Tuesday, April 16, 2024
Homeព័ត៌មានជាតិថៅកែចិនរុញក្រដាស ទាក់ដៃជាប់រ៉ូឡូ ទាញចូលម៉ាសុីនកិនស្លាប់

ថៅកែចិនរុញក្រដាស ទាក់ដៃជាប់រ៉ូឡូ ទាញចូលម៉ាសុីនកិនស្លាប់

ភ្នំពេញ ៖ បុរសជាថៅកែជនជាតិចិនម្នាក់ កំពុងរុញក្រដាសចូលទៅក្នុងម៉ាស៊ីនកិន ស្រាប់តែធ្វេសប្រហែស បណ្តាលឱ្យទាក់ដៃចូលរ៉ូឡូ ទាញចូលម៉ាស៊ីន កិនស្លាប់យ៉ាងអាណោចអាធ័ម និងត្រូវបានជនជាតិចិនដូចគ្នាដឹកបញ្ជូនទៅមន្ទីរពេទ្យ ហុង អ៊ិន ស្ទឹងមានជ័យ ដើម្បីឱ្យអស់ចិត្ត លុះគ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ តាំងពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ទើបកើតមានការភ្ញាក់ផ្អើលរាយការណ៍ប្រាប់សមត្ថកិច្ច និងតំណាងស្ថានទូត ឱ្យចុះមកពិនិត្យ។

ហេតុការណ៍ម៉ាស៊ីនកិនក្រដាស់កិនថៅកែជនជាតិចិនស្លាប់នេះ បានកើតឡើង តាំងពីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចសិប្បកម្មកិនក្រដាសមួយកន្លែង ក្នងដីឡូត៍ តាមផ្លូវលំ ក្នុងភូមិព្រៃល្ងរ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះ មានឈ្មោះ AN GXI អាយុ៣៩ឆ្នាំ ជាជនជាតិចិនដីគោក និងជាថៅកែសិប្បកម្មខាងលើផ្ទាល់តែម្តង កាន់លិខិតឆ្លងដែនលេខ ៧៩០២៤៥៨៩ ស្នាក់នៅផ្ទះជួលក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីជនជាតិចិនដូចគ្នា ដែលបម្រើការក្នុងសិប្បកម្មខាងលើ បានរៀបរាប់ប្រាប់ថា  ជនរងគ្រោះទើបតែដំឡើងម៉ាស៊ីនបើកសិប្បកម្មកិនក្រដាសកែច្នៃក្រដាស ដោយមានកម្មករខ្មែរចំនួន៦នាក់ រួមជាមួយថៅកែចិនម្នាក់ សរុបគ្នា៧នាក់។ នៅមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយកម្មករបាននាំគ្នាធ្វើការងារកិនក្រដាស លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានរុញក្រដាសចូលម៉ាស៊ីនដើម្បីកិន ស្រាប់តែដោយសារការធ្វេសប្រហែស ទើបធ្វើឱ្យដៃរបស់ជនរងគ្រោះត្រូវរ៉ូឡូម៉ាស៊ីនទាញចូលរមូលកិនទាំងក្បាលជនរងគ្រោះ កៀបជាប់នឹ់ងម៉ាស៊ីន។

ប្រភពដដែលបន្តថា ភ្លាមៗនោះ ក្រុមកម្មករក៏ប្រញាប់ស្ទុះរតទៅ់បិទប៉ារ៉ែតភ្លើង និងនាំគ្នាជួយទាញយកជនរងគ្រោះចេញមកក្រៅវិញ ហើយហៅជនជាតិចិនម្នាក់ទៀត ត្រូវជាសាច់ញាតិមកជួយដឹកជនរងគ្រោះទៅគ្លីនិក ហុងអ៊ិន ស្ទឹងមានជ័យ ដើម្បីសង្គ្រោះជីវិត ក្រែងអាចសង្គ្រោះបាន ប៉ុន្តែពេលដឹកទៅដល់គ្រូពេទ្យ ពិនិត្យរួច ក៏បានប្រាប់វិញថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបដឹកសពជនរងគ្រោះ យកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ តែម្តង។

ប្រភពខាងលើ បញ្ជាក់ថា ដោយសារតែពួកខ្លួនទើបនឹងមកស្នាក់នៅ ហេតុនេះទើបពេលមានបញ្ហាមិនដឹងរាយការណ៍ប្រាប់ទៅខាងណា មានតែប្រាប់ទៅខាងស្ថានទូតចិន ក្រសួងមហាផ្ទៃ ទើបនៅព្រឹកថ្ងៃទី០៨ ខែធ្នូ នេះ ទាល់តែជំនាញស្នងការក្រុង ប្រាប់ពីលើមកវិញ ទើបនគរបាលមូលដ្ឋានភ្ញាក់ផ្អើលឆោឡោនាំគ្នាដើរស្វែងរកស្រាវជ្រាវទៅដល់ទីតាំងសិប្បកម្ម លុះពេលចុះដល់ទីតាំងកើតហេតុ សមត្ថកិច្ចជំនាញបានពិនិត្យឃើញម៉ាស៊ីនស្រូបទាញមនុស្សនៅជាប់ប្រឡាក់សុទ្ធតែឈាមនៅដិតដាមនៅឡើយ។

ករណីខាងលើ ត្រូវបាននគរបាលជំនាញខណ្ឌនគរបាលមូលដ្ឋាន ចុះទៅពិនិត្យមើលផ្ទាល់ ដល់សិប្បកម្មកិនក្រដាស ហើយសាកសួរដើម្បីធ្វើឯកសារទៅតាមជំនាញ។ ចំណែកសព សមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារ និងស្ថានទូត ដើម្បីចាត់ចែងបន្ត៕

RELATED ARTICLES