Saturday, April 20, 2024
Homeព័ត៌មានជាតិក្រមុំចាស់យកប្អូនធម៌ធ្វើប្តី បានកូន២ រត់តាមស្រីបាត់ស្រមោល

ក្រមុំចាស់យកប្អូនធម៌ធ្វើប្តី បានកូន២ រត់តាមស្រីបាត់ស្រមោល

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់បានរាប់អានយុវជនឈាមរាវម្នាក់ ធ្វើជាប្អូនធម៌ លុះទាក់ទងគ្នាយូរៗទៅបងធម៌ស្រីដែលជាក្រមុំចាស់ផង ក៏ផុងខ្លួនទទួលយកប្អូនធម៌ធ្វើប្តី នឹកស្មានថា មានខ្នងបង្អែករឹងមាំតទៅអនាគត ដឹងអី! ប៉ះប្តីហេងស៊យ គ្រាន់តែរួមរស់បានកូន២នាក់ ក៏បែកគំនិតលួចទាក់ទងស្រីរាប់មិនអស់ ទីបំផុត ឱបបង្វេចចុះចោលផ្ទះទៅសម្ងំរួមរស់ជាមួយស្រីថ្មី ដោយគ្មានស្រណោះអាល័យដល់ប្រពន្ធនិងកូនសោះ។

ស្ត្រីអភ័ព្វដែលត្រូវប្តីជាអតីតប្អូនធម៌ចុះចោលទៅសម្ងំសោយសុខជាមួយស្រីថ្មីបាត់នោះ មានឈ្មោះហាប់ នាង អាយុ៤៣ឆ្នាំ សព្វថ្ងៃ រស់នៅភូមិស្វាន ឃុំខ្ទុំក្រាំង ស្រុកសំរោង។

ស្ត្រីឈ្មោះហាប់ នាង បានរៀបរាប់ប្រាប់ថា នាងមានបងប្អូន២នាក់ (ប្រុស១ ស្រី១) មានឪពុកឈ្មោះចុង ចក់ ម្តាយឈ្មោះហាប់ តាស់ អាយុ៦៨ឆ្នាំ ជាជនជាតិខ្មែរ-អ៊ិស្លាម។ កាលពីក្មេង ដោយសារតែជីវភាពគ្រួសារទីទ័លក្រខ្លាំងពេក ទើបនាងមិនបានចូលសាលារៀនសូត្រលេខអក្សរអ្វីនឹងគេទេ។ លុះធំដឹងក្តី ដើរតែស៊ីឈ្នួលលក់នំឱ្យគេ គ្រាន់បានប្រាក់កម្រៃជួយទប់ទល់ជីវភាពគ្រួសារ ដោយដំបូងឡើយ គ្រួសារនាងរស់នៅម្តុំច្រាំងចំរេះ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

នាងហាប់ នាង បន្តថា និយាយពីរឿងស្នេហាវិញ តាំងពីធំពេញវ័យក្រមុំមក នាងមិនធ្លាប់គិតថា ចង់មានស្នេហាអ្វីនោះទេ ព្រោះថា ជីវភាពគ្រួសារលំបាកពេក ប្រឹងតែដើរស៊ីឈ្នួលគេដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណោះ។ លុះឈានចូលដល់អាយុ៣២ឆ្នាំ ខណៈដែលនាងកំពុងធ្វើជាកម្មកររោងចក្រកាត់ដេរមួយកន្លែង នៅម្តុំគីឡូលេខ៦ ខណ្ឌប្ញស្សីកែវ ក៏បានជួបនឹងយុវជនម្នាក់ឈ្មោះអៀង ស៊ីថីន ហៅរ៉ា អាយុប្អូននាង១៣ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្បែរផ្ទះរបស់នាងដែរ។ ដំបូងឡើយ កំលោះរ៉ា ទើបនឹងមានអាយុ១៩ឆ្នាំប៉ុណ្ណោះ និងបានមកសុំរាប់អាននាងជាបងស្រីធម៌ និងប្រាប់ថា គេខឹងសម្បានឹងឪពុកខ្លាំងពេក ក៏ចុះចោលផ្ទះបណ្តែតខ្សែជីវិតធ្វើជាកម្មករសំណង់ រស់តាមយថាកម្ម លុះពេលជួបនាង ហាក់មាននិស្ស័យ ទើបសុំរាប់អានជាបងធម៌តែម្តង។ ចំណែកនាងក្រោយពីស្តាប់សម្តី និងប្រវត្តិកំលោះខាងលើហើយ ស្រាប់តែទន់ចិត្តអាណិត ព្រមទទួលយកគេជាប្អូនធម៌ រាប់អានដោយចិត្តស្មោះរហូតមក។

នាងហាប់ នាង បន្តថា ធម្មតាស្រមោច នៅជិតស្ករយូរទៅលែងអីនឹងមិនចង់ក្រេបរសជាតិ ជាក់ស្តែង ប្អូនប្រុសធម៌របស់នាង ត្បិតថា ឃើញនាងអាយុច្រើនជាង និងហៅនាងថា បងស្រី ពេញៗមាត់មែន តែពេលឃើញរូបសម្រស់របស់នាងល្អឆើតគួរសម ណាមួយនាងជាក្រមុំចាស់មិនធ្លាប់ឆ្លងកាត់រសជាតិស្នេហាផង ក៏ចេះតែផ្លែផ្កាពាក្យសម្តី កេះកៀវមិនឈប់ ទីបំផុត នាងក៏លង់ខ្លួនជាមួយប្អូនធម៌ រហូតដល់ដាច់ចិត្តប្រគល់ខ្លួនប្រាណឱ្យប្អូនធម៌ថ្នាក់ថ្នម លុះក្រោយពីស្គាល់រសជាតិស្នេហា ទើបដឹងថា រយៈពេលកន្លងមកនេះ ជីវិតនាងរស់នៅហាក់គ្មានន័យអ្វីសោះ មិនគួរទុកឱ្យពេលវេលា កន្លងហួសទៅដោយឥតប្រយោជន៍យ៉ាងនេះសោះ។

នាងហាប់ នាង បានឱ្យដឹងទៀតថា ក្រោយមក នាង និងប្អូនធម៌ ក៏បានរៀបការជាមួយគ្នាតាមប្រពៃណីខ្មែរ-អ៊ិស្លាម រួចក៏បានរួមរស់ជាមួយគ្នារហូតដល់បានកូន២នាក់ ស្រាប់តែប្តីចាប់ផ្តើមបែកគំនិត មានចិត្តព្រាន ចេះតែលួចលាក់ទាក់ទងស្រីថ្មីរាប់មិនអស់ ទោះជានាងតាមទាន់អង្វរករផង គំរាមផងយ៉ាងណា ក៏ប្តីនេះមិនខ្ចីស្តាប់សោះ អស់ពីមួយ ចូលដល់មួយ ជាក់ស្តែង ថ្ងៃមួយនោះ ប្តីលួចទៅជួបស្រីថ្មី និងត្រូវនាងតាមទៅទាន់ ធ្វើឱ្យស្រីនោះរត់គេចទាំងភ្នែកនៅកញ្ចឹងក ព្រោះខ្លាចនាងវ៉ៃ។ បន្ទាប់មក ប្តីក៏សន្យាចំពោះមុខនាងថា គេលែងពាក់ព័ន្ធជាមួយមនុស្សស្រីទៀតហើយ ស្រាប់តែមិនបានប៉ុន្មាន ប្តីកំហូចក៏បានវេចបង្វេចចុះចោលនាង និងកូនតូចៗបាត់ ទៅសម្ងំរួមរស់ជាមួយស្រីថ្មីនៅឯស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឯណោះ។ ចំណែកនាងក៏នាំកូនចេញមកផ្ញើវាសនានៅលើទឹកដីខេត្តកំពង់ស្ពឺ ដោយរស់នៅតាមយថាកម្មរហូតមក។

ទោះជាយ៉ាងណា ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ“ មិនអាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តីឈ្មោះអៀង ស៊ីថន ហៅរ៉ា បាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់៕

RELATED ARTICLES