Thursday, April 25, 2024
Homeព័ត៌មានជាតិស្ត្រីម៉ាស្សាកោសជប់ លួចលុយភ្ញៀវ១៨០ដង ស្គាល់រសជាតិគុកព្រៃស លើកទី១

ស្ត្រីម៉ាស្សាកោសជប់ លួចលុយភ្ញៀវ១៨០ដង ស្គាល់រសជាតិគុកព្រៃស លើកទី១

ភ្នំពេញ ៈ ស្ត្រីម្នាក់ប្រកបក្នុងរបរកោសជប់ ម៉ាស្សា មានជំនាញខាងបន្លំលួចលុយភ្ញៀវល្បីឈ្មោះ ធ្លាប់ធ្វើសកម្មភាពប្រព្រឹត្ត១៨០ដង មិនដែលជួបគ្រោះថ្នាក់ ទើបតែលើកនេះ ស្ត្រីរូបនេះភ្លាត់ស្នៀតជាប់អន្ទាក់សមត្ថកិច្ច ទើបសម្រេចឃុំខ្លួន  ក្រោយពីបានលួចលុយភ្ញៀវចូលកោសជប់ កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងមក នៅភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីសង្ស័យឈ្មោះហេង ធូ អាយុ៣០ឆ្នាំ មុខរបរកោសជប់ម៉ាស្សា នៅតាមផ្លូវវេងស្រេង ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិអង្គបុរី ឃុំអង្គរបុរី ស្រុកអង្គបុរី ខេត្តតាកែវ។

តាមប្រភពពីមហាជនបានឱ្យដឹងថា ស្ត្រីសង្ស័យជាប់ប្រវត្តិល្បីខាងម៉ាស្សាបន្លំលួចលុយភ្ញៀវ១៨០លើកមកហើយ ជនរងគ្រោះរាប់លែងឈ្នះ ហើយកន្លងមកមិនដែលមានតុលាកាខាងណាឃាត់ឃុំខ្លួនជនសង្ស័យរូបនេះឡើយ ទោះជាប៉ូលិសចាប់បញ្ជូនទៅក្តី សង្ស័យបុកលុយ ទើបរួចនៅក្រៅឃុំរហូត។ មកដល់លើកនេះ សង្ស័យអស់លុយសូកតុលាការ ទីបំផុតក៏មានដីកាសម្រេចឃុំខ្លួនលើកទី១ ក្នុងប្រវត្តិបន្លំលួចលុយភ្ញៀវ។

ប្រភពពីនគរបាលបានឱ្យដឹងថា នេះជាលើកទីមួយសម្រាប់ស្ត្រីសង្ស័យខាងលើ ក្រោយពីបន្លំលួចលុយភ្ញៀវអស់៣០០ដុល្លារ កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ហើយជនរងគ្រោះប្តឹងសមត្ថកិច្ចចុះទៅឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅស្ថាប័នច្បាប់។ រហូតមកដល់ល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យត្រូវបានលោកសេង ហ៊ាង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឱ្យឃុំខ្លួនជនសង្ស័យជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។

ជារឿងភ្ញាក់ផ្អើលសម្រាប់មហាជន ខណៈដែលតុលាការសម្រេចចេញដីកាឃុំខ្លួនស្ត្រីសង្ស័យខាងលើ ព្រោះកន្លងមកស្ត្រីម្នាក់នេះរងពាក្យបណ្តឹងពីភ្ញៀវញឹកញាប់ណាស់ តែមិនឃើញអី ទើបតែពេលនេះ បានស្គាល់រសជាតិគុកព្រៃស៕

RELATED ARTICLES