សូ ដានីតា ប្រកែកមានសង្សារថ្មី ក៏មិនទាន់កំណត់គម្រោងចូលរោងការ

0
371

មុននេះបន្តិច មានដំណឹងថា តារាភាពយន្តល្បីឈ្មោះ សូ ដានីតា មានបុរសៗរហូតដល់៣នាក់ តាមប្រជែងស្នេហ៍ក្នុងពេលតែមួយ ប៉ុន្តែដានីតា បានអះអាងថ្មីៗនេះថា រហូតមកទល់ពេលនេះ នាងមិនទាន់មានដៃគូស្នេហាថ្មីនៅឡើយទេ ហើយក៏មិនទាន់អាចកំណត់ពីគម្រោងចូលរោងការបានដែរ…។

ក្រោយពេលបែកស្នេហ៍ពីគូដណ្តឹង លោកឆាយ វិបុល អាណិកជនខ្មែរ រស់នៅកាណាដា សូ ដានីតា បានជំពប់នឹងដំណឹងស្នេហ៍ជាបន្តបន្ទាប់ ខណៈដែលមុននេះបន្តិច លេចឮដំណឹងថា មានបុរស៣នាក់ តាមថ្ពក់ស្នេហ៍ក្នុងពេលតែមួយ ដូចជាអ្នកជំនួញម្នាក់ វ័យ៤០ប្លាយ អាណិកជនខ្មែរ វ័យចំណាស់នៅអាមេរិកម្នាក់ និងតារាសម្តែងម្នាក់ ឧស្សាហ៍សម្តែងឱ្យផលិតកម្មរស្មីហង្សមាស ជាដើម។ ក្រៅពីនោះ ក៏ល្បីថា បានបង្កាត់ភ្លើងស្នេហ៍ជាមួយលោកយ៉ែម សំអូន ផងដែរ។ យ៉ាងណា នៅពេលជួបផ្ទាល់ នៅក្នុងពិធីមង្គលការរបស់សុគន្ធ និសា កាលថ្មីៗនេះ សូ ដានីតា បានអះអាងថា រហូតមកទល់ពេលនេះ បេះដូងរបស់នាងនៅទំនេរ ដោយមិនទាន់មានដៃគូស្នេហាថ្មី ដូចការលេចឮនោះទេ ពោលគឺនាងចាត់ទុកដំណឹងថា មានបុរស៣នាក់ តាមស្នេហ៍នោះ គ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។

ដានីតា បន្ថែមថា ចំពោះព័ត៌មានពាក់ព័ន្ធជាមួយលោកយ៉ែម សំអូន នាងសុំប្រកាសដាច់អហង្ការថា អត់មានចំណងមនោសញ្ចោតនាស្នេហាជាមួយគ្នាដូចការលេចឮនោះទេ ពោលគឺនាងរាប់អានលោកសំអូន ដូចជាបងប្អូនទៅហើយ ដែលមិនអាចក្លាយជាស្នេហាបានទេ។

ដានីតា បន្ថែមថា ក្នុងដំណាក់កាលនេះ នាងមិនទាន់អាចកំណត់ពីគម្រោងចូលរោងការបានទេ បើទោះបីវ័យកាន់តែច្រើនក្តី ត្បិតអីអំឡុងពេលនេះ នាងមិនទាន់មានដៃគូពិសោធន៍ស្នេហ៍នៅឡើយ។

សូ ដានីតា ដែលល្បីថា ជាតារាសម្បូរប្រុសចោមស្នេហ៍នោះ ពេលនេះបែរជាត្អូញថា អត់សង្សារទៅវិញ ខណៈដែលអ្នកខ្លះមិនជឿថា បេះដូងនាងនៅទំនេរទេ គ្រាន់តែនាងមិនទាន់លាតត្រដាង ព្រោះកំពុងស្ថិតក្នុងដំណាក់កាលពិសោធន៍ចិត្តគ្នា។

សូ ដានីតា បញ្ជាក់ថា បើនាងជួបស្នេហាពិតប្រាកដមែន នាងនឹងលាតត្រដាងជាចំហ តែបច្ចុប្បន្នពិតជាអត់មែន ហើយសម្រាប់នាងមិនប្រកាន់ថា ជាបុរសក្នុងឬក្រៅស្រុកទេ បើជួបបុរសល្អដែលអាចផ្តល់សុភមង្គលឱ្យនាងបាន នាងនឹងពិចារណាចូលរោងការតាមគន្លងប្រពៃណីតែម្តង។

សូ ដានីតា ដែលល្បីថា ជាអតីតសង្សាររបស់លោកងួន វ៉ារី និងជាអតីតសង្សារឌីជេ ឡាយអិន រូបនេះ បញ្ជាក់ថា បើទោះបីនាងធ្លាប់បរាជ័យស្នេហ៍ឆ្លងដែន ប៉ុន្តែនាងពុំបានរាងចាលស្នេហ៍បុរសក្រៅស្រុកទេ ដែលនាងគិតថា បុរសក្រៅស្រុកសុទ្ធតែពុំមែនមានចិត្តគំនិតដូចគ្នាទាំងអស់នោះទេ ពោលគឺនាងនៅតែបើកបេះដូងសម្រាប់បុរសក្រៅស្រុក។

តារាដែលនៅតែមានមន្តស្នេហ៍ទាក់ទាញរូបនេះ មិនចង់រំលឹកពីរឿងអតីតកាលនោះទេ ខណៈដែលពេលនេះ នាងកំពុងប្រឹងពង្រឹងអាជីពសិល្បៈ ជួយគ្រួសារបន្ថែមទៀត។

នាពេលចុងក្រោយនេះ មានការកត់សម្គាល់ថា ជីវភាពរបស់សូ ដានីតា កាន់តែហ៊ឺហា ដោយក្រៅពីមានទ្រនំវីឡាដ៏ស្តុកស្តម្ភ តម្លៃមិនក្រោម២០ម៉ឺនដុល្លារ នាងក៏ជិះរថយន្តទំនើបម៉ាក Land Cruiser តម្លៃជិត១០ម៉ឺនដុល្លារផងដែរ រហូតមានការសង្ស័យថា នាងមានអ្នកពិសេសនៅពីក្រោយខ្នងទៀតផង។ ប៉ុន្តែយ៉ាងណា ដានីតា អះអាងថា អ្វីដែលនាងមានពេលនេះ ជាកម្លាំងញើសឈាមរបស់នាងទាំងស្រុង។

សូ ដានីតា បន្ថែមថា បច្ចុប្បន្ននេះ អាជីពសិល្បៈរបស់នាងនៅតែមានសន្ទុះទៅមុខ ដែលអាចរកបានចំណូលច្រើនគួរសម ដូច្នេះនាងមិនចាំបាច់ទទួលការជ្រោមជ្រែងពីបុរសណាទេ។

សូ ដានិតា និងលោកយ៉ែម សំអូន ដៃគូចម្រៀងឆ្លងឆ្លើយ

តាមដំណឹងថា មានបុរសៗទ្រព្យស្តុកជាច្រើនដែលចង់ថ្នាក់ថ្នមប្រឡោមស្នេហ៍សូ ដានីតា ថែមទាំងមានអ្នកចង់ចិញ្ចឹមជ្រោមជ្រែងនាងទៀតផង តែនាងមិនអើពើ ប៉ុន្តែសូ ដានីតា នៅតែអះអាងថា នាងមិនទាន់ជួបស្នេហាថ្មីនៅឡើយទេ។ ម៉្យាងអំឡុងពេលនេះ នាងចង់ផ្តោតលើអាជីពសិល្បៈច្រើនជាងរឿងស្នេហា។

ទស្សនិកជនរង់ចាំមើលថា តើសូ ដានីតា នឹងបង្ហាញមុខម្ចាស់ស្នេហ៍ថ្មីនៅពេលណា ហើយជាបុរសក្នុងឬក្រៅស្រុក? ខណៈដែលនាងនៅតែមិនរាងចាលចំពោះស្នេហាឆ្លងដែន៕