Saturday, April 20, 2024
Homeព័ត៌មានជាតិខឹងមិនឱ្យរួមរ័ក ប្តីវ៉ៃធ្លាក់ឈាម គំរាមបាញ់សម្លាប់ ប្រពន្ធប្តឹងប៉ូលិសឆែកឃើញកាំភ្លើង៤ដើម

ខឹងមិនឱ្យរួមរ័ក ប្តីវ៉ៃធ្លាក់ឈាម គំរាមបាញ់សម្លាប់ ប្រពន្ធប្តឹងប៉ូលិសឆែកឃើញកាំភ្លើង៤ដើម

ខេត្តបន្ទាយមានជ័យ ៖ បុរសជាប្តីចិត្តកំណាចម្នាក់ តែងរករឿងចោទប្រកាន់ប្រពន្ធរបស់ខ្លួន ថាមានទំនាក់ទំនងសហាយស្មន់ជាមួយពូបង្កើត ទើបចេះតែរករឿងវាយដំប្រពន្ធមិនស្វាង លុះគាប់ជួនប្រពន្ធមានជំងឺខ្សោយបេះដូង ស្នើឱ្យប្តីផ្អាករឿងយប់ព្រលប់មួយរយៈ ស្រាប់តែប្តីខឹងមិនបានរួមរ័ក ក៏វាយតប់ប្រពន្ធរហូតដល់ធ្លាក់ឈាម និងថែមទាំងគំរាមសម្លាប់ទៀតផង ទើបប្រពន្ធភ័យរត់គេចខ្លួន និងប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចុះឆែកឆេរក្នុងផ្ទះ ស្រាប់តែប្រទះឃើញកាំភ្លើងចម្រុះចំនួន៤ដើម ដែលបុរសជាប្តីលាក់ទុកនៅក្នុងផ្ទះ។

ហេតុការណ៍ប៉ូលិសចុះប្រតិបត្តិការចាប់ខ្លួនប្តីកំណាចប្រើហិង្សាដាក់ប្រពន្ធ តែត្រូវជនសង្ស័យគេចខ្លួនបាត់ និងប្រទះឃើញកាំភ្លើងរបស់ជនសង្ស័យលាក់ទុកពេញផ្ទះនេះ បានកើតឡើងកាលពីវេលាព្រឹក ថ្ងៃទីី២៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ស្ត្រីរងគ្រោះដែលត្រូវប្តីកំពូលប្រចណ្ឌប្រើហិង្សាវាយដំ និងថែមទាំងគំរាមសម្លាប់នេះ មានឈ្មោះវួន ស្រីមុំ អាយុ៣០ឆ្នាំ។ ចំណែកជនកំណាចជាប្តី មានឈ្មោះអឿន ខឿន អាយុ៣៥ឆ្នាំ។ ប្តីប្រពន្ធខាងលើមានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នាងនិងប្តីនេះបានចាប់ដៃគ្នាជាប្តីប្រពន្ធជាច្រើនឆ្នាំមកហើយ ដោយបង្កើតបានកូនចំនួន៤នាក់ (ប្រុស៣ ស្រី១) ជាចំណងនិស្ស័យ។ កន្លងមក នាងនិងប្តីរស់នៅចុះសម្រុងនឹងគ្នាល្អណាស់ ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ មិនដឹងជាយ៉ាងម៉េច ប្តីនាងហាក់កើតរោគប្រចណ្ឌខ្លាំងតែម្តង និងថែមទាំងចោទប្រកាន់នាងថា បានលួចលាក់មានទំនាក់ទំនងសហាយស្មន់ជាមួយនឹងពូបង្កើតរបស់នាង ឈ្មោះវ៉ាន់ វិចិត្ត អាយុ៣៣ឆ្នាំ មានទីលំនៅភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ទៀតផង ហើយទោះជានាងព្យាយាមពន្យល់ប្រាប់ប្តីយ៉ាងណា ក៏គេមិនខ្ចីយកត្រចៀកស្តាប់នាងសោះ ដោយចេះតែរករឿងឈ្លោះប្រកែក វាយដំច្រំធាក់នាងឥតល្ហែ តែនាងមិនបានប្តឹងផ្តល់អ្វីនោះទេ ព្រោះនឹកអាណិតប្តី និងចង់ទុកពេលឱ្យប្តីបានកែប្រែខ្លួនផង ដឹងអីបែរជាប្តីខ្លាំងដៃលើសដើម។

ស្ត្រីរងគ្រោះ បន្តថា គាប់ជួនកាលពីប៉ុន្មានថ្ងៃមុននេះ ជំងឺខ្សោយបេះដូងរបស់នាងធ្វើទុក្ខ ទើបនាងត្រូវចេញទៅព្យាបាលជំងឺនៅពេទ្យ ឯក្រុងសិរីសោភ័ណ មិនបានមកដេកផ្ទះ១យប់ ស្រាប់តែប្តីនាងខឹងច្រឡោតយ៉ាងខ្លាំង ចោទថានាងលួចទៅដេកជាមួយប្រុសសហាយដែលជាពូបង្កើត លុះពេលនាងមកដល់ផ្ទះវិញ ស្រាប់តែឃើញប្តីកំណាចរបស់នាងចាប់មាន់ទា និងឆ្កែមួលកសម្លាប់ ចងព្យួររយីងរយោងពេញផ្ទះ។ លុះដល់យប់ឡើង ប្តីនេះបានមកកេះកៀវសុំនាងរួមរ័ក តែនាងបដិសេធ និងប្រាប់ថា នាងកំពុងមានជំងឺ ត្រូវផ្អាករឿងយប់ព្រលប់មួយរយៈសិន ដឹងអី ប្តីនាងខឹងច្រឡោតមិនបានស៊ីចំណីយប់ ក៏ស្ទុះមកទាត់ធាក់នាងរហូតដល់ធ្លាក់ឈាម និងថែមទាំងបានទាញកាំភ្លើងវែងច្នៃមួយដើម មកភ្ជង់គំរាមបាញ់សម្លាប់នាងទៀតផង ទើបធ្វើឱ្យនាងភ័យខ្លួន ខ្លាចប្តីសម្លាប់មែន ក៏រត់គេចខ្លួន ហើយរាយការណ៍ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះជាប្រពន្ធរួចមក នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងចាប់ខ្លួនបុរសជាប្តីខាងលើ ដើម្បីនាំយកមកសាកសួរ ប៉ុន្តែទំនងជាបុរសជាប្តីនោះដឹងខ្លួនមុន ក៏បានរត់គេចខ្លួនបាត់ លុះពេលសមត្ថកិច្ចឆែកឆេរនៅក្នុងផ្ទះ ក៏ស្រាប់តែប្រទះឃើញមានកាំភ្លើងជាច្រើនដើម រួមមាន កាំភ្លើងម៉ាកសេកាសេកាត់ស្វាយ ១ដើម ប្រើគ្រាប់អាកា៤៧ មាន១៤គ្រាប់ និងកាំភ្លើងខ្យល់ប្រើគ្រាប់កង់ ចំនួន៣ដើម និង១ដើម មិនទាន់ដំឡើងរួចសរុប៤ដើម លាក់ទុកនៅក្នុងផ្ទះ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងអាវុធទាំង៤ដើមខាងលើ យកមករក្សាទុក និងកំពុងតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរពាក់ព័ន្ធករណីប្រើហិង្សាគំរាមសម្លាប់ប្រពន្ធផង និងលាក់ទុកអាវុធខុសច្បាប់ផង និងមិនដឹងថា តើជនសង្ស័យលាក់ទុកអាវុធទាំងនោះ មានបំណងអ្វីនោះទេ៕

RELATED ARTICLES