Friday, April 19, 2024
Homeព័ត៌មានជាតិ១គូទៀតហើយ!!! នារី២នាក់សម្រេចភ្ជាប់ពាក្យជាមួយគ្នា ខណៈមិត្តភក្តិ Comment ជូនពរឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង

១គូទៀតហើយ!!! នារី២នាក់សម្រេចភ្ជាប់ពាក្យជាមួយគ្នា ខណៈមិត្តភក្តិ Comment ជូនពរឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង

ភ្នំពេញ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលថ្មីមួយទៀតនៅក្នុងសង្គមខ្មែរ ខណៈដែលនារីរូបស្រស់២នាក់ បានសម្រេចចិត្តភ្ជាប់ស្នេហ៍ភេទដូចគ្នាយ៉ាងបើកចំហរ តាមរយៈការភ្ជាប់ពាក្យភ្ជាប់ស្នេហ៍ដោយមានទាំងចាស់ទុំសងខាងចូលរួមដឹងឮជូនពរជ័យ ព្រមទាំងរៀបចំកម្មវិធីភ្ជាប់ពាក្យយ៉ាងអធិកអធម មិនចាញ់គូស្នេហ៍ប្រុសស្រីប៉ុន្មានឡើយ។

គូស្នេហ៍ស្រីស្អាតដែលសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នាតាមបែបបទប្រពៃណីខាងលើនេះ ត្រូវបានគេដឹងថា គូស្នេហ៍ម្ខាងមានឈ្មោះ ជូន ភិច្ចរ៉ា ចំណែកដៃគូម្ខាងទៀត មានឈ្មោះ ពេជ ស្រីណុច ហើយអ្នកទាំងពីរទើបនឹងបាន ភ្ជាប់ពាក្យជាមួយគ្នា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះប៉ុណ្ណោះ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sok Saravdy កាលពីយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហោះនូវរូបភាពចំនួន៣សន្លឹក បង្ហាញពីសកម្មភាពពិធីភ្ជាប់ពាក្យរវាងគូស្នេហ៍ភេទស្រីដូចគ្នាមួយគូ និងថែមទាំងសរសេរសារភ្ជាប់ជាមួយថា “នេះហើយជាសុភមង្គលរបស់ពួកគាត់ទាំងពីរ គឺមិនខ្វល់នឹងអ្នកដទៃគិតអ្វីនោះទេ សំខាន់ពួកគាត់រកសេចក្តីសុខឱ្យខ្លួនគាត់ឃើញ។ ជូនពរឱ្យស្រលាញ់គ្នា និងថែរក្សាគ្នាដល់ចាស់រៀងៗខ្លួន…”។

តាមរយៈរូបភាពទាំង៣សន្លឹកខាងលើនេះ គេឃើញពិធីភ្ជាប់ពាក្យរវាងគូស្នេហ៍ភេទដូចគ្នានេះ បានប្រារឰឡើងយ៉ាងអធិកអធម ដោយសាមីខ្លួនទាំងសងខាងបានតុបតែងខ្លួន ស្លៀកពាក់ចងក្បិនតាមបែបប្រពៃណី និងថែមទាំងការរៀបចំដឹកនាំដោយលោកអាចារ្យម្នាក់ទៀតផង ជាមួយនេះ ក៏មានការចូលរួមពីសំណាក់ចាស់ទុំ សាច់ញាតិ បងប្អូនទាំងសងខាងជាច្រើន ដើម្បីចូលរួមជួយដឹងឮថា ពិធីភ្ជាប់ពាក្យមួយនេះ ពិតជាត្រឹមត្រូវ និងផ្តើមដោយការពេញចិត្តប្រាកដមែន។ ចំណែកទឹកមុខសាមីខ្លួនទាំងពីរ គេឃើញថា ម្នាក់ៗសុទ្ធតែញញឹមស្រស់ស្រាយបិទមាត់មិនជិត ដែលនេះបង្ហាញពីទឹកចិត្តស្នេហ៍ស្មោះចំពោះគ្នានឹងគ្នា ពិសេសបង្ហាញនូវភាពរីករាយ ខណៈដែលបំណងប្រាថ្នាក្នុងរឿងស្នេហារបស់ខ្លួនបានសម្រេចដូចបំណង។

គួរបញ្ជាក់ថា កាលពីអំឡុងខែវិច្ឆិកា កន្លងទៅ គូស្នេហ៍ភេទដូចគ្នា (ស្រីស្រលាញ់ស្រី) មួយគូ ក៏ទើបនឹងបានរៀបចំពិធីភ្ជាប់ពាក្យជាមួយគ្នាផងដែរ បន្ទាប់ពីអះអាងថា មូលហេតុដែលពួកនាងភ្ជាប់ពាក្យរួមស្នេហ៍ភេទស្រីដូចគ្នានេះ ក៏ដោយសារតែពួកនាងអស់ជំនឿចិត្តលើមនុស្សប្រុស ព្រោះថាមនុស្សប្រុសពិបាករកអ្នកស្មោះខ្លាំងណាស់។ ត្បិតថា ពិធីភ្ជាប់ពាក្យមួយនោះ រៀបចំឡើងក្នុងលក្ខណៈតូចតាច ដោយភាគីគូស្នេហ៍ស្រីដូចគ្នាស្លៀកពាក់សាមញ្ញធម្មតា ប៉ុន្តែតាមរយៈទឹកមុខអ្នកទាំងពីរ គឺបានបង្ហាញយ៉ាងច្បាស់ពីការពេញចិត្តពេញថ្លើមចំពោះ ពិធីមួយនេះខ្លាំងណាស់ និងថែមទាំងមានការបំពាក់ចិញ្ចៀនឱ្យគ្នាទៅវិញទៅមក ដើម្បីភ្ជាប់ស្នេហ៍ភ្ជាប់ជីវិតជាមួយគ្នារហូតតទៅទៀតផង។

ក្រោយពីឃើញគូស្នេហ៍ស្រីស្រលាញ់ស្រីទាំង២គូខាងលើ បានសម្រេចចិត្តចងសម្ព័ន្ធភាពស្នេហាភេទដូចគ្នា តាមរយៈការភ្ជាប់ពាក្យរួចមក គេឃើញមិត្តភក្តិ រួមនិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិសេសបុរសៗបានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា ពួកគេសម្រេចចិត្តជ្រើសរើសយកគូស្នេហ៍ស្រីដូចគ្នាបែបនេះសោះ។

ដោយឡែក បុរសម្នាក់ទំនងជាមិត្តភក្តិ បានចូលរួមបញ្ចេញយោបល់ (Comment) ថា “ទីបំផុតថ្ងៃដែលយើងឃើញពួកម៉ាកមានក្ដីសុខបានមកដល់ហើយ សូមឲ្យស្រលាញ់គ្នាឋិតឋេរយូរអង្វែងរហូតដល់ចាស់កោងខ្នង នេះគឺជាការស្រលាញ់ដែលគេតែងនិយាយថា មិនប្រកាន់វណ្ណៈ ពណ៍សម្បុរ មានក្រ ។ល។ កុំភ្លេចហៅស៊ីការផង។

ជុំវិញរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលខាងលើ “អង្គរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺដោយផ្ទាល់ពីសាមីខ្លួនគូស្នេហ៍ស្រលាញ់ភេទដូចគ្នាបាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES