Friday, March 29, 2024
Homeព័ត៌មានជាតិរថយន្តដឹកផាវគ្រាប់បែក៦កេស ស្មើ៥៤០០គ្រាប់ និងមនុស្ស២នាក់ សមត្ថកិច្ចឃាត់ចាប់បាន

រថយន្តដឹកផាវគ្រាប់បែក៦កេស ស្មើ៥៤០០គ្រាប់ និងមនុស្ស២នាក់ សមត្ថកិច្ចឃាត់ចាប់បាន

ខេត្តរតនគិរី ៖ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង សហការជាមួយនាយការិយាល័យប្រឆាំងភេវកម្មកងរាជអាវុធហត្ថខេត្តរតនគិរី និងកម្លាំងនគរបាលក្រុងបានលុង បានធ្វើការស្រាវជ្រាវឈានដល់ឃាត់រថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខស្ទឹងត្រែង 2A-0171 ដែលបានដឹកផាវមួយចំនួនធំ ព្រមទាំងមនុស្សចំនួន២នាក់ផងដែរ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន២នាក់ ទី១-ឈ្មោះម៊ុត សំណាង ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី (ជាម្ចាស់រថយន្ត) និងទី២ ឈ្មោះសេង ប៉ាវ ភេទប្រុស  អាយុ២៨ឆ្នាំ មុខរបរជាងផ្លាកទីន លំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាម្ចាស់អីវ៉ាន់ ក្រោយពីត្រួតពិនិត្យ ដកហូតបានកេសគ្រាប់បែកផាវ ចំនួន៦កេស មានចំនួន៣៦កញ្ចប់ ស្មើនឹង៥៤០០គ្រាប់ ដែលត្រូវបានហាមឃាត់ មិនឱ្យធ្វើការលក់ដូរនោះទេ។

ក្រោយចាប់ខ្លួនជនសង្ស័យ ឈ្មោះសេង ប៉ាវ បានឆ្លើយសារភាពថា ផាវទាំងនោះពិតជារបស់គេមែន ដោយបានទិញពីគេបន្តយកមកលក់ចែកចាយបន្ត គ្រាន់បានប្រាក់ចំណេញទុកខ្លះ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ មិនមានបំណងអ្វីឡើយ ហើយក៏មិនដឹងថា មុខរបរលក់ផាវនេះខុសច្បាប់ដែរ ព្រោះគេប្រកបរបរនេះយូរណាស់ដែរ តែដឹងអ្វីនៅពេលរូបគេ ទើបឡើងមកទិញផាវ លើកចុងក្រោយនេះក៏ត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួនតែម្តង។

បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបានលុង ខេត្តរតនគិរី ដើម្បីចាត់វិធានការបន្តតាមច្បាប់៕

RELATED ARTICLES