Friday, March 29, 2024
Homeព័ត៌មានជាតិខំស្កាត់មកពីស្រុកឆ្ងាយ អារឈើភ្លាត់ស្នៀត មែកឈើធ្លាក់ត្រូវក្បាលស្លាប់

ខំស្កាត់មកពីស្រុកឆ្ងាយ អារឈើភ្លាត់ស្នៀត មែកឈើធ្លាក់ត្រូវក្បាលស្លាប់

ពោធិ៍សាត់ ៖ បុរសម្នាក់ស្កាត់ពីស្រុកឆ្ងាយ មកស្នាក់នៅដើម្បីប្រកបមុខរបរអារដើមឈើឱ្យគេ ភ្លាត់ស្នៀត ត្រូវមែកឈើបាក់ធ្លាក់ចំក្បាល ប្រកាច់ស្លាប់ក្នុងថ្លុកឈាមមួយរំពេចយ៉ាងរន្ធត់ ខណៈកំពុងធ្វើសកម្មភាពអារឈើនៅក្នុងព្រៃ។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ១០ព្រឹក កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅតំបន់ព្រៃភ្នំ ត្រង់ចំណុចណ្ហិត ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះរ៉េត សារុន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិអូរត្រែល ឃុំស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មកស្ទាក់នៅតំបន់ និងភូមិកើតហេតុខាងលើ។

ប្រភពព័ត៌មានដដែលបន្តថា បើតាមការរៀបរាប់របស់ប្រពន្ធ ក៏ដូចជាសាច់ញាតិជនរងគ្រោះបានលើកឡើងស្រដៀងៗគ្នាថា មុនពេលកើតហេតុ ជនរងគ្រោះនិងគ្នីគ្នាបាននាំគ្នាអារដើមរាជកុលមួយដើមធំ។ នៅពេលអារវាដាច់នោះ វាដួលរំលំដោយសន្សឹមៗ ព្រោះវាចង្អៀត ដោយមានដើមឈើដុះហ៊ុមព័ទ្ធជុំវិញ និងមានវល្លិរុំជុំជិតផងនោះ ខណៈនោះស្រាប់តែមានមែកឈើធំមួយមែក បាក់ដាច់ចេញពីដើមមកធ្លាក់ចំក្បាលជនរងគ្រោះ បណ្តាលឱ្យប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌មួយរំពេច។

ប្រភពព័ត៌មានដដែល បានបន្តទៀតថា ក្រោយពេលកើតហេតុ សពជនរងគ្រោះបានដឹកតាមរទេះគោ យកទៅតម្កល់ទុកនៅវត្តត្រពងពង្ស ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES