Friday, April 19, 2024
Homeព័ត៌មានជាតិ"ខ្ញុំចង់ស្លាប់ៗៗ"!!! បុរសម្នាក់ចងកដាច់ខ្សែធ្លាក់ ឈឺពេក ដេកឲ្យឡានកិនវិញម្តង

“ខ្ញុំចង់ស្លាប់ៗៗ”!!! បុរសម្នាក់ចងកដាច់ខ្សែធ្លាក់ ឈឺពេក ដេកឲ្យឡានកិនវិញម្តង

ភ្នំពេញ ៖ បុរសម្នាក់ឱ្យតែផឹកស្រាស្រវឹង ចេះតែមានចិត្តចង់សម្លាប់ខ្លួនមិនឈប់ ដោយធ្លាប់ចងកម្តងរួចមកហើយ តែមិនបានសម្រេច  ដោយសារដាច់ខ្សែធ្លាក់ចុះដីចុកឆ្អល់ប៊ិះស្លាប់ លុះលើកទី២ បន្ទាប់ពីផឹកស្រវឹងជោក ក៏ដើរទៅដេកនៅកណ្តាលផ្លូវ បំណងឱ្យរថយន្តកិនវិញម្តង ក្រែងមិនសូវឈឺ និងលំបាកក្នុងខ្លួនខ្លាំងដូចចងក ប៉ុន្តែនៅមិនបានសម្រេចដដែល ព្រោះបានប្រជាពលរដ្ឋអ្នកដំណើរប្រទះឃើញទាន់  ជួយលើកចេញ។

ករណីបុរសប៉ងធ្វើអត្តឃាតម្តងជាពីរដង តែមិនសម្រេចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ទល់មុខកងពលតូចង៧០ ដែលស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសដែលប៉ុនប៉ងសម្លាប់ខ្លួនដោយដេកនៅកណ្តាលផ្លូវឱ្យរថយន្តកិនខាងលើនេះ មិនបានបញ្ជាក់ប្រាប់អត្តសញ្ញាណរបស់ខ្លួននោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណ៣០ឆ្នាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសខាងលើ ពាក់អាវពណ៌សដៃវែង និងអាវយឺតពីក្នុងពណ៌ខ្មៅ ស្លៀកខោខូវប៊យជើង វែងពណ៌ខ្មៅ ដើរដោយថ្មើរជើង មិនដឹងថា ធ្វើដំណើរមកពីណាទៅណាឡើយ ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានប្រះខ្លួនដេកផ្កាប់មុខនៅកណ្តាលផ្លូវ (ដេកទទឹងផ្លូវ) និងបានយកអាវខាងក្រៅ យកមកគ្របពីលើ បំណងចង់ឱ្យរថយន្តកិនឱ្យស្លាប់តែម្តង ធ្វើឱ្យអ្នកដំណើរ ឆ្លងកាត់ទីតាំងកើតហេតុខាងលើ នាំគ្នាជិះគេចទាំងព្រលឹងចុងសក់ ព្រោះខ្លាចជ្រុលចង្កូតកិន ឬបុកបុរសរូបនោះ នាំឱ្យមានទាំងបញ្ហាដល់ខ្លួនទៀតផង។

ប្រភពដដែលបន្តថា លុះបន្តិចក្រោយមក ប្រជាពលរដ្ឋនៅក្បែរនោះ ក៏បាននាំគ្នាជួយសែងបុរសខាងលើ មកដាក់អែបខាង ហើយសាកសួរ ប៉ុន្តែបុរសរូបនោះមិនបានឆ្លើយប្រាប់ពីផលវិបាកដែលនាំឱ្យខ្លួនគិតខ្លីចង់សម្លាប់ខ្លួនបែបនេះឡើយ ដោយគិតតែពីអង្គុយយំននៀលដីដូចកូនក្មេង និងពោលតែពាក្យដដែលៗថា “ខ្ញុំចង់ស្លាប់ៗៗ”។ លុះបន្តិចក្រោយមក មានអ្នកលក់គុយទាវម្នាក់ អូសរទេះគុយទាវរបស់ខ្លួនឆ្លងកាត់ទីនោះ ឃើញបុរសខាងលើ អង្គុយយំមានចិត្តអាណិតក៏ខំស្រុះគុយទាវមួយចានធំយកមកឱ្យហូបក្រែងឃ្លាន  តែបុរសខាងលើមិនព្រមហូបឡើយ បែរចង់ស្រវាយកដុំក្រួស យកមកហូបទៅវិញ តែលេបចូលមិនរួច។

ប្រភពខាងលើបញ្ជាក់ថា ក្រោយពីប្រជាពលរដ្ឋនាំគ្នាឈ្លេចសួរអស់មួយសន្ទុះធំ ទើប បុរសខាងលើដាច់ចិត្តឆ្លើយប្រាប់ថា ខ្ញុំគ្រាន់តែចង់ស្លាប់នៅតាមផ្លូវទេ ព្រោះពីមុនធ្លាប់ចងកនឹងខ្សែក្រវាត់សម្លាប់ខ្លួនម្តងដែរ តែមិនស្លាប់ ព្រោះដាច់ខ្សែក្រវាត់ធ្លាក់ចុះដីឈឺចុកណាស់ ទើបលើកនេះ សម្រេចចិត្តមកដេកកណ្តាលផ្លូវឱ្យរថយន្តកិនវិញម្តង ក្រែងលោស្លាប់ទៅអត់សូវឈឺ ស្រាប់តែមិនទាន់សម្រេចបំណងផង ក៏ត្រូវបងៗលើកអែបខាងទៅហើយ។

ក្រោយពេលកើតហេតុ បន្ទាប់ពីសាកសួរមិនដឹងពីមូលហេតុពិតប្រាកដដែលនាំឱ្យបុរសខាងលើ មានគំនិតខ្លី ទើបប្រជាពលរដ្ឋបានត្រឹមជួយអប់រំណែនាំលើកទឹកចិត្តកុំឱ្យគិតខ្លីបែបនេះទៀត ទោះជាមានរឿងអ្វីក៏ដោយ ក៏ត្រូវរកដំណោះស្រាយដោយសន្តិវិធី មិនគួរយកវិធីបញ្ចប់ជីវិតមកបញ្ចប់បញ្ហានោះទេ ពិសេស ការមកដេកនៅលើផ្លូវប៉ងឱ្យរថយន្តម៉ូតូបុកកិនស្លាប់នេះ មិនល្អទេ ព្រោះវាថែមទាំងធ្វើឱ្យមានបញ្ហាដល់អ្នកដទៃទៀតផង។

បន្ទាប់ពីណែនាំអស់ចិត្ត ប្រជាពលរដ្ឋក៏បាននាំគ្នាដើរចេញអស់ទៅដោយទុកឱ្យបុរសនោះ នៅអង្គុយយំតែម្នាក់ឯង រហូតមួយសន្ទុះក្រោយមក ទើបក្រោកដើរចេញពីកន្លែងកើតហេតុបាត់ទៅ និងមិនដឹងមានគោលដៅទៅណាបន្តទៀតឡើយ៕

RELATED ARTICLES