Thursday, April 18, 2024
Homeព័ត៌មានជាតិបុរសប្រពន្ធផិត ប៉ះស្ត្រីប្តីស្លាប់

បុរសប្រពន្ធផិត ប៉ះស្ត្រីប្តីស្លាប់

ជួនកាល ការភប់ប្រសព្វគូស្រករ លើកទី១ មិនសមប្រកបទេ លុះជួបស្នេហ៍លើកទី២ ទើប ស្គាល់តែសុភមង្គល ដែលចាស់ៗ ថា មកពីគូកម្មនិងគូព្រេង។ យ៉ាងណាមិញ បុរសម្នាក់នេះ កាលយកប្រពន្ធទី១ ប៉ះស្រីមានស្នៀតលួចផិតប្តី ចំណែកភាគីស្ត្រីកាលជួបស្នេហ៍ទី១ ជួបគ្រោះអកុសល ប្តីស្លាប់ចោលឱ្យនៅមេម៉ាយ លុះអ្នកទាំងពីរបានជួបគ្នាសាងជីវិតថ្មី ក៏ទទួលស្គាល់ថា ជួបតែភាពផ្អែមល្ហែមជានិច្ច…។

លោកឃួន សៅ អាយុ៣២ឆ្នាំ រស់នៅភូមិឃ្លៃថ្មី ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា លោកជាកូនច្បងក្នុងចំណោមបងប្អូន ៣នាក់ ឪពុកឈ្មោះម៉ក់ សំអុល អាយុ៥៥ឆ្នាំ ម្តាយឈ្មោះឃឹម ស៊ុយ អាយុ៥៥ឆ្នាំ។ លោកបានរៀនសូត្រចេះតិចតួចស្តួចស្តើងណាស់ លុះមាន អាយុ១៨ឆ្នាំ ក៏បានរៀបការជាមួយនាងក្រមុំម្នាក់ អាយុស្របាលគ្នា តាមការទុកដាក់របស់ឪពុកម្តាយ។ លោកនិងប្រពន្ធនេះ រួមរស់ជាមួយគ្នាបាន៥ឆ្នាំ បង្កើតបានកូនស្រីម្នាក់ ដោយមានមុខរបរ ធ្វើស្រែចម្ការ ជួនកាលចេញទៅស៊ីឈ្នួលបេះផ្លែឈើនៅប្រទេសថៃ។ នៅពេលចេញទៅរកស៊ីស្រុកថៃ ដោយនាំប្រពន្ធទៅផង នោះ ស្រាប់តែប្រពន្ធបែកគំនិតភ្លើតភ្លើនដូចមមាចឃើញ ភ្លើង ឱ្យតែលោកមិននៅ នាងក៏លួចទាក់ទងមានប្រុស សហាយពីក្រោយខ្នង។ លោកតាមទាន់ជារឿយៗ បានណែនាំនាងឱ្យកែខ្លួន តែឆ្កែកន្ទុយខ្វៀនប្រដៅយ៉ាង ណាក៏នៅតែប៉ុណ្ណឹង ទើបលោកលែងក្បាលប្រពន្ធនោះ ចោលទៅ។ បន្ទាប់ពីលែងលះដាច់ស្រឡះមក លោក បានចាប់មុខរបរធ្វើជាងផ្សារដែកម្តង ដោយចេញទៅ ធ្វើការនៅភ្នំពេញ យូរៗបានទៅលេងស្រុកម្តង។

លោកឃួន សៅ និងនាងអន លន ជាមួយកូន

លោកឃួន សៅ បន្តថា តាមពិតលោកមានស្រុក កំណើតនៅភូមិដើមចន្ទន៍ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ឯណោះទេ តែបានរសាត់មកទើរស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោយរកបានប្រពន្ធទី២។ កាល លោកទៅធ្វើជាងផ្សារដែក នៅជិតផ្សារចោមចៅ បាន ជួលបន្ទប់ស្នាក់នៅតែម្នាក់ឯង និងបានស្គាល់នារីម្នាក់ ជួលបន្ទប់ជាប់គ្នា នាងមានឈ្មោះអន លន អាយុ៣៥ ឆ្នាំ ជាស្រីមេម៉ាយកូន២ ប្តីស្លាប់ចោល។ មកជួល បន្ទប់ជាប់គ្នាយ៉ាងនេះ ពេលបានម្ហូបឆ្ងាញ់មួយម៉ាត់ មួយក តែងហុចឱ្យគ្នាទៅវិញទៅមក ជួនកាលពេលយប់ សម្រាកពីការងារ គឺលោកផ្អាកផ្សារដែក ឯអ្នកមេម៉ាយ សម្រាកការងាររោងចក្រ លោកក៏ដឹកម៉ូតូនាំនាងដើរ កម្សាន្តតាមរមណីយដ្ឋាននានា។ លុះយូរៗទៅក៏បាក់ ចិត្តទៅលើគ្នា រហូតហ៊ានចូលដេករួមរ័កជាមួយគ្នា ដោយគ្មានឧបសគ្គអ្វីមករំខានឡើយ។ បន្ទាប់មកក៏ប្តូរ ពីជួលបន្ទប់២ មកជាបន្ទប់១ នៅរួមគ្នាជាប្តីប្រពន្ធតែ ម្តង និងបាននាំគ្នាមកនៅស្រុកកំណើតខាងប្រពន្ធ បន្តរួមរស់ជាមួយគ្នាដោយអត់ខាន់ស្លា បនាជាង១ឆ្នាំហើយ។

លោកឃួន សៅ

ដោយឡែក នាងអន ឈន អាយុ៣៥ឆ្នាំ ជាប្រពន្ធ បានឱ្យដឹងថា នាងមានប្តីមុនឈ្មោះមករា រៀបការ កាលពីកំលោះក្រមុំដូចគ្នា ដោយបង្កើតបានកូនប្រុស ២នាក់។ បន្ទាប់ពីបានចាប់ដៃគ្នាមក ពួកនាងបាននាំគ្នា ចេញទៅធ្វើការរោងចក្រ លុះនាងមានកូនខ្ចី ទើបវិល មកនៅផ្ទះវិញ ប៉ុន្តែប្តីបានលានាងចេញទៅរកស៊ីនៅ ប្រទេសថៃ។ ជាអកុសល ប្តីទៅរកស៊ីស្រុកគេនោះ មានជំងឺធ្ងន់ស្លាប់ចោលនាងទៅ បន្ទាប់ពីយកគ្នាបាន ជាង១០ឆ្នាំ ទុកឱ្យនាងរែកពុនទុក្ខវេទនា ប្រឹងរកស៊ី ចិញ្ចឹមកូនតែម្នាក់ឯង។ ក្រោយមក នាងបានចេញទៅ ធ្វើកម្មការិនីរោងចក្រនៅចោមចៅ ដោយផ្ញើកូនឱ្យ ឪពុកម្តាយថែរក្សា ក៏មានវាសនាបានជួបប្តីទី២នេះ ដែលជាពោះម៉ាយប្រពន្ធផិតក្បត់។

នាងអន លន បន្តទៀតថា ដោយសារនាងយក ប្តីចិត្តឯង មិនឆ្លងកាត់មង្គលការ ធ្វើឱ្យអ្នកស្រុកមួយ ចំនួនពោលពាក្យនិន្ទាថា នាងជាស្រីចិត្តងាយ ហ៊ាន ប្រគល់ខ្លួនឱ្យប្រុសដោយគ្មានខាន់ស្លា ហើយបានទាំង នាំប្រុសមកនៅផ្ទះទៀត។ ចំពោះរូបនាងគិតថា ខ្លួនជាស្រីមេម៉ាយកូន២ បើមិនឱ្យដៃទៅប្រុសមុន ច្បាស់ ជាមិនងាយរកប្តីបានទៀតទេ ហើយបើអត់ប្តី នាង នៅតែវេទនាមួយជីវិត។ មុននឹងប្រគល់ខ្លួនឱ្យគេ នាង បានសាកសួរប្រវត្តិ និងឃ្លាំមើលអត្តចរិតប្តីទី២នេះ ច្បាស់លាស់ណាស់ គេមិនចេះដើរលេងស៊ីចាយអត់ ប្រយោជន៍ មិនចេះផឹកស៊ីអួទីនួស្រវឹងខួបដូចបុរស មួយចំនួននោះឡើយ។ ឯរឿងដែលប្រពន្ធមុនរបស់គេ ផិតក្បត់នោះ គឺមកពីប្តីនេះប្រឹងរកស៊ីពេកមិនសូវចូល ផ្ទះថ្នាក់ថ្នមប្រពន្ធ ទើបប្រពន្ធកាមក្រាស់នោះមានស្នៀត រហូតដល់ចែកផ្លូវគ្នាដើរ។ ចំពោះនាងមិនកាមក្រាស់ ដូចគេទេ គឺប្រាថ្នាតែមួយចង់បានប្តីពូកែរកស៊ីចិញ្ចឹម គ្រួសារគ្រប់គ្រាន់ណាស់ទៅ ហើយហេតុដូច្នេះនាង ត្រូវតែហ៊ានប្រគល់ខ្លួនឱ្យគេមុន ចាំគិតគូររៀបការជា ក្រោយ ព្រោះអ្វីៗមិនទាន់ហួសពេលទេ។


អ្នកស្រីប្រាក់ អ៊ិច អាយុ៥៥ឆ្នាំ ជាម្តាយខាងស្រី បានឱ្យដឹងថា កូនស្រីគាត់ចិត្តងាយបន្តិចមែន តែនាង បនាប្រាប់គាត់ត្រង់ៗមិនយកគ្នាលួចលាក់នោះទេ ទើបគាត់ណែនាំនាងឱ្យនាំប្តីនេះមកស្រុក ដើម្បីគិត គូរសែនព្រេនបំពេញខាន់ស្លា និងកុំឱ្យញាតិនិន្ទាតទៅ ទៀត តែទាស់ត្រង់មិនទាន់មានលុយគ្រប់គ្រាន់។

អ្នកស្រីញ៉ឹម វេ

អ្នកស្រីញ៉ឹម វេ អាយុ៥៧ឆ្នាំ, អ្នកស្រីមឿង វ៉ន អាយុ៥៣ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា ទំនៀមទម្លាប់ខ្មែរ បើកំលោះក្រមុំខូចគ្នាមិនរៀបការ ឬគ្មានខាន់ស្លា នឹងខុសមេបាចាស់ទុំមិនខាន។ ចំណែក ពោះម៉ាយមេម៉ាយយកគ្នាអត់ខាន់ស្លា ក៏ចាស់ទុំនៅ តែប្រកាន់ដូចគ្នា ហើយបើមានបញ្ហាអី ខ្មោចកាច់តែ ខាងស្រីហ្នឹង ដូច្នេះប្តីប្រពន្ធ១គូនេះ ត្រូវតែរៀបចំឱ្យ ឆាប់ៗទើបខ្មោចមិនប្រកាន់។

អ្នកស្រីប្រាក់ អ៊ិច
អ្នកស្រីមឿង វ៉ន

គួរបញ្ជាក់ថា សម័យនេះ រឿងពោះម៉ាយមេម៉ាយ យកគ្នាជាប្តីប្រពន្ធរំលងប្រពៃណីនោះ គ្មានអ្វីប្លែកទេ ព្រោះសុភាសិតថា “ក្រមុំដណ្តឹងម្តាយ មេម៉ាយ ដណ្តឹងចិត្ត” ពោលគឺបើមេម៉ាយបើកភ្លើងខៀវ ពោះម៉ាយ ឬកំលោះក៏លូកភ្លែត។ បន្ទាប់ពីភ្លែតមក មេម៉ាយដែលឆ្លាតត្រូវគិតគូរភ្លាម ពីរឿងបំពេញភ្នែកញាតិ ដែលខ្លះបានរៀបការគគ្រឹកគគ្រេង ខ្លះទៀតឱ្យតែមាន ក្បាលជ្រូក១ មាន់ស្ងោ១គូ អញ្ជើញចាស់ទុំបួនដប់នាក់ មកបាចផ្កាស្លាជាការស្រេច…”៕

RELATED ARTICLES