Friday, April 26, 2024
Homeព័ត៌មានជាតិស្តាយមាន់៥ពាន់ដុល្លារ លបចូលលួចដល់ស្នងការ លក់ឲ្យថៅកែកាប់ជ្រូក

ស្តាយមាន់៥ពាន់ដុល្លារ លបចូលលួចដល់ស្នងការ លក់ឲ្យថៅកែកាប់ជ្រូក

ខេត្តកណ្តាល ៖ បុរសថ្លើមធំពាសមេឃម្នាក់ ព្រោះតែដឹងក្លិនថា មានមាន់ជល់១ក្បាល មានតម្លៃខ្ពស់ និងត្រូវបានសមត្ថកិច្ចខេត្តកណ្តាល ចុះចាប់បង្ក្រាបកាលពីថ្ងៃទី០៤ ខែធ្នូ រួចនាំយកមករក្សាទុកនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏ធ្វើសកម្មភាពលបចូលលួចយកមាន់ទៅលក់ឱ្យម្ចាស់ដើមវិញ ក្នុងតម្លៃ៥ពាន់ដុល្លារ ទីបំផុត ត្រូវបានលោកស្នងការខេត្តកណ្តាល បញ្ជាឱ្យសមត្ថកិច្ចចាប់វាយខ្នោះ កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចហាងលក់បាយមួយកន្លែងនៅជាប់មាត់ស្ទឹងតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ជនសង្ស័យថ្លើមធំដែលហ៊ានចូលទៅលួចមាន់ជល់ដល់ក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តកណ្តាល យកទៅលក់ឱ្យម្ចាស់មាន់ បានប្រាក់រហូតដល់៥០០០ដុល្លារនេះ មានឈ្មោះ ឡេង អាយុជាង៤០ឆ្នាំ មានលំនៅក្នុងស្រុកស្អាង។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពលបចូលលួចមាន់ (វត្ថុតាង) ដែលសមត្ថកិច្ចខេត្តកណ្តាល បង្ក្រាបបានកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីតាំងសង្វៀនបញ្ជល់មាន់ដ៏ធំមួយ នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម។

លោកស្នងការបន្តថា លុះមកដល់យប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ ឡេង ក៏បានលបចូលទៅលួចមាន់ជាវត្ថុតាង នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន១ក្បាល រួចបានយកទៅលក់ឱ្យម្ចាស់មាន់វិញ ដែលជាថៅកែកាប់ជ្រូកម្នាក់ ស្នាក់នៅខណ្ឌច្បារអំពៅ ក្នុងតម្លៃ៥០០០ដុល្លារ ទើបលោកបានបញ្ជាឱ្យកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទៅចាប់វាយខ្នោះជនសង្ស័យនោះ ដល់ក្នុងហាងបាយតែម្តង។

យ៉ាងណាក្តី លោកស្នងការ អ៊ាវ ចំរើន បានបញ្ជាក់ថា ឱ្យតែមន្ត្រីនគរបាលណាម្នាក់ហ៊ានលួចមាន់ ដែលជាវត្ថុតាង ឬសមគំនិតជាមួយក្រុមបញ្ជល់មាន់ លោកនឹងដកស័ក្តិ ហើយចាប់វាយខ្នោះបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ដោយគ្មានការយោគយល់អ្វីទាំងអស់។

គួរបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់ដុះស្លែដ៏ធំចំនួន២កន្លែង ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់ម្ចាស់តែមួយ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក្នុងរយៈពេល២ថ្ងៃជាប់គ្នា ដោយក្នុងនោះសង្វៀនបញ្ជល់មាន់ទី១ ស្ថិតនៅក្នុងទឹកដីស្រុកបាទី ខេត្តតាកែវ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ចំណែកសង្វៀនបញ្ជល់មាន់ទី២ ស្ថិតក្នុងទឹកដីឃុំអរិយក្សត្រ ស្រុកល្វាឯម ត្រូវបានធ្វើឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧។

តាមការបញ្ជាក់របស់លោកស្នងការខេត្តកណ្តាល តួលេខចុងក្រោយដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធក្នុងរង្វង់ប្រតិបត្តិការចុះបង្ក្រាប កាលពីរសៀលថ្ងៃទី០៤ ខធ្នែូ មានចំនួន៦៤នាក់ ខណៈដំបូងមានមនុស្សជាង១៥០នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ប៉ុន្តែខ្លះជាជាងសំណង់ ទើបសមត្ថកិច្ចបានអនុញ្ញាតឱ្យត្រឡប់ទៅវិញ។ ចំណែកមនុស្សទាំង៦៤នាក់ ទៀត រួមនិងម្ចាស់សង្វៀនមាន់ឈ្មោះ មានឈ្មោះថៃ ផានី ហៅម៉ាប់ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។ ដោយឡែកវត្ថុតាងដែលរឹបអូសបាន រួមមានរថយន្តជិត៦០គ្រឿង ម៉ូតូជាង១០០គ្រឿង ព្រមទាំងមាន់ជល់ជាង១០០ក្បាល៕

RELATED ARTICLES