Friday, March 29, 2024
Homeព័ត៌មានជាតិប្តីប្រពន្ធដាច់យ៉ៃ លួចកងដៃតម្លៃ៨៩ដុល្លារ ដាក់ក្នុងខោទ្រនាប់

ប្តីប្រពន្ធដាច់យ៉ៃ លួចកងដៃតម្លៃ៨៩ដុល្លារ ដាក់ក្នុងខោទ្រនាប់

ខេត្តស្វាយរៀង ៖ ប្តីប្រពន្ធវ័យក្មេងមួយគូ មិនមានមុខរបរអ្វីចិញ្ចឹមជីវិតត្រឹមត្រូវ បែរជាបែកគំនិតធ្វើចោរ ដោយបន្លំធ្វើជាចូលទៅដូរហ្គាស់នៅផ្ទះលក់ដូរមួយកន្លែង ដោយបុរសជាប្តីព្យាយាមបង្វែរការចាប់អារម្មណ៍របស់ម្ចាស់ផ្ទះ ទុកឱកាសឱ្យប្រពន្ធលួចកងដៃយកមកលាក់ក្នុងលីអូ ប៉ងគេចខ្លួន តែត្រូវម្ចាស់ផ្ទះសង្ស័យ ក៏ឃាត់សាកសួរ និងឆែកឆេរសព្វខ្លួន នៅតែមិនឃើញ លុះឱ្យដោះខោអាវចេញ ក៏ប្រទះឃើញកងដៃនៅក្នុងលីអូរបស់ស្ត្រីសង្ស័យជាប្រពន្ធ ទើបសម្រេចឃាត់ខ្លួនប្តីប្រពន្ធទាំង២នាក់ខាងលើ ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ រួមមានបុរសជាប្តី មានឈ្មោះញៀន សុផាត អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះ ជួប ភារម្យ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ប្តីប្រពន្ធជនសង្ស័យសព្វថ្ងៃមានទីលំនៅក្នុងភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប។ ចំណែកជនរងគ្រោះជាម្ចាស់កងដៃ មានឈ្មោះស៊ិន សុផា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ដូ មានលំនៅក្នុងផ្ទះកើតហេតុខាងលើ។ ដោយឡែក កងដៃដែលជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ លួចយកទៅនោះជាប្រភេទកងដៃផ្លាកទីន ទម្ងន់៨៩លី គិតជាប្រាក់ស្មើនឹង៨៩ដុល្លារ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ២នាក់ប្តីប្រពន្ធខាងលើ បានប្រើល្បិចធ្វើជាចូលទៅដូរហ្គាស នៅក្នុងផ្ទះលក់ដូរខាងលើ លុះទៅដល់ស្ត្រីសង្ស័យជាប្រពន្ធបានធ្វើជាសុំមើលកងដៃដែលគេដាក់តាំងលក់ មាន៥កង ចំណែកបុរសជាប្តីបានព្យាយាមសួរនេះសួរនោះ ដើម្បីបង្វែរការចាប់អារម្មណ៍របស់ម្ចាស់ផ្ទះ លុះមានឱកាសល្អ ស្ត្រីជាប្រពន្ធក៏បានយកកងដៃ១កង ញាត់ចូលទៅក្នុងខោទ្រនាប់របស់ខ្លួន។ បន្ទាប់ពីលួចកងដៃបានសម្រេចហើយ ប្តីប្រពន្ធជនសង្ស័យក៏ព្យាយាមចង់គេចខ្លួន ប៉ុន្តែភ្លាមនោះ ម្ចាស់ផ្ទះមើលទៅក្នុងទូ ឃើញសល់តែកងដៃ៤កង បាត់១កង ទើបមានការសង្ស័យ បានរាយការណ៍មកសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដើម្បីឆែកឆេរ ប៉ុន្តែទោះជារកយ៉ាងណា ក៏មិនឃើញសោះ។ ទីបំផុត ម្ចាស់ផ្ទះនឹកឃើញតម្រូវឱ្យស្ត្រីសង្ស័យជាប្រពន្ធដោះសម្លៀកបំពាក់ចេញ ស្រាប់តែប្រទះឃើញកងដៃរបស់ខ្លួន ដែលបាត់ទៅនោះ នៅក្នុងខោទ្រនាប់របស់ស្ត្រីសង្ស័យសោះ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនទាំង២នាក់ប្តីប្រពន្ធ ពិតជាបានរួមគំនិតគ្នា លួចយកកងដៃម្ចាស់ផ្ទះពិតប្រាកដមែន ដោយឱ្យប្តីជាអ្នកបង្វែងដាន ចំណែកប្រពន្ធជាអ្នកលួចយកមកលាក់ទុកក្នុងខោទ្រនាប់ តែទោះជាខំញាត់លាក់ដល់កន្លុកកន្លៀតយ៉ាងណា ទីបំផុតនៅតែត្រូវម្ចាស់គេឆែកឃើញដដែល។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES