Friday, April 26, 2024
Homeព័ត៌មានជាតិឃើញទូកនៅកណ្តាលទន្លេ នាំគ្នាទៅមើល ឃើញថៅកែអូនអួន ត្រូវគេកាប់សម្លាប់

ឃើញទូកនៅកណ្តាលទន្លេ នាំគ្នាទៅមើល ឃើញថៅកែអូនអួន ត្រូវគេកាប់សម្លាប់

ខេត្តកំពង់ឆ្នាំង ៖ បុរសជាជនជាតិវៀតណាមម្នាក់ ត្រូវជនមិនស្គាល់មុខធ្វើសកម្មភាពកាប់ប្រហារចំក្បាលជាច្រើនពូថៅ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅលើផ្ទះ​បណ្តែតទឹករបស់​ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះបណ្តែតទឹករបស់ជនរងគ្រោះ ស្ថិតនៅចំណុចពាមសែន ភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង។

បុរសរងគ្រោះដែលត្រូវឃាតករដៃឆៅ កាប់ជាច្រើនពូថៅស្លាប់នោះ មានឈ្មោះជិញ យ៉ាំងកុង ជាជនជាតិវៀតណាម និងជាថៅកែអួន មានលំនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញទៅអូសអួននៅចំណុចភូមិឃុំកើតហេតុខាងលើ តែមិនដឹងជាមានរឿងអ្វី ស្រាប់តែនៅព្រឹកកើតហេតុ មានប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ បានឃើញកាណូតរបស់ជនរងគ្រោះចតចោលនៅកណ្តាលទន្លេ ដោយមានការសង្ស័យ ពួកគាត់ក៏នាំគ្នាទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ដោយមានស្នាមកាប់នឹងពូថៅជាច្រើនពូថៅ បន្ទាប់មក ពួកគាត់ក៏បានរាយការណ៏ទៅសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវជនដៃដល់កាប់ប្រហារសម្លាប់ប្រាកដមែន ដោយជនដៃដល់បានប្រើពូថៅកាប់ប្រហារជនរងគ្រោះជាច្រើនពូថៅ ត្រង់ក្បាល បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម។ តាមការសន្និដ្ឋានជាជំហានដំបូង ករណីនេះអាចផ្តើមចេញពីរឿងគំនុំ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកជនដៃដល់ជាឃាតករ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES