អាយុមិនដល់២០នោះទេ!!! ក្លាយជាឃាតករសម្លាប់យុវជនម្នាក់ នៅឆ្នេរអូរឈើទាល

0
380

ខេត្តព្រះសីហនុ ៖ ជនសង្ស័យជាឃាតករមួយក្រុម មានគ្នា៩នាក់ ដែលបានរួមគំនិតគ្នាធ្វើសកម្មភាពប្រើកាំបិតកាប់ទៅលើយុវជនជាបុគ្គលិកកាស៊ីណូម្នាក់ បណ្តាលឱ្យស្លាប់នៅចំណុចឆ្នេរអូរឈើទាល ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី២០ និងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ថា ការបង្ក្រាបទៅលើជនសង្ស័យទាំង៩នាក់ខាងលើ គឺពាក់ពន្ធ័នឹងការសម្លាប់ជនរងគ្រោះម្នាក់ស្លាប់នៅដីអតីតអារីស្តុន ឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨និង១០នាទីយប់ ដែលប៉ូលិសចាត់ទុកថា ជាអំពើឃាតកម្មគិតទុកជាមុន ដោយក្រុមជនសង្ស័យបានប្រើកាំបិតកាប់ទៅលើជនរងគ្រោះចំនួន២កាំបិត (ក្បាល និងកញ្ចឹងក) បណ្តាលឱ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ។

លោកស្នងការរង បន្តថា ក្រោយមកជនសង្ស័យចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ នៅថ្ងៃទី២០ និងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧។ ជនសង្ស័យទាំង៩នាក់នោះ រួមមានទី១-ឈ្មោះជា វីដេវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងភ្លើង មានលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ (ចារីដៃដល់) ក្រុម AL ទី២-ឈ្មោះអ៊ុង ដារារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរព្រូឡាន ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ (សហចារី) ក្រុមAL ទី៣-ឈ្មោះគង់ មាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ដូរ មានលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ (សហចារី) ក្រុម AL ទី៤-ឈ្មោះ ហ៊ុយ សេងលី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ (សហចារី) ក្រុម ADZ ទី៥-ឈ្មោះ យូ អ៊ី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ (សហចារី) ក្រុម ADZ ទី៦-ឈ្មោះឃាង ណារិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ (សមគំនិត) ក្រុម ADZ ទី៧-ឈ្មោះខាន់ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សមគំនិត) ក្រុមអាវុធខ្លីម៉ាកឡុក១៧ ប្រើហ្គាស ក្រុម ADZ ទី៨-ឈ្មោះបូ ចាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ (សមគំនិត) ក្រុម ADZ និងទី៩-ឈ្មោះសោម វីរតនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សមគំនិត) អ្នកផ្តល់កាំបិត ក្រុម ADZ។ ចំណែកបក្ខពួកនៅសល់៥នាក់ទៀត សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួន។

លោកស្នងការរង បានបញ្ជាក់ថា ជាមួយគ្នានោះ សមត្ថកិច្ចបានចាប់យកវត្ថុតាង រួមមាន កាំបិតចំនួន១ (ឧបករណ៍សម្រាប់ធ្វើឃាត) អាវុធខ្លីម៉ាកឡុក១៧ ប្រើហ្គាស ចំនួន១ដើម ម៉ូតូចំនួន៣គ្រឿង (ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៧ ចំនួន២គ្រឿង និងម៉ាក MSX ចំនួន១គ្រឿង)។

តាមចម្លើយសារភាព ជនសង្ស័យបាននិយាយថា មូលហេតុដែលសម្លាប់ជនរងគ្រោះ ខាងលើនោះ គឺគំនុំរវាងក្រុមបងតូចបងធំ ពួកវាបានចែកជាក្រុមមានក្រុម K-BOY ក្រុមកាំបិតធំ ក្រុម AL និងក្រុមADZ។

គួររំលឹកថាកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ មានករណីឃាតកម្មមួយបានកើតឡើង នៅចំណុចក្នុងដីអតីតឆ្នេរអារីស្តុន (ឆ្នេរអូរឈើទាល) ស្ថិតក្នុងក្រុម១៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដោយយុវជនជាបុគ្គលិកកាស៊ីណូម្នាក់ ត្រូវបានឃាតករដៃឆៅ មិនស្គាល់អត្តសញ្ញាណកាប់ប្រហារ បណ្តាលឱ្យស្លាប់ដោយមិនដឹងមូលហេតុ និងសង្ស័យថាអាចជារឿងគំនុំ។

ជនរងគ្រោះដែលត្រូវឃាតករកាប់សម្លាប់ មានឈ្មោះសយ លន អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូប៉ាវម៉ាយ មានលំនៅភូមិដំណាក់ត្របែក ស្រុកកំពង់ត្រាច ខេត្តកំពត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានប្រទះឃើញជនរងគ្រោះដេកស្តូកស្តឹងក្នុងថ្លុកឈាម នៅចំណុចកើតហេតុខាងលើ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ និងទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតតែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះមានស្នាមរបួសយ៉ាងធ្ងន់ធ្ងរនៅត្រង់ក្បាលខាងឆ្វេង និងកញ្ចឹងកខាងក្រោយ ទើបបណ្តាលឱ្យស្លាប់នៅកន្លែងតែម្តង។

ទីបំផុត ឈាមស្រែកស្បែកហៅក្រុមជនដៃដល់ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ សរុបចំនួន៩នាក់ និងកំពុងត្រូវបានសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់។ ដោយឡែក បក្ខពួក៥នាក់ផ្សេងទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួនយកមកផ្តន្ទាទោសផងដែរ៕