណើតនៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឯណោះទេ ដោយមានឪពុក ឈ្មោះអ៊ុង ម៉ុន អាយុ៥៣ឆ្នាំ ម្តាយឈ្មោះមិន ខុំ អាយុ ៥២ឆ្នាំ នាងជាកូនទី៦ ក្នុងចំណោមបងប្អូន៦នាក់។ កាលនៅកុមារី នាងរៀនសូត្របានត្រឹមថ្នាក់ទី៣ប៉ុណ្ណោះ ក៏ឈប់ទៅ ព្រោះរៀនមិនចូល ម៉្យាងជីវភាពឪពុកម្តាយ យ៉ាប់យ៉ឺនផង។ ចូលដល់វ័យក្រមុំ នាងបានចេញពីស្រុក កំណើត ទៅធ្វើការរោងចក្រនៅភ្នំពេញ ក៏រកបានម្តាយធម៌ ម្នាក់ឈ្មោះឯម អៀង អាយុ៥៥ឆ្នាំ ផ្ទះសម្បែងគាត់ នៅភូមិដំណាក់ត្រាច ឃុំទួលអម្ពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ កន្លងមកឱ្យតែឈប់សម្រាក ពីការងាររោងចក្រ  ជួនកាល នាងទៅលេងស្រុកកំណើត ជួនកាលក៏ទៅសួរម្តាយធម៌ ដែលរស់នៅខេត្តខុសគ្នា ក្លាយជាទម្លាប់ទៅហើយ ព្រោះម្តាយធម៌ក៏ជាអ្នកមានគុណម្នាក់ដែរ។

លោកអ៊ុង វិឆ័យ និងនាងចៀម សុជាតិ

នាងចៀម សុជាតិ បន្តទៀតថា កាលនោះមានកំលោះម្នាក់ឈ្មោះអ៊ុង វិឆ័យ អាយុស្របាលនាង ផ្ទះនៅជិតម្តាយធម៌របស់នាង តែងតែរាក់ទាក់សុំរាប់អាននាងជាមិត្ត។ ឯរូបនាងក៏មិនទើសទាល់អ្វីដែរ បានទុកជាមិត្តជិតស្និទ្ធ បានទាំងឱ្យលេខទូរស័ព្ទទៅវិញទៅមកទៀតផង។ លុះបានឆ្លើយឆ្លងគ្នាតាមទូរស័ព្ទយូរៗទៅ មិត្តភាពក៏ក្លាយ ទៅជាសេចក្តីស្នេហាពេញបេះដូង និងបន្តទាក់ទងគ្នារយៈពេលជាង១ឆ្នាំឯណោះទម្រាំដាច់ចិត្តស្កាត់រកគ្នា។ មុនដំបូង នាងធ្លាប់បបួលវិឆ័យ ទៅលេងស្រុកកំណើតរបស់នាងឯខេត្តកំពង់ធំ ឱ្យឪពុកម្តាយបានស្គាល់ ដែលពួកគាត់ ក៏មិនជំទាស់អ្វីដែរ គ្រាន់តែសុំឱ្យអ្នកកំលោះជម្រាបចាស់ទុំឱ្យចូលស្តីដណ្តឹងនាងតាមប្រពៃណី តែដោយសារខាងប្រុសគ្មានលុយ ទើបចេះតែពន្យារពេលស្តីដណ្តឹងរហូតមក ប៉ុន្តែក្តីស្រលាញ់មិនអាចពន្យារបានឡើយ។

នាងចៀម សុជាតិ

នាងចៀម សុជាតិ បន្តទៀតថា ក្រោយមក សង្សារបានបបួលនាងទៅលេងផ្ទះរបស់គេម្តង ហើយក៏ស្រប តាមបំណងនាង ដែលចង់ទៅសួរសុខទុក្ខម៉ែធម៌ផងនោះ នាងក៏យល់ព្រមទៅអត់ប្រកែក។ ពេលទៅជួបគ្នា ស្ងាត់ៗ ឆ្លៀតម៉ែឪមិននៅ ហេតុតែសង្សារអង្វរពេក នាងក៏សុខចិត្តបូជាព្រហ្មចារីឱ្យគេដោយមិនស្តាយស្រណោះ និងសម្រេចយកគ្នាជាប្តីប្រពន្ធ ដោយលោតរំលងប្រពៃណីខ្មែរ។ យល់ស្ថានភាពបែបនេះ ឪពុកម្តាយទាំងសង ខាងព្រួយបារម្ភណាស់ ក៏សម្របសម្រួលគ្នាគិតគូររឿងរៀបការ តែដោះមិនចេញ ព្រោះសុទ្ធតែក្រដូចគ្នា។ ពេលឃើញកូនរួមរស់ជាមួយគ្នាយ៉ាងនេះ ឪពុកម្តាយបង្កើតរបស់នាងភ័យណាស់ ខ្លាចបារមីផ្លូវងងឹតតាមព្យាបាទ ក៏នាំគ្នាទៅទិញនំគម នំអន្សម មកដាក់អាសនៈកុងម៉ា ជីដូនជីតា អុជធូបសុំខមាទោសកុំឱ្យខ្មោចមេបា ចាស់ទុំប្រកាន់ខឹងកូនស្រីគាត់ ដែលយកប្តីអត់ខាន់ស្លា។ ទំនងជាការអង្វរករនោះស័ក្តិសិទ្ធិ ទើបរូបនាងនិងប្តី ក៏ដូចឪពុកម្តាយទាំងសងខាង គ្មានឃើញអ្នកណាឈឺថ្កាត់អ្វីឡើយ។

នាងសុជាតិ បន្ថែមទៀតថា សព្វថ្ងៃ នាងឈប់ធ្វើការរោងចក្រឯភ្នំពេញ មកនៅស្រុក កំណើតខាងប្តី ជិតផ្ទះម្តាយធម៌ រយៈពេល៣ឆ្នាំមកហើយ ដោយប្តីមានមុខរបរធ្វើ ជាងផ្សារដែក។ ដោយសារនាងត្រូវការសន្សំលុយរៀបការ ទើបមិនអាចសំងំស្ងៀម បានឡើយ ក៏ទៅសុំចូលធ្វើកម្មការិនីរោងចក្រនៅភូមិរូង ដើម្បីជួយប្តី។ នាងមិនចង់នៅអត់ខាន់ស្លាយ៉ាងនេះទេ ចាំបាច់ត្រូវតែសែនព្រេន ឬរៀបការខ្នាតតូចមួយឱ្យខាងតែបាន ដើម្បីកុំឱ្យញាតិញោមនិន្ទា។

អ្នកស្រីឯម អៀង

អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺពីលោកអ៊ុង វិឆ័យ ជាប្តីបានឡើយ គ្រាន់តែដឹងថា លោករវល់ចេញធ្វើជាងផ្សារដែក លុះត្រាតែព្រលប់ៗទើបមកដល់ផ្ទះ។

ដោយឡែក អ្នកស្រីឯម អៀង អាយុ៥៥ឆ្នាំ ជាម្តាយធម៌ បានឱ្យដឹងថា នាងសុជាតិ កូនស្រីធម៌របស់គាត់ពិតជាបានយកប្តីអត់ខាន់ស្លាប្រាកដមែន។ ទោះជាយ៉ាងនេះក្តី ក៏គាត់មិនជំទាស់ទេ ព្រោះប្តីនាងមានអត្តចរិតស្លូតបូត សុភាពរាបសា ស្មោះត្រង់នឹងប្រពន្ធ និងខំរកស៊ីមិនសំចៃកម្លាំង។ រឿងដែលពួកគេមិនបានសែនព្រេន ឬរៀបការ គឺមកពី ឪពុកម្តាយទាំងសងខាងក្រពេក លុះឃើញកូនៗយកគ្នាអត់ខាន់ស្លា ស្រាប់តែនាំគ្នាភ័យ រត់រកនំគម នំអន្សម មកសំពះអង្វរខ្មោចជីដូនជីតាកុងម៉ា ហើយប្រហែលជាខ្មោចចាស់ទុំ ស្តាប់ការអង្វរនេះ ទើបមិនឃើញកាច់អ្នកណាឱ្យឈឺសោះ។

នាងនុង សោភិន

នាងនុង សារី អាយុ២៥ឆ្នាំ និងនាងនុង សោភិន អាយុ៣៤ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធអត់ខាន់ស្លា ១គូនេះ កំពុងតែខំរកលុយរៀបការឱ្យបាន ក្នុងពេលឆាប់ៗនេះ ដើម្បីកុំឱ្យអ្នកស្រុកពេបជ្រាយ។ នេះហេតុតែឪពុកម្តាយគ្មាន សម្បុកសម្បត្តិអ្វីជាដុំកំភួន ទើបកូនៗទាល់ច្រកក៏នាំគ្នាលេងផ្លូវកាត់យ៉ាងនេះទៅ ព្រោះ បើចាំម៉ែឪរៀបការឱ្យ មិនដឹងជាឆ្នាំណាបានជួបគ្នាទេ។

នាងនុង សារី

គួរបញ្ជាក់ថា ជំនឿ ប្រជាពលរដ្ឋខ្មែរតែងតែខ្លាចខុសចាស់ទុំ ឬបើមានសមាជិកគ្រួសារណាមួយឈឺធ្ងន់ ព្យាបាលមិនជា គេជឿថា មកពីខ្មោចយាយី។ ផ្ទុយទៅវិញ យុវវ័យសម័យនេះ ដើរតាមវប្បធម៌អឺរ៉ុបអស់ហើយ ឱ្យតែត្រូវរ៉ូវគ្នាក៏នាំគ្នាឡើងផ្ទះសំណាក់ សណ្ឋាគារ នេះសម្រាប់អ្នករស់នៅទីក្រុង ប៉ុន្តែបើនៅស្រុកស្រែ គេណាត់ ជួបគ្នាតាមមាត់បឹង លើភ្លឺស្រែ ឬកៀនរបង ក៏ទៅរួចដែរ។ ឯម៉ែឪក្រីក្រពេលដឹងថា កូនខូចគ្នាគ្មានលុយរៀបការ ក៏នាំគ្នាអុជធូបបន់ស្រន់អង្វរខ្មោចយ៉ាងនេះឯង…”៕

RELATED ARTICLES