Saturday, April 27, 2024
Homeព័ត៌មានជាតិសិុន ចាន់រ៉ូហ្ស៊េត អស់តំណែងចៅសង្កាត់ មកបើកអាហារដ្ឋាន

សិុន ចាន់រ៉ូហ្ស៊េត អស់តំណែងចៅសង្កាត់ មកបើកអាហារដ្ឋាន

ខេត្តបាត់ដំបង ៖ អតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង នៃអតីតគណបក្សសង្គ្រោះជាតិ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត ក្រោយអស់តំណែងនៅថ្នាក់មូលដ្ឋាន បន្ទាប់ពីគណបក្សត្រូវរំលាយ ដោយអំណាចសាលដីកាស្ថាពររបស់តុលាការកំពូលនោះ ពេលនេះបានប្រកាសបើកអាជីវកម្មផ្ទាល់ខ្លួន គឺហាងលក់អាហារ។

អាហារដ្ឋានថ្មីដែលកញ្ញាស៊ិន ចាន់ពៅរ៉ូ ហ្ស៊េត រៀបចំបើកនោះមានឈ្មោះថា “អាហារដ្ឋានរ៉ូហ្ស៊េត” ឬអាហារស្នាដៃអ្នកបាត់ដំបង មានទីតាំងចុះពីស្ពានផ្លូវមុខតុលាការ មកខាងលិច ត្រង់ជិតដល់ផ្លូវរថភ្លើង ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ អាហារដ្ឋាននេះនឹងបើកលក់ទាំងព្រឹក-ល្ងាចតែម្តង ដោយមានលក់ ដូចជា បាយឆ្អឹងជំនីរជ្រូក នំបញ្ចុក សម្លប្រហើរ និងសម្លការី ណែមឆ្អិន និងឆៅ គុយទាវឆា នំប៉័ងក្តៅៗ បាញ់ហយ បាញ់ស៊ុង និងបង្អែមគ្រប់មុខ ។

ពាក់ព័ន្ធនឹងការបង្កើតមុខរបស់ថ្មីនេះ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានផ្តល់សម្ភាសន៍ដល់ “នគរធំ” នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ថា នាងមិនសង្ឃឹមថា ពេលចាប់ផ្តើមដំបូង មុខរបរថ្មី នេះនឹងជោគជ័យទេ តែនាងនឹងតស៊ូទៅមុខដើម្បីជីវិត។

កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានបញ្ជាក់ថា “ចាស ! ទីតាំងនេះមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំទេ គឺជារបស់ពូ ហើយគាត់ឱ្យទីតាំងនេះទៅ ដោយគាត់អត់យកថ្លៃជួល ឬជួលឱ្យយើងទេ។ អីចឹងយើងធូរក្នុងការបើក ដោយយើងមិនចំណាយជួល។ មិនតែប៉ុណ្ណោះ មានការលើកទឹកចិត្តពីបងប្អូនទាំងនៅក្នុងស្រុកនិងនៅក្រៅស្រុកផងដែរ ទាំងការជូនពរ ការផ្តល់កម្លាំងចិត្ត គាត់ឱ្យយើងស៊ូបន្តទៀត ហើយក្នុងនាមខ្ញុំជាអ្នកដែលចាប់ផ្តើមនូវមុខរបរនៅពេលខាងមុខនេះ ក៏រីករាយនិងអរគុណដល់លោកតាលោកយាយ បងប្អូនដែលរស់នៅក្នុងប្រទេស និងក្រៅប្រទេស ជាពិសេស គឺពលរដ្ឋនៅក្នុងសង្កាត់អូរចារ ដែលគាត់តែងតែផ្ញើសារមកខ្ញុំតាមហ្វេសប‘កុ ជូនពរ ឬមួយក៏គាត់ប្រាប់ថា ពេលដែលដំណើរការ គាត់នឹងនាំគ្នាមកជួយញ៉ាំអីអ៊ីចឹងទៅ។ អីចឹងហើយអរគុណលោកតា លោកយាយ អ៊ំ ពូមីង បងប្អូន ដែលនៅជិតខ្ញុំ នៅកៀកខ្ញុំ មិនថាពេលមុន ឬមួយក៏ពេលនេះ ឬមួយក៏បន្តទៅមុខទៀតទេ។ ចំពោះម្ហូបអាហារនៅក្នុងហាងហ្នឹង  ខ្ញុំធ្វើដោយខ្លួនឯងតែម្តង ដោយសារចំណីទាំងអស់ហ្នឹង គឺសុទ្ធសឹងតែខ្ញុំធ្លាប់ធ្វើលក់តាំងពីខ្ញុំនៅជំទង់នៅឡើយ ដូចជាធ្វើណែម គុយទាវឆា មី បាញ់ស៊ុង បាញ់ហយ នំបញ្ចុកខ្មែរ នំបញ្ចុក សម្លការី ឬមួយនំប៉័ងសារម៉ាន់អីហ្នឹង។ អីចឹងខ្ញុំធ្វើដោយផ្ទាល់ដៃ ក៏ប៉ុន្តែក្នុងនោះយើងមានប្អូនៗយុវជនដែលគាត់នៅជិតខ្ញុំ គាត់នឹងមកជួយធ្វើ ហើយនិងបងប្អូនយើងមួយចំនួនទៀត ពីព្រោះទោះបីខ្ញុំចេះទាំងអស់ហ្នឹងក៏ពិតមែន ក៏ប៉ុន្តែវាជាមុខម្ហូបច្រើន។ អីចឹងហើយ ទាល់តែមានអ្នកជួយមួយដៃមួយជើង ទើបយើងអាចធ្វើទាន់ គឺត្រូវការកម្លាំងមនុស្ស”។

កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានបញ្ជាក់បន្តថា “បើកខ្លួនឯងពិតជាត្រូវចំណាយដើមទុនច្រើន ទន្ទឹមនឹងនោះ ក៏យើងរង់ចាំនូវការខាតដែរ ដោយសារទី១ គឺខ្លាចបងប្អូនយើងអត់ស្គាល់ទីតាំង។ ទី២ ខ្លាចទឹកដៃរបស់ខ្ញុំធ្វើមិនបានល្អ។ អីចឹងហើយអាចមួយខែពីរខែមុនដំបូងហ្នឹង អាចយើងជួបឧបសគ្គបន្តិចបន្តួច ប៉ុន្តែក៏យើងមិនអស់សង្ឃឹមដែរ យើងនឹងប្រឹងប្រែងបន្តទៀត ហើយមួយវិញទៀត យើងមិនចំណាយថ្លៃផ្ទះជួល។ អីចឹងទោះបីមានការខាត ឬមួយក៏ជួបឧបសគ្គអី ក៏ប៉ុន្តែវាមិនធ្វើឱ្យយើងហ្នឹងចំណាយអស់ច្រើនដែរ ហើយនៅតែមានកម្លាំងចិត្ត ព្រោះធម្មតាការបើកអាជីវកម្ម វាតែងតែជោគជ័យ និងបរាជ័យ ប៉ុន្តែគ្រាន់តែថា បើយើងតាំងចិត្ត និងមានការប្តេជ្ញាចិត្ត យើងទៅមុខបន្តទៀត ពីព្រោះការរកស៊ី វាមិនមែនមានន័យថា វាជោគជ័យទាំងអស់ទេ ហើយក៏បរាជ័យទាំងអស់ដែរ ហើយមិនមែនថាយើងបើកភ្លាម គឺយើងចំណេញភ្លាមដែរ គឺយើងតែងតែទទួលបាននូវការគាំទ្រ ឬមួយមិនគាំទ្រ ប៉ុន្តែសង្ឃឹម តើយើងនៅបើកបន្តទៀតឬអត់ ? តែបើសិនជាយើងមានការអំណត់អត់ធ្មត់បើកបន្តទៀត យើងនឹងមានម៉ូយ ហើយយើងនឹងមានអ្នកគាំទ្រច្រើន”។

គួរបញ្ជាក់ថា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ជាអតីតមន្ត្រីថ្នាក់មូលដ្ឋាននៃគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលពេលនៅក្នុងគណបក្សនោះនាងបានជាប់ជាចៅសង្កាត់រងអូរចារ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៣។ ដោយឡែក មកដល់ឆ្នាំ២០១៧ នេះ បន្ទាប់ពីគណបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស បានរួមបញ្ចូលគ្នាជាគណបក្សសង្គ្រោះជាតិ ហើយបានចួលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤នោះ នាងក៏បានជាប់ជាចៅសង្កាត់អូរចារ ក្រុងបាត់ដំបង។ ប៉ុន្តែក្រោយឡើងកាន់តំណែងជាចៅសង្កាត់ មិនបានប៉ុន្មានខែផង គណបក្សសង្គ្រោះជាតិ ក៏ត្រូវរំលាយដោយអំណាចសាលដីកាតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ធ្វើឱ្យនាងអស់តំណែងនៅថ្នាក់មូលដ្ឋាននោះ។

 

ក្នុងចំណោមមេឃុំចៅសង្កាត់មួយចំនួនធំរបស់គណបក្សសង្គ្រោះជាតិ កញ្ញាស៊ិន ចៅពៅរ៉ូហ្ស៊េត ម្នាក់ដែរ ដែលមិនព្រមចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច ដើម្បីរក្សាតំណែងជាចៅសង្កាត់ នោះទេ គឺនាងសុខចិត្តបោះបង់​ចោលអាសនៈចៅសង្កាត់ ឱ្យទៅគណបក្សប្រជាជនកម្ពុជា ហើយបានមកប្រកបរបរបើកអាហារដ្ឋានថ្មីនេះ។

កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានបញ្ជាក់បន្ថែមថា “ជាជីវិតរបស់ខ្ញុំ គោលដៅរបស់ខ្ញុំ គឺខ្ញុំមានក្តីសុបិន និងគោលដៅទៅថ្ងៃអនាគតរបស់ខ្ញុំ ក៏ប៉ុន្តែដោយសារក្នុងកាលៈទេសៈនេះ មានភ្លៀងមានព្យុះអីចឹង ក៏ខ្ញុំត្រូវការជ្រក ដើម្បីខ្ញុំមកផ្តើមនូវមុខរបរ ដើម្បីរកចិញ្ចឹមជីវិត ក៏ប៉ុន្តែខ្ញុំក៏មិនចោលនូវក្តីសុបិនរបស់ខ្ញុំដែរ ពីព្រោះខ្ញុំចង់បម្រើប្រជាពលរដ្ឋ ខ្ញុំចង់ធ្វើកិច្ចការងារសង្គម ខ្ញុំចង់ជួយរំលែកនូវទុក្ខលំបាករបស់សង្គមជាតិយើងផងដែរ។ អីចឹងគោលបំណងរបស់ខ្ញុំ គោលដៅរបស់ខ្ញុំ គឺខ្ញុំមិនចោលដាច់ខាត ក៏ប៉ុន្តែទន្ទឹមនឹងពេលនេះ ខ្ញុំត្រូវតែពង្រឹងសេដ្ឋកិច្ចរបស់ខ្ញុំឱ្យបានល្អ។ ក្នុងន័យនេះ ដូចខ្ញុំបានបញ្ជាក់កន្លងមកអីចឹង ថាមូលហេតុដែលខ្ញុំចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដោយសារចង់បានការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។ អីចឹងបំណងរបស់ខ្ញុំនៅតែដដែល ហើយការដែលខ្ញុំចង់ឱ្យមានផ្លាស់ប្តូរតាមរយៈការបោះឆ្នោត ដោយសារខ្ញុំគិតឃើញថា ការដឹកនាំរាល់ថ្ងៃមិនទាន់បានល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ធ្វើឱ្យយុវជនមានការងារធ្វើ ធ្វើឱ្យការរស់នៅរវាងអ្នកក្រ និងអ្នកមានវិញ មានគម្លាតឃ្លាតឆ្ងាយគ្នាពេក រវាងពលរដ្ឋ ហើយអ្នកមានអំណាចហ្នឹង គម្លាតនៃជីវភាពហ្នឹងវាខុសគ្នាពេក។ អីចឹងហើយ អាហ្នឹងឯង ដែលធ្វើឱ្យចូលរួមជាមួយគណបក្សសង្គ្រោះជាតិ តែមិនមែនមានន័យថា អត់ពីបក្សមួយ ខ្ញុំរត់ចូលបក្សមួយ ដើម្បីតួនាទី ដើម្បីតំណែងទេ ពីព្រោះកាលខ្ញុំចូលមករួមជាមួយគណបក្សសង្គ្រោះជាតិ ក៏ខ្ញុំមិនដែលស្រមៃនឹកគិតថា ខ្ញុំបានតួនាទីតំណែងអីដែរ ប៉ុន្តែជាធម្មតា យើងជាយុវជនវ័យក្នុងការប្រកួតប្រជែង យើងតែងតែចង់បានបាននូវស្នាដៃ។ អីចឹងស្នាដៃទាំងអស់ហ្នឹងឯង ដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តែងតែផ្តល់ឱកាសឱ្យយុវជនណាដែលមានបំណងចង់ធ្វើកិច្ចការសង្គម ចង់ជួយស្រុក ភូមិ ជួយឃុំ-សង្កាត់របស់ខ្លួនឱ្យមានការរីកចម្រើន។ ដូច្នេះជាការបញ្ជាក់ឡើងវិញ ខ្ញុំរ៉ូហ្ស៊េត នៅបាត់ដំបង បច្ចុប្បន្នជាពលរដ្ឋសាមញ្ញធម្មតា ហើយខ្ញុំនឹងប្រកបមុខរបរបើកលក់ដូរនៅក្រុងបាត់ដំបង គឺលក់ណែម លក់នំប៉័ង លក់បាយ ឆ្អឹងជំនីរជ្រូក លក់ច្រើនមុខមែនទែន មានបង្អែមដែរ។ អីចឹងសុំឱ្យលោកតាលោកយា អ៊ំពូមីង បងប្អូនទាំងអស់ ចូលរួមគាំទ្រលើកទឹកចិត្ត ទោះបីខ្ញុំមានភាពរឹងមាំយ៉ាងណាក៏ដោយ ក៏ប៉ុន្តែទន្ទឹមនឹងនោះ ក៏ខ្ញុំត្រូវការកម្លាំងចិត្តពីលោកតា លោកយាយ បងប្អូនពូមីងគ្រប់ជ្ឈដ្ឋានទាំងអស់ចំពោះរូបនាងខ្ញុំ ហើយក៏ខ្ញុំសុំបញ្ជាក់ថា ខ្ញុំត្រូវការកិត្តិយស ហើយនិងសេចក្តីថ្លៃថ្នូរ ប៉ុន្តែទន្ទឹមនឹងកិត្តិយស និងសេចក្តីថ្លែថ្នូរហ្នឹង គឺខ្ញុំត្រូវតែមានចិត្តស្មោះត្រង់ចំពោះប្រជាពលរដ្ឋ  និងស្មោះត្រង់ចំពោះខ្លួនឯង ហើយនិងមានចិត្តស្មោះត្រង់ចំពោះជាតិ។ អីចឹងទង្វើរបស់ខ្ញុំ សកម្មភាពរបស់ខ្ញុំ បានឆ្លុះបញ្ចាំងអំពីស្មារតីរឹងមាំរបស់យុវជន។ ដូច្នេះសុំឱ្យយុវជនទាំងអស់ចូលរួមគិតគូរអំពីបញ្ហាប្រទេសជាតិរបស់យើង ពីព្រោះប្រទេសជាតិរបស់យើង គឺជារឿងរបស់យើងទាំងអស់គ្នា មិនមែនជារឿងរបស់បុគ្គល មិនមែនជារឿងរបស់បក្សណាមួយទេ។ អីចឹងសុំឱ្យយុវជនទាំងអស់ចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារប្រទេសជាតិយើង នាពេលខាងមុខ ហ្នឹងហើយក្រោយភ្លៀង មេឃនឹងស្រឡះ ប៉ុន្តែ ឥឡូវហ្នឹងពេលណាមានមេឃភ្លៀង យើងជ្រករកអីញ៉ាំ ស្រុសមីញ៉ាំឱ្យមានកម្លាំងមាំមួនដូចគ្នាដែរ។ ដូចខ្ញុំអីចឹង ខ្ញុំអត់ពីការងារជាចៅសង្កាត់ ក៏ខ្ញុំត្រូវតែមកប្រកបរបររបស់ខ្ញុំ បើកអាជីវកម្មជាពលរដ្ឋធម្មតា មិនមែនទាល់តែយើងទៅចុះចូល បានតួនាទី បានតំណែង បានបុណ្យស័ក្តិហ្នឹង ទើបយើងអាចរស់នៅបានទេ។ អីចឹងខ្ញុំសុំឱ្យបងប្អូន យុវជនទាំងអស់ថា យើងមានយុវជនល្អដែលគិតគូរអំពីប្រទេសជាតិយើង ក៏មានគំរូលោកតាលោកយាយអ៊ំពូមីងដែលជាវីរភាពសម្រាប់យុវជនយើង ឱ្យនៅបន្តតស៊ូ សម្រាប់ជាតិមាតុភូមិយើងជាបន្តទៀត”៕

RELATED ARTICLES