អ្នកចម្រៀងម្នាក់ចេញពីក្លឹប ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅលើស្ពានអាកាសស្ទឹងមានជ័យ

0
340

ភ្នំពេញ ៖ យុវជនម្នាក់បានចូលក្លឹបផឹកស៊ីរាំលេង រួចក៏កើតមានជម្លោះជាមួយនឹងភាគីម្ខាងទៀត លុះក្រោយពេលចេញពីក្លឹបជិះម៉ូតូ បំណងត្រឡប់ទៅផ្ទះវិញ ក៏ត្រូវក្រុមគូទំនាស់បើករថយន្តប្រដេញតាមបាញ់ប្រហារចំក បណ្តាលឱ្យធ្លាយកស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមនៅកណ្តាលផ្លូវ ចំណែកក្រុមខ្មាន់កាំភ្លើងបានបន្ថែមល្បឿនរថយន្តបើករត់គេចបាត់។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចកណ្តាលស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

សពជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់យ៉ាងព្រៃផ្សៃនោះ មានឈ្មោះខៀវ សុខជា អាយុ២៨ឆ្នាំ មុខរបរជាអ្នកចម្រៀងតាមហាង ស្នាក់នៅផ្ទះជួលម្តុំផ្សារគីឡូលេខ៤ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកឌូក ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ ១GP-៩៦៤០ ទើបតែជិះចេញមកពីក្លឹបប្លូឡាញ  ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាក RAV4 អត់ចាំស្លាកលេខ ដែលសង្ស័យថា ជារថយន្តរបស់ក្រុមបង្កទំនាស់នៅក្នុងក្លឹប បានបើកមកពីក្រោយ និងព្យាយាមបើកជែងម៉ូតូទៅមុន តែម៉ូតូជនរងគ្រោះមិនបានបើកផ្លូវឱ្យនោះទេ ស្រាប់តែភ្លាមនោះ ភាគីរថយន្តខឹងក៏បានដកកាំភ្លើងបាញ់ទៅលើជនរងគ្រោះចំក បណ្តាលឱ្យដួលស្លាប់ភ្លាមៗនៅនឹងកន្លែងហេតុ ចំណែកឯក្រុមខ្មាន់កាំភ្លើងបានបើករថយន្តគេចខ្លួនបាត់ស្រមោល បន្សល់ទុកសពជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម។

តាមសម្តីបុរសម្នាក់ដែលត្រូវជាមិត្តរួមក្រុម ម៉ូតូធំជាមួយគ្នា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ គាត់បានចូលទៅផឹកស៊ីរាំលេងនៅក្នុងក្លឹបប្លូឡាញ ជាមួយមិត្តភក្តិ៤-៥នាក់ទៀត ហើយក៏បានជួបនឹងជនរងគ្រោះខាងលើនៅក្នុងក្លឹបនោះដែរ រួចក៏បានអង្គុយរួមតុជាមួយគ្នា។ លុះដល់វេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានឡើងទៅរាំលេង ខណៈពេលនោះក៏មានយុវជនមួយក្រុមមានគ្នា៥-៦នាក់ បានចូលមករាំលើកដៃទៅប៉ះនិងមុខរបស់ជនរងគ្រោះ ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តី និងឈានទៅដល់ការវាយតប់គ្នា តែភ្លាមៗនោះ ក៏ត្រូវបានសន្តិសុខដែលយាមនៅក្នុងក្លឹប ចេញមកធ្វើការអន្តរាគមន៍ឃាត់ភាគីទាំង២ ដោយដេញភាគីខាងយុវជនបង្កហេតុចេញទៅខាងក្រៅក្លឹប និងដេញជនរងគ្រោះឱ្យទៅអង្គុយនៅតុវិញ បន្ទាប់មកជនរងគ្រោះខាងលើ បានដើរមកអង្គុយនៅតុរបស់ខ្លួនវិញ ហើយបានលើកកែវស្រា បំណងផឹក តែត្រូវមិត្តភក្តិរួមតុម្នាក់ប្រាប់ថា ច្រឡំកែវហើយ នេះជាកែវរបស់ខ្ញុំទេ ស្រាប់តែធ្វើឱ្យជនរងគ្រោះខឹងសម្បារ ដោយនិយាយថា គ្រាន់តែប៉ុណ្ណឹងបងឯងប្រកាន់ខ្ញុំដែរមែន? និយាយរួច ជនរងគ្រោះក៏បានដើរចេញពីក្លឹបទៅបាត់ទៅ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានបុរសម្នាក់ដែលជាអ្នករត់តាក់ស៊ីបានមកប្រាប់ថា ជនរងគ្រោះត្រូវបានគេបាញ់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុ និងដឹកយកសពជនរងគ្រោះទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីធ្វើកោសល្យវិច័យ  រួចបញ្ជាក់ថា ជនរងគ្រោះត្រូវខ្មាន់កាំភ្លើងបាញ់១គ្រាប់ចំក បណ្តាលឱ្យដួលម៉ូតូស្លាប់នៅនឹងកន្លែង។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនដៃដល់ជាឃាតករសមត្ថកិច្ចជំនាញ កំពុងធ្វើការស៊ើបអង្កេត ស្វែងរកចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕