Friday, March 29, 2024
Homeព័ត៌មានជាតិចិញ្ចឹមចិត្ត៣០ឆ្នាំ បង្កើតឧបករណ៍ភ្លេងពីធាងត្នោត

ចិញ្ចឹមចិត្ត៣០ឆ្នាំ បង្កើតឧបករណ៍ភ្លេងពីធាងត្នោត

បុរសម្នាក់នេះ បានចិញ្ចឹមចិត្ត៣០ឆ្នាំថា ខ្លួននឹងបង្កើតឧបករណ៍ អ្វីមួយឱ្យមានលក្ខណៈប្លែកពីគេ ដើម្បីមានឈ្មោះល្បី ហើយទីបំផុត គាត់ក៏បានសម្រេចការតាំងចិត្តនេះ ដោយអាចបង្កើតបានឧបករណ៍ តន្ត្រីច្នៃពីធាងត្នោត ឬឈើ ទទួលបានការគាំទ្រពីអតិថិជន។ ឧបករណ៍ ភ្លេងនេះ អាចយកទៅប្រគំ ឬទុកជាវត្ថុអនុស្សាវរីយ៍ ក៏បាន ដោយមានលក់នៅហាងរបស់គាត់…។

លោកឡេង សារិ អាយុ៦៤ឆ្នាំ ជាអាជីវករលក់គ្រឿង អេឡិចត្រូនិក បើកហាងនៅតាមផ្លូវលេខ៣៨៨ ក្បែរវត្តមហាមន្ត្រី រាជធានីភ្នំពេញ បនាផ្តល់សម្ភាសន៍ជាមួយអ្នកយកព័ត៌មានយើងថា លោកមានភរិយាឈ្មោះឃុត គឹមយឿន មានកូនស្រី២នាក់។ គ្រួសារលោកគ្មានជាប់ឈាមជ័រសិល្បករ ឬសិប្បករអ្វីទេ គឺតាំងពី ជីដូនជីតា ដល់ឪពុកម្តាយសុទ្ធតែជាអ្នកជំនួញទាំងអស់ ប៉ុន្តែ រូបលោកបែរជាមានចំណូលខាងការច្នៃប្រឌិតឧបករណ៍តន្ត្រីទៅវិញ។ លោកធ្លាប់ឆ្លងកាត់របបប៉ុល ពត ស្ទើររស់ស្ទើរស្លាប់ ដោយដូរឈ្មោះកំណើតថា ធី ក្រោយមក ក៏ប្តូរជាចាន់ថន ដើម្បីគេចពីការតាមសម្លាប់របស់កងឈ្លបខ្មែរក្រហម។ រហូត ដល់ឆ្នាំ១៩៧៩ ពេលឆ្លងផុតពីរបបវាលពិឃាត លោកក៏យក ឈ្មោះកំណើតមកប្រើវិញ និងនាំគ្រួសារប្រកបអាជីវកម្ម និងមានជីវភាពសមរម្យ ចូលចំណោមគេបានមកទល់ពេលនេះ។

លោកឡេង សារិ

លោកឡេង សារិ បន្តទៀតថា កាលពីជំនាន់ប៉ុល ពត ក្នុងពេលអង្គការចាត់តាំងឱ្យទៅធ្វើទំនប់ជីកប្រឡាយ ឬធ្វើស្រែ នៅតំបន់ឆ្ងាយដាច់ស្រយាល ឱ្យតែពេលឈប់សម្រាក លោកតែង អង្គុយស្តាប់ស្នូរខ្យល់ជំនោរបោកបក់ប៉ះនឹងស្លឹកត្នោត ឮសូរពីរោះណាស់ ដែលស្តាប់យូរៗទៅដូចគេវាយរនាត។ ទិដ្ឋភាព និង ស្នូរជាតូរ្យតន្ត្រីធម្មជាតិនេះ ធ្វើឱ្យលោកបានស្បើយពី អារម្មណ៍តានតឹង និងការស្រេកឃ្លាន ជាពិសេស គំនិតចង់បង្កើតឧបករណ៍ភ្លេងកែច្នៃពីធាងត្នោត ស្លឹកត្នោត និងឈើ។ ការស្រមើស្រមៃនេះបានដក់ជាប់ក្នុង អារម្មណ៍លោក រាប់ឆ្នាំ ដោយគិតថា កាលណាស្រុកទេសបានសុខសន្តិភាព លោកនឹងបង្កើតឧបករណ៍ តន្ត្រីកែច្នៃពីធម្មជាតិឱ្យទាល់តែបាន។

ហ្គឺតារធាងត្នោត
ស្គរបួនជ្រុង
ឧបករណ៍ភ្លេងថ្មី ដែលលោកដាក់ឈ្មោះថា ចាន់ថន
ឧបករណ៍ភ្លេងថ្មី ដែលលោកដាក់ឈ្មោះថា តាធី

លោកឡេង សារិ បន្តទៀតថា បន្ទាប់ពីចាប់ ទ្រនំបានសុខស្រួលមក លោកបានប្រើពេលវេលា៥ឆ្នាំ ដើម្បីបង្កើតហ្គីតារស្លឹកត្នោត ដោយយកដងណោតភ្លេងហ្គីតារបរទេសមកផ្គុំជាមួយជាបណ្តោះអាសន្នសិន ទម្រាំតែច្នៃដងណោតពីធាងត្នោតរួចរាល់ជាស្ថាពរ។ លើកទី២ លោកបានបង្កើតឧបករណ៍ ភ្លេងមួយទៀត ដាក់ឈ្មោះថា “ចាន់ថន” ច្នៃពីឈើ ជាប្រអប់ និងដែកប៊ូឡុង ៣៥ដើម ដោតបញ្ឈរឡើង ពីទាបទៅខ្ពស់តាមណោតភ្លេង ឧបករណ៍ទី៣ ឈ្មោះ “តាធី” ច្នៃពីស្បែកគោ រាងដូចស្គរដៃ តែងមានដង ខ្សែដេញ២ និងដែកបន្ទរសំឡេង ១ មានសំឡេងតូម! តូម! ស្រដៀង សាដៀវខ្មែរបុរាណ។ ឧបករណ៍ទី៤ ឈ្មោះ “ស្គរជ្រុង” ធ្វើពីឈើ និងប្លាស្ទិក ដែលឧបករណ៍ ភ្លេងទាំង៤ ប្រភេទនេះ មានតែ២ប៉ុណ្ណោះ គឺហ្គឺតារ ស្លឹកត្នោត និងស្គរ៤ ជ្រុងប៉ុណ្ណោះ ដែលតន្ត្រីករខ្មែរ ឬបរទេស អាចលេងបានដោយស្រួល តែឧបករណ៍ តាធី និងចាន់ថន មិនទាន់មានតន្ត្រីករណាអាចប្រគំ បានទេ ក្រៅពីរូបលោកម្នាក់ឯង ដែលជាអ្នកបង្កើត វា។ កន្លងមក លោកធ្លាប់ស្ពាយឧបករណ៍ភ្លេងទាំង នេះ ទៅជូនគ្រូភ្លេងល្បីៗឱ្យសាកដែរ គឺពួកគាត់អាច លេងបានតែហ្គឺរតាស្លឹកត្នោត និងស្គរជ្រុង ប៉ុន្តែ ឧបករណ៍២ទៀត លេងមិនកើត។


លោកឡេង សារិ បន្ថែមទៀតថា នៅអនាគតដ៏ខ្លី នេះ លោកប្តេជ្ញាថា នឹងបង្រៀនក្មេងៗ ឱ្យចេះលេង ឧបករណ៍តន្ត្រីទាំងនេះ ដើម្បីត្រៀមយកទៅប្រគំ បង្ហាញសាធារណជន ឱ្យបានជ្រាបពីការបង្កើតស្នាដៃ ថ្មីនេះ។ លោកក៏មានគម្រោងយកឧបករណ៍តន្ត្រីនេះ ទៅឆ្លងយោបល់ពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី ជាពិសេស មហាវិទ្យាល័យតូរ្យតន្ត្រី ដើម្បី វាយតម្លៃពីតក្កកម្ម មិនធ្លាប់មាននេះ ក៏ដូចជាសុំឱ្យ មានការទទួលស្គាល់ នូវអ្វីដែលរូបលោកជាជនជាតិ ខ្មែរ បានបង្កើតឡើង។ លោកសង្ឃឹមថា ឧបករណ៍ តន្ត្រីថ្មីនេះ នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរ ជាពិសេស អ្នកចេះភ្លេង មិនខានឡើយ។ លោកនឹង បន្តស្រាវជ្រាវបង្កើតឧបករណ៍ភ្លេងប្លែកៗ ឱ្យបានទៀត បើសិនជាឧបករណ៍៤ប្រភេទនេះ ត្រូវបានទទួលស្គាល់ ពីសាធារណជន។
គួរបញ្ជាក់ថា តន្ត្រីមាន៤ប្រភេទ គឺដេញ ដំ ផ្លុំ កូត។ “ដេញ” គឺកេះដោយម្រាមដៃ ផ្ទាត់ទៅលើខ្សែ និងចាប់ខ្ទង់ភ្លេងចេញជាបទ មានដូចជាសាដៀវ ចាប៉ីដងវែង តាខេរ បង់ហ្សូ ហ្គីតារ ជាដើម។ “ដំ” គឺប្រើ ដៃទះដំពីលើ ឬគោះដោយអន្លូង ដូចជាស្គរ សម្ភោរ គង ជួង រគាំង រនាត ឃឹម ហ្សាស់ ជាដើម។ “ផ្លុំ” គឺប្រើមាត់ផ្លុំបញ្ចូលខ្យល់ទៅក្នុងឧបករណ៍ ដោយ ប្រើដៃចាប់ខ្ទង់រន្ធ ដូចជាខ្លុយ ប៉ីអ ប៉ីពក ត្រែ ស័ង្ខ ស្នែង ស្លឹក ស្រឡៃ ជាដើម។ “កូត” គឺប្រើដៃអូស ឆាកកន្ទុយសេះ ជក់ត្នោត ឬខ្សែប្លាស្ទិក ទៅលើខ្សែ លួស ប្រើម្រាមចាប់ខ្ទង់ ដូចជា ទ្រសោ ទ្រឆេ ទ្រអ៊ូ វីយ៉ូឡុង ជាដើម។


ឧបករណ៍ភ្លេងទាំង៤ ប្រភេទនេះ បង្កើតឡើង តាមធម្មជាតិ ដូចជាបានឮខ្យល់បក់ចូលតាមបង្អួច ឮពីរោះស្រួយ ក៏មានតន្ត្រីករឆ្លាតបង្កើតបានជាខ្លុយ ប៉ី ឬស្រឡៃ។ បានឮទឹករលកវាយផ្ទប់ច្រាំងថ្មគ្រាំ!ៗ ឬ សន្ធឹកផ្គរលាន់ ក៏បង្កើតបានជាស្គរ។ បានឃើញឆ្កែ អេះរមាស់ឮខ្វោកៗ ឬបានឮឆ្កែនោមដាក់ស្លឹកត្នោត ក៏បង្កើតបានជាសាដៀវ ចាប៉ី។ បានឮដើមប្ញស្សី១គុម្ព យោលយោកសង្កៀតគ្នាង៉េតង៉តៗ ក៏បង្កើតបានជាទ្រ ឬវីយ៉ូឡុង។ ដូច្នេះ ព្រោះតែមើលឃើញពីលក្ខណៈ ធម្មជាតិបែបនេះហើយ ទើបលោកសារិ អាចបង្កើត បានឧបករណ៍ភ្លេង ដាក់ឈ្មោះរបស់គាត់ ដែលតាមពិត ឧបករណ៍ភ្លេងអ្វីក៏ដោយគឺចៀសមិនផុតពីដេញ ដំ ផ្លុំ កូត នេះឯង។
ទោះយ៉ាងណាគួរអ្នកស្នេហាតូរ្យតន្ត្រីសាកល្បង យកភ្លេងថ្មីនេះទៅប្រគំ ឬសុំជាវ ពីលោកសារិ ទៅ ប្រើប្រាស់ផង ក្នុងន័យលើកតម្កើងស្នាដៃខ្មែរ ក៏ដូចជា ការលើកទឹកចិត្តខ្មែរដូចគ្នា ឱ្យមានកម្លាំងចិត្តក្នុង ការបង្កើតស្នាដៃថ្មីៗបន្ថែមទៀត…”៕

RELATED ARTICLES