Thursday, March 28, 2024
Homeព័ត៌មានជាតិស្ត្រីមានផ្ទៃពោះ៧ខែ ដើរទៅងូតទឹក សម្រាលកូនក្បែរពាងទឹក

ស្ត្រីមានផ្ទៃពោះ៧ខែ ដើរទៅងូតទឹក សម្រាលកូនក្បែរពាងទឹក

ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់ទើបនឹងមានផ្ទៃពោះ៧ខែ ស្រាប់តែកើតមានអាការឈឺពោះ នឹកស្មានថា គ្រាន់តែឈឺធម្មតា ក៏ដើរចេញទៅរកទឹកងូតតែម្នាក់ឯង ស្រាប់តែទៅដល់ក៏ឈឺពោះសន្ធាប់កាន់តែខ្លាំង រហូតដល់សម្រាលកូនតែម្នាក់ឯងក្បែរពាងទឹកតែម្តង ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ក្រុមគ្រួសារ និងអ្នកជិតខាងទាក់ទងហៅរថយន្តសង្គ្រោះ មកជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ករណីស្ត្រីទើបនឹងមានផ្ទៃពោះ៧ខែ បែរជាសម្រាលឈឺពោះកូននៅក្បែរពាងទឹកតែម្នាក់ឯង ដោយគ្មានអ្នកដឹងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ស្ត្រីដែលសម្រាលកូនមុនកំណត់រូបនេះ  មានឈ្មោះណឹម ណេង អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានប្តីឈ្មោះរឿន ថុន អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រដូចគ្នា ស្នាក់នៅបន្ទប់ជួលក្នុងទីតាំងកើតហេតុខាងលើ។

តាមសម្តីបុរសជាប្តីស្ត្រីខាងលើ បានរៀបរាប់ប្រាប់ថា ប្រពន្ធរបស់គាត់ទើបនឹងមានផ្ទៃពោះ៧ខែប៉ុណ្ណោះ ប៉ុន្តែដោយសារកត្តាជីវភាពខ្វះខាត ទើបប្រពន្ធគាត់មិនសូវបានទៅមន្ទីរពេទ្យ ពិនិត្យតាមដានសុខភាពទារកក្នុងផ្ទៃឱ្យបានជាប់លាប់ប៉ុន្មានទេ រហូតដល់កូនសម្រាលមុនកំណត់ ទើបកើតមានការភ្ញាក់ផ្អើល។

បុរសជាប្តី បន្តថា នៅមុនពេលកើតហេតុ គាត់មិនបាននៅផ្ទះទេ គឺរវល់ចេញទៅធ្វើការ ចំណែកប្រពន្ធរបស់គាត់បានកើតមានអាការឈឺពោះតិចៗដែរ តែមិនស្មានថា ឈឺពោះសម្រាលទេ គិតថាគ្រាន់តែឈឺពោះធម្មតា ទើបនាងបានដើរចេញពីបន្ទប់ជួលទៅរកងូតទឹកនៅពាងទឹកក្បែរបន្ទប់ជួលនោះ លុះពេលទៅដល់ពាងទឹក ប្រពន្ធគាត់ចាប់ផ្តើមឈឺពោះកាន់តែខ្លាំង ហើយក៏បានសម្រាលកូនយ៉ាងឆាប់រហ័សបំផុត សូម្បីតែចង់ស្រែកហៅគេឯងឱ្យជួយក៏មិនទាន់ផង។ លុះពេលកូនសម្រាលចេញមកហើយ ទើបប្រពន្ធគាត់បានស្រែកហៅអ្នកជិតខាងឱ្យជួយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ ប្រញាប់ទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនទាំងម្តាយទាំងកូនទៅកាន់មន្ទីរពេទ្យបង្អែកចម្ការចេក ដើម្បីសង្គ្រោះជីវិត។

បុរសជាប្តីខាងលើ បានបញ្ជាក់ថា គាត់មិននឹកស្មានថា កូនស្រីមួយនេះសម្រាលមុនកំណត់បែបនេះសោះ ព្រោះទើបនឹងពពោះបាន៧ខែប៉ុណ្ណោះ ហើយកូននេះគឺជាកូនទី៤ ក្នុងគ្រួសារគាត់ ខណៈដែលកូនមុនៗ៣នាក់ សុទ្ធតែកើតមកគ្រប់កាលកំណត់ត្រឹមត្រូវ។

លោកសេង ណុង ប្រធានមន្ទីរពេទ្យបង្អែកចំការចេក បានបញ្ជាក់ឱ្យដឹងថា ម្តាយនិងកូនខាងលើ ត្រូវបាននាំមកដល់មន្ទីរពេទ្យទាន់ពេលវេលា និងកំពុងស្ថិតក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ចំណែកម្តាយនិងទារកសុទ្ធតែមានសុខភាពល្អធម្មតាដូចគ្នា  ក្នុងនោះទារកទើបនឹងសម្រាលនេះមានទម្ងន់៣,២គីឡូក្រាម៕

RELATED ARTICLES